វិស័យអចលនទ្រព្យ

តើទីផ្សារលំនៅឋាននៅកម្ពុជា អាចមានភាពល្អប្រសើរ ឬយ៉ាប់យ៉ឺនយ៉ាងណានៅឆ្នាំ២០២៥?


ទីផ្សារលំនៅឋានប្រភេទបុរី ដែលមានការពេញនិយម និងរីកចម្រើនខ្លាំងនៅប៉ុន្មានឆ្នាំមុនការផ្ទុះការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្ហាញពីទំនោរធ្លាក់ចុះចរន្តទិញលក់ និងការអភិវឌ្ឍគម្រោងថ្មីៗជាបន្តបន្ទាប់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីសេដ្ឋកិច្ចពិភពលោករួមទាំងកម្ពុជា រងការរំខានពីវិបត្តិសកលនានា។ តើទីផ្សារផ្ទះល្វែងមានស្ថានភាពយ៉ាងណានៅក្នុងឆ្នាំ២០២៤ ហើយក្នុង២០២៥ នេះ អាចមានភាពប្រសើរដែរឬទេ?
វិស័យអចលនទ្រព្យ
ដោយ

លោក ស៊ា ឆៃលីន នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ឆៃលីន ស៊ា រៀលធី កត់សម្គាល់ឃើញថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅ សកម្មភាពទិញលក់លំនៅឋានប្រភេទផ្ទះល្វែងមានការថមថយជាងឆ្នាំមុន ខណៈការសាងសង់គម្រោងថ្មីៗ ក៏ពុំសូវសម្បូរដូចមុនដែរ។ ការធ្លាក់ចុះតម្រូវការទិញលក់ និងការអភិវឌ្ឍន៍គម្រោងថ្មីៗនៅក្នុងអនុវិស័យនេះ ត្រូវបានអ្នកជំនាញរូបនេះ អះអាងថា គឺដោយសារការធ្លាក់ចុះប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។ តែទោះជាយ៉ាងណាក៏ដោយអ្នកជំនាញរូបនេះជឿជាក់ថា ចរន្តទិញលក់ផ្ទះល្វែងនៅក្នុងឆ្នាំ២០២៥ នេះ អាចនឹងមានភាពប្រសើរជាងឆ្នាំមុន ដែលនឹងជួយគាំទ្រ និងជំរុញដោយគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានជាលក្ខណៈបុរីដែលមានតម្លៃក្រោម ឬស្មើ២១ម៉ឺនដុល្លាររហូតដល់ដំណាច់ឆ្នាំនេះ និងការផ្ទេរពីការបង់រំលស់ជាម្ចាស់បុរីមកបង់រំលស់ជាមួយធនាគារជំនួសវិញ។

​ដោយឡែកលោក សេង សុភ័ក្រ អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា កត់សម្គាល់ឃើញថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅ សកម្មភាពលក់ផ្ទះល្វែងរបស់អ្នកអភិវឌ្ឍន៍ទៅកាន់អ្នកទិញហាក់មានភាពយឺតយ៉ាវ ដោយសារមានអ្នកទិញផ្ទះពីបុរីមួយចំនួនបានដាក់លក់វិញក្នុងចំនួនច្រើន ហើយអ្នកមានតម្រូវការសម្រាប់ស្នាក់នៅបានទិញបន្តពីអ្នកលក់ទាំងនោះក្នុងតម្លៃទាប។ ជាមួយគ្នានេះ អ្នកជំនាញរូបនេះលើកឡើងថា នៅក្នុងឆ្នាំ២០២៥នេះ សកម្មភាពទិញផ្ទាល់ពីអ្នកអភិវឌ្ឍន៍សម្រាប់តម្រូវការស្នាក់នៅ និងធ្វើអាជីវកម្មនៅតែមានដដែល ប៉ុន្តែស្ថិតក្នុងលក្ខខណ្ឌតិចជាងការទិញបន្តពីអ្នកដែលមានតម្រូវលក់។

​សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងវិស័យសំណង់នេះដែរ នៅក្នុងឆ្នាំ២០២៤ កន្លងទៅ កម្ពុជា បាននាំចូលដែក និងដែកថែប ក្នុងទំហំទឹកប្រាក់៦៣១លានដុល្លារ កើនឡើងជិត៧០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ការកើនឡើងនៃការនាំចូលនេះ ត្រូវបានអ្នកជំនាញក្នុងវិស័យសំណង់លើកឡើងថា វាជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យសំណង់កម្ពុជា ខណៈគម្រោងនៅតំបន់អភិវឌ្ឍន៍ក្នុងរាជធានីភ្នំពេញ និងគម្រោងខុនដូចាប់ផ្ដើមមានសកម្មភាពឡើងវិញជាបណ្ដើរៗផងដែរ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


លោក ត្រាំ គ្រោងជួបពិភាក្សាជាមួយលោក ស៊ី ក្រោយបានដំឡើងពន្ធ១០%លើទំនិញចិន

មន្ត្រីសេតវិមានបានអះអាងថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ គ្រោងជួបពិភាក្សាជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនភីង នៅចុងសប្ដាហ៍នេះ បន្…

តើការកើនឡើងចំនួនពលរដ្ឋខ្មែរចេញធ្វើដំណើរកម្សាន្តនៅក្រៅប្រទេស បានឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃសេដ្ឋកិច្ចឬយ៉ាងណា?

ប្រជាជនកម្ពុជា ជាង១លាន៨សែននាក់ បានធ្វើដំណើរចេញទៅកម្សាន្តនៅក្រៅប្រទេសនៅឆ្នាំមុន មានការកើនឡើង១,៤% បើធៀបនឹងឆ្នាំ២០២៣ ហើយការកើនឡើងនេះ អាច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ