នៅក្នុងលិខិតជាភាសាអង់គ្លេស ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ដែលគេឃើញចុះផ្សាយដោយសារសារព័ត៌មាន Fresh News សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា "ខ្ញុំសូមគូសបញ្ជាក់ថា រាជរដ្ឋាភិបាលរបស់ខ្ញុំបានប្ដេជ្ញាចិត្តយ៉ាងពេញលេញ ក្នុងការធ្វើការងារជាមួយរដ្ឋបាលរបស់ឯកឧត្ដម ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ។"
នៅក្នុងលិខិតដដែល សម្ដេចតេជោ ហ៊ុន សែន ក៏បានសរសេរផងដែរថា រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា"តែងតែផ្ដល់សារៈសំខាន់យ៉ាងធំធេងដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ដែលនៅឆ្នាំនេះ យើងកំពុងប្រារព្ធខួបលើកទី៧០ ។"
សម្ដេចតេជោ ក៏នៅបានសរសេរបន្តទៀតថា សម្ដេចមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃដិន សហរដ្ឋអាមេរិកនឹងបន្តរីកចម្រើនទៅមុខ និងរួមចំណែកនាំឲ្យពិភពលោកមានស្ថិរភាពនិងវិបុលភាព កាន់តែល្អប្រសើរថែមទៀត ។
គួររំឭកថា លោក ចូ បៃដិន បានឈ្នះការបោះឆ្នោតប្រធានាធិបតីនៅសហរដ្ឋអាមេរិក និងគ្រោងនឹងត្រូវប្រកាសជាប្រធានាធិបតីផ្លូវការរបស់សហរដ្ឋអាមេរិក នៅខែមករា ឆ្នាំ២០២១ ខាងមុខនេះ ៕