ការប្រកាសលាលែងពីតំណែងភ្លាមៗរបស់លោកស្រី ខារ៉ូលីន ឡេវីត អ្នកនាំពាក្យសតវិមានបានបង្កឱ្យមានចលាចលក្នុងរង្វង់អ្នកនយោបាយនៅសហរដ្ឋអាម៉េរិក។ ស្ថិតក្នុងវ័យ២៨ឆ្នាំលោកស្រី ខារ៉ូលីន មិនត្រឹមតែជាអ្នកនាំពាក្យសេតវិមានដែលក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្ត្រអាម៉េរិកប៉ុណ្ណោះទេ ប៉ុន្តែលោកស្រីត្រូវបានគេស្គាល់យ៉ាងច្បាស់តាមរយៈរចនាបថតតាំងមតិយ៉ាង តឹងសរសៃក និងភាពមោះមុតស្ទើរមិនគួរឱ្យជឿក្នុងការការពារលោក ត្រាំ នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន។
ប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមដោយសម្តែងការសោកស្តាយ និងកោតសរសើរមិនដាច់ពីមាត់ចំពោះជំនួយការដែលលោកទុកចិត្តបំផុតរូបនេះ ដោយបញ្ជាក់ថា ការចាកចេញរបស់ លោកស្រី គឺដើម្បីមានពេលវេលាថែទាំគ្រួសារ និងកូនៗ។ ទោះជាយ៉ាងណា អ្នកវិភាគមើលឃើញថា ការផ្លាស់ប្តូរតំណែងនេះកើតឡើងចំពេល ដែលស្ថានការណ៍នយោបាយកំពុងឡើងកម្ដៅខ្លាំង ខណៈប្រជាប្រិយភាពរបស់លោក ត្រាំ នៅក្នុងការស្ទង់មតិមានការប្រែប្រួល ហើយគណបក្សសាធារណរដ្ឋកំពុងប្រឈមមុខនឹងការប្រកួតប្រជែងយ៉ាងស្រួចស្រាល់សម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកា ខាងមុខ។
លោកស្រី ខារ៉ូលីន បានអរគុណលោក ត្រាំ ដែលបានផ្តល់ទំនុកចិត្តឱ្យលោកស្រីធ្វើជាសំឡេងតំណាងសេតវិមាន។ លោកស្រីបានគូសបញ្ជាក់ដោយមោទនភាពថា លោកស្រី ពិតជារីករាយដែលបានបំពេញបេសកកម្មទាមទារការទទួលខុសត្រូវពីប្រព័ន្ធផ្សព្វផ្សាយសេរី និងបានពាំនាំការពិតអំពីសមិទ្ធផលរបស់លោក ត្រាំ ទៅកាន់ប្រជាជនអាម៉េរិក។
តាមពិតទៅលោកស្រី ខារ៉ូលីន ជាមន្ត្រីដ៏ស្មោះស្ម័គ្ររបស់លោក ត្រាំ តាំងពីអាណត្តិទី១ម្ល៉េះ ហើយបន្ទាប់ពីបរាជ័យក្នុងការឈរឈ្មោះបោះឆ្នោតសភាតំណាងរាស្ត្រនៅរដ្ឋ New Hampshire កាលពីឆ្នាំ២០២២ លោកស្រី បានសាងប្រជាប្រិយភាពយ៉ាងខ្លាំងឡើងវិញ តាមរយៈការតតាំងមតិយ៉ាងប៉ិនប្រសប់តាមកញ្ចក់ទូរទស្សន៍ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០២៤ រហូតទទួលបានសេចក្តីទុកចិត្តយ៉ាងពេញទំហឹងពីលោក ត្រាំ រហូតមកដល់បច្ចុប្បន្ន៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស