ពិធីបុណ្យភ្ជុំបិណ្ឌ-ការធ្វើដំណើរ

នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំឲ្យរៀបចំឡានដឹកជញ្ជូនពលរដ្ឋ និងទទូចឲ្យម្ចាស់ឡានឈ្នួលកុំដំឡើងថ្លៃពេលភ្ជុំបិណ្ឌ


ក្រោយខកខានអស់រយៈពេលពីរឆ្នាំ ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាតាមរយៈសារសំឡេងពិសេស បានណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តត្រៀមដឹកជញ្ចូនប្រជាពលរដ្ឋទៅខេត្តនានាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។
រដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តត្រៀមដឹកជញ្ចូនប្រជាពលរដ្ឋទៅខេត្តនានាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។

ការណែនាំធ្វើឡើងក្នុងគោលបំណង ដើម្បីជួយសម្រួលការចំណាយរបស់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី និងចូលរួមកាត់បន្ថយកុំឲ្យមានការដំឡើងថ្លៃឈ្នួលរថយន្ត។ ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលបន្តទទូចឲ្យម្ចាស់រថយន្តឈ្នូលទាំងអស់កុំដំឡើងថ្លៃឈ្នួលក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌឆ្នាំនេះផងដែរ។

តាមរយៈសារជាសំឡេងជាង១០នាទីនៅព្រឹកថ្ងៃទី១២ កញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញពិនិត្យលទ្ធភាពរៀបចំរថយន្តក្រុង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនីទៅកាន់ខេត្តនានាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ បន្ទាប់ពីខកខានរៀបចំដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នៅពីរឆ្នាំចុងក្រោយនេះ។ បើតាមការគូសបញ្ជាក់របស់សម្តេចតេជោ ការរៀបចំរថយន្តត្រូវធ្វើឡើងឲ្យដូចមុនពេលមិនទាន់ជំងឺកូវីដ-១៩ ក្នុងគោលបំណងជួយសម្រួលការធ្វើដំណើរ និងចំណាយរបស់ប្រជាពលរដ្ឋ ក៏ដូចជាទប់ស្កាត់កុំឲ្យមានការដំឡើងថ្លៃរថយន្តឈ្នួល។ តែយ៉ាងណា សម្តេច បន្តទទូចឲ្យម្ចាស់រថយន្តឈ្នួលទាំងអស់កុំដំឡើងថ្លៃឈ្នួលរថយន្តក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។

ទន្ទឹមនឹងនេះសម្តេចតេជោ ហ៊ុន សែន បានបញ្ហាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយសម្រួលចរាចរណ៍ និងការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ក្នុងឱកាសបុណ្យប្រពៃណី ទំនៀមទម្លាប់ខ្មែរនេះផងដែរ។ បន្ថែមលើនេះ សម្តេចតេជោ បន្តក្រើនរំលឹកឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងការពារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ តាមរយៈការអនុវត្តវិធានការ ៣កុំ ៣ការងារឲ្យបានខ្ជាប់ខ្ជួនក្នុងអំឡុងពេលធ្វើដំណើរ និងទៅធ្វើបុណ្យនៅតាមនានាទូទាំងប្រទេស។ ជាពិសេសសម្តេចជំរុញឲ្យប្រជាពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងការងារជំងឺកូវីដ-១៩ ដូសជំរុញ និងដូសបង្គ្រប់ឲ្យបានគ្រប់ៗគ្នា។

បើតាមសម្តេចតេជោ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះសម្តេច ទំនងជាមិនមានវត្តមាននៅកម្ពុជានោះទេ ដោយសារសម្តេចត្រូវទៅបំពេញបេសកកម្មនៅក្រៅប្រទេស។ ក្នុងនោះនៅថ្ងៃទី២១ កញ្ញា សម្តេចនឹងចាកចេញពីភ្នំពេញទៅទីក្រុងញូវយ៉ក ដើម្បីចូលរួមថ្លែងសុន្ទរកថាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ។ បន្ទាប់មកសម្តេចទៅទស្សនកិច្ចនៅគុយបា ចន្លោះពីថ្ងៃទី២៣-២៥ កញ្ញា។ ចាកចេញពីគុយបា សម្តេចតេជោ នឹងធ្វើដំណើរទៅកាន់ទីក្រុងតូក្យូប្រទេសជប៉ុន ដើម្បីចូលរួមពិធីបុណ្យរបស់ឯកឧត្តម ហ្សិនហ្សូ អាមេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលត្រូវបានខ្មាន់កាំភ្លើងបាញសម្លាប់កាលពីដើមខែកក្កដា កន្លងទៅ៕




អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន៖ វេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ នឹងជំរុញកំណើនធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់

សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញពីអត្ថប្រយោជន៍ដ៏មានសារៈសំខាន់នៃវេទិកា«ភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២» ដោយសម្ដេចមានសុទិដ្ឋិ…

ធនាគារ អេស៊ីលីដា គ្រោងដាក់ឲ្យដំណើរការទូទាត់តាមកូដ QR ឆ្លងដែនជាមួយប្រទេសវៀតណាម និងឡាវនៅចុងឆ្នាំ២០២២

ក្រោយពីទទួលបានជោគជ័យលើការអនុវត្តការទូទាត់ឆ្លងដែនតាមកូដ QR ជាមួយប្រទេសថៃរួចមក ឥឡូវនេះ ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជខ្មែរឈានមុខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ