
លោកបណ្ឌិត ហុង វណ្ណៈ អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា ចំនួនភ្ញៀវទេសចរក្នុងស្រុកចេញទៅកម្សាន្តនៅក្រៅប្រទេសមានការប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ វាអាស្រ័យលើតម្រូវការ និងស្ថានភាពសេដ្ឋកិច្ចរបស់ពួកគេ។ បើតាមការយល់ឃើញរបស់អ្នកជំនាញរូបនេះ កំណើនចំនួនពលរដ្ឋកម្ពុជាចេញទៅកម្សាន្តនៅក្រៅប្រទេសកាលពីឆ្នាំមុន អាចដោយសារភាពល្អប្រសើរនៃការប្រកបអាជីវកម្ម និងសេដ្ឋកិច្ចរបស់ពួកគេ។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ការធ្វើដំណើររបស់ពលរដ្ឋកម្ពុជា ទៅក្រៅប្រទេសអាចធ្វើឡើងក្រោមរូបភាពទៅបំពេញការសិក្សា ព្យាបាលសុខភាព ធ្វើដំណើរកម្សាន្ត និងទៅជួបជុំសាច់ញាតិជាដើម។
ជាមួយគ្នានេះប្រធានសមាគមទេចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា លោក ធួន ស៊ីណាន យល់ឃើញថា កំណើនពលរដ្ឋកម្ពុជាធ្វើដំណើរចេញទៅខាងក្រៅនេះមានទាំងគុណវិបត្តិ និងគុណសម្បត្តិ។ ត្រង់ចំណុចនេះលោកបានបញ្ជាក់ថា គុណសម្បត្តិគឺពលរដ្ឋអាចសិក្សាពីរបៀបរបបរស់នៅ និងការប្រកបមុខរបររបស់ពលរដ្ឋនៅតាមបណ្តាប្រទេសទាំងនោះ សម្រាប់យកមកធ្វើជាបទពិសោធន៍ ក៏ដូចជាអភិវឌ្ឍន៍អាជីវកម្មរបស់ពួកគេ។ ចំណែកគុណវិបត្តិ គឺកម្ពុជា បានខាតបង់ផែ្នកសេដ្ឋកិច្ច តាមរយៈពលរដ្ឋយកលុយចេញពីប្រទេសកម្ពុជា ទៅចាក់បញ្ចូលក្នុងសេដ្ឋកិច្ចរបស់បណ្តាប្រទេសទាំងនោះ។ យ៉ាងណាមិញអ្នកជំនាញរូបនេះលើកទឹកចិត្តដល់ប្រជាជនកម្ពុជា ជួយចំណាយថវិកានៅក្នុងស្រុកជាជាងយកទៅចំណាយនៅក្រៅស្រុក ស្របពេលដែលសេដ្ឋកិច្ចកម្ពុជា មិនទាន់មានភាពល្អប្រសើរនៅឡើយទេ។
បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅពេញមួយឆ្នាំ២០២៤ កន្លងទៅ មានពលរដ្ឋកម្ពុជា ជាង១លាន៨សែននាក់ បានធ្វើដំណើរចេញទៅក្រៅប្រទេស មានការកើនឡើង១,៤% បើធៀបនឹងឆ្នាំ២០២៣។ ហើយនៅក្នុងរយៈពេលដូចគ្នានេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង៦លាន៧សែននាក់ មានការកើនឡើងជិត២៣% បើធៀបនឹងឆ្នាំ២០២៣ និងកើនឡើង១,៤% បើធៀបនឹងឆ្នាំ២០១៩ ជាពេលដែលមិនទាន់ផ្ទុះវិបត្តកូវីដ-១៩។ តាមរយៈភ្ញៀវទេសចរបរទេសនេះ កម្ពុជា អាចរកចំណូលបានជាង៣ពាន់៦៣០លានដុល្លារអាម៉េរិក៕
អត្ថបទដោយ៖ ជា ម៉ារ៉ា