វិស័យធនាគារ

តើការឡើងថ្លៃប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាម៉េរិក នៅមួយរយៈចុងក្រោយ អាចជះឥទ្ធិពលយ៉ាងណាដល់សេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មរបស់កម្ពុជា?


តម្លៃប្រាក់រៀលរបស់កម្ពុជា បានហក់ឡើងថ្លៃជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ បើធៀបនឹងប្រាក់ដុល្លារអាម៉េរិក។ ជាក់ស្តែងបើតាមអត្រាប្តូរប្រាក់របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា តម្លៃប្រាក់ដុល្លារអាម៉េរិក បានធ្លាក់ចុះពី១ដុល្លារស្មើនឹង៤,០៤១រៀល កាលពីដើមសប្តាហ៍មុន មកនៅត្រឹម១ដុល្លារ ស្មើនឹង៤,០១៤រៀល នៅដើមសប្តាហ៍នេះ។ តើការឡើងថ្លៃប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាម៉េរិកនៅមួយរយៈចុងក្រោយ អាចជះឥទ្ធិពលយ៉ាងណាដល់សេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មរបស់កម្ពុជា?
វិស័យធនាគារ
ដោយ

តម្លៃប្រាក់រៀលបានហក់ឡើងថ្លៃជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ បើធៀបនឹងប្រាក់ដុល្លារអាម៉េរិក។ បើយោងតាមអត្រាប្តូរប្រាក់ប្រចាំថ្ងៃរបស់ធនាគារជាតិនៃកម្ពុជា លុយរៀលរបស់កម្ពុជា បានឡើងថ្លៃ០,០២៧រៀលក្នុង១ដុល្លារ ពោលគឺធ្លាប់ចំណាយ៤,០៤១រៀល អាចទិញបាន១ដុល្លារ កាលពីថ្ងៃចន្ទដើមសប្តាហ៍មុន មកនៅត្រឹម៤,០១៤រៀលក្នុង១ដុល្លារនៅថ្ងៃអង្គារ ដើមសប្តាហ៍នេះ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ចកម្មកម្ពុជា បានវាយតម្លៃថា ដោយសារចរន្តសេដ្ឋកិច្ចរបស់កម្ពុជា ជាង៧០% ត្រូវបានប្រើប្រាស់ជាប្រាក់ដុល្លារ ដូច្នេះការឡើងចុះនៃតម្លៃប្រាក់ដុល្លារនៅកម្ពុជា គឺមិនបានធ្វើឱ្យប៉ះពាល់ខ្លាំងទៅដល់ចរន្តសេដ្ឋកិច្ចកម្ពុជា នោះទេ។

តែទោះជាបែបនេះក្តី អ្នកជំនាញរូបនេះបញ្ជាក់ថា ការធ្លាក់ចុះប្រាក់ដុល្លារនាពេលបច្ចុប្បន្ននេះ វាអាចជះផលអវិជ្ជមានតិចតួចទៅដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ពិសេសទៅលើការនាំចេញផលិតកសិកម្ម ដោយសារការទិញកសិផលសម្រាប់ផលិត និងកែច្នៃសម្រាប់នាំចេញ គឺប្រើប្រាស់ជាប្រាក់រៀល ដែលជំរុញឱ្យថ្លៃដើមមានការកើនឡើង។

​ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អិចប្រេស បានគូសបញ្ជាក់ថា ការធ្លាក់ចុះតម្លៃប្រាក់ដុល្លារនាពេលបច្ចុប្បន្ននេះ គឺមិនបានជះឥទ្ធិពលណាមួយដល់ការធ្វើកិច្ចពាណិជ្ជកម្មរបស់កម្ពុជា នោះទេ។ អ្នកជំនាញរូបនេះ កត់សម្គាល់ឃើញថា តម្លៃប្រាក់រៀលរបស់កម្ពុជា តែងតែមានការកើនឡើងនៅអំឡុងពេលជិតបំណាច់ឆ្នាំ ពោលគឺជាពេលដែលក្រុមហ៊ុនសហគ្រាសទាំងអស់ត្រូវការប្រាក់រៀលដើម្បីយកទៅប្រើប្រាស់សម្រាប់បង់ពន្ធ។

​ជាមួយគ្នានេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ការឡើងថ្លៃប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាម៉េរិក គឺបានឆ្លុះបញ្ចាំងពីសន្ទុះវិជ្ជមាននៅក្នុងសេដ្ឋកិច្ចកម្ពុជា ជាពិសេសទាក់ទងនឹងស្ថិរភាពរូបិយវត្ថុ និងទំនុកចិត្តលើរូបិយប័ណ្ណក្នុងស្រុក ប៉ុន្តែការប្រែប្រួលនេះវាអាចជះផលប៉ះពាល់មួយចំនួនសម្រាប់ភ្ញៀវទេសចរបរទេស ដោយសារប្រាក់រៀលកាន់តែរឹងមាំអាចកាត់បន្ថយអំណាចទិញរបស់ភ្ញៀវទេសចរ ដែលកាន់ប្រាក់ដុល្លារ។

តែយ៉ាងណា លោកធួន ស៊ីណាន បានវាយតម្លៃថា បញ្ហាប្រែប្រួលនៃអត្រាប្តូរប្រាក់នេះមិនបានរាំងស្ទះដល់ការទាក់ទាញភ្ញៀវទេសចរដែលចង់ចូលមកកម្សាន្តនៅកម្ពុជានោះទេ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីវៀតណាម VinFast បន្ដខាតបង់សុទ្ធ ៥៥០ លានដុល្លារទៀត នៅត្រីមាសទី៣ ឆ្នាំ២០២៤

ក្រុមហ៊ុនផលិតផលរថយន្ដអគ្គិសនីវៀតណាម VinFast បន្ដខាតបង់សុទ្ធអស់ប្រមាណ ៥៥០លានដុល្លារទៀត នៅត្រីមាសទី ៣ឆ្នាំ២០២៤ ខណៈតម្លៃភាគហ៊ុនរបស់ក្រុមហ៊…

តើមានកត្តាអ្វីខ្លះធ្វើឱ្យក្រុមហ៊ុនដែលគ្រោងចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និងបណ្ណបំណុលនៅចុងឆ្នាំនេះ ពន្យារពេលចុះបញ្ជី?

មេផ្សារហ៊ុនកាលពីពេលកន្លងទៅធ្លាប់បានរំពឹងថា នៅចុងឆ្នាំ២០២៤នេះ ផ្សារមូលបត្រកម្ពុជានឹងទទួលបានក្រុមហ៊ុនចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និងបណ្ណបំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ