ការកើនឡើងនេះ ត្រូវបានថ្នាក់ដឹកនាំនាយកដ្ឋានកិច្ចការសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍អះអាងថា គឺដោយសារឆ្នាំនេះមានការអំណោយផលល្អពីអាកាសធាតុ។ តាមរយៈទិន្នផលនេះកម្ពុជាមិនចាំបាច់នាំចូលអំបិលពីក្រៅប្រទេសនោះទេ ពោលគឺអំបិលឆ្នាំនេះអាចផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុកគ្រប់គ្រាន់។ ថ្នាក់ដឹកនាំរូបនេះជឿជាក់ថា ទីផ្សារអំបិលកម្ពុជានឹងមានភាពល្អប្រសើរបន្ថែមមួយកម្រិតទៀត ប្រសិនបើផលិតផលនេះបានចុះបញ្ជី GI និងមានការនាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិ។
លោក ហួន សុរង្សី ប្រធាននាយកដ្ឋានកិច្ចការសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានគូសបញ្ជាក់ថា មកទល់ពេលនេះកសិករនៅខេត្តកែបនិងកំពតផលិតអំបិលបានជាង៨ម៉ឺនតោនហើយ សម្រាប់បំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋជាលក្ខណៈគ្រួសារ និងឧស្សាហកម្ម។ តាមរយៈទិន្នផលដែលផលិតបាននៅឆ្នាំនេះបូកផ្សំនឹងបរិមាណអំបិលដែលមាននៅក្នុងស្តុក ថ្នាក់ដឹកនាំរូបនេះវាយតម្លៃថា នៅឆ្នាំនេះកម្ពុជាមានបរិមាណអំបិលគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក ដោយមិនចាំបាច់នាំចូលពីបរទេស។ បរិមាណដែលផលិតបាននៅឆ្នាំនេះមានការកើនឡើងជាង១០០% បើធៀបនឹងទិន្នផលដែលផលិតបានកាលពីឆ្នាំ២០២២ ដែលមានត្រឹមតែប្រមាណ៣ម៉ឺនតោន។ នេះបើតាមការគូសបញ្ជាក់របស់លោក ហួន សុរង្សី ដែលបានបន្ថែមថា ការកើនឡើងទិន្នផលអំបិលនេះ គឺដោយសារឆ្នាំនេះមានការអំណោយផលល្អពីអាកាសធាតុ។
ទន្ទឹមនឹងផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក អំបិលកម្ពុជាដែលជាអំបិលធម្មជាតិ១០០% កំពុងសម្លឺងឱកាសក្នុងការហក់ចូលទីផ្សារអន្តរជាតិ និងចុះបញ្ជីជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ(GI)។ លោក ហួន សុរង្សី ជឿជាក់ថា ប្រសិនបើអំបិលកំពត កែប អាចចុះបញ្ជី GI និងនាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិ វានឹងធ្វើឲ្យទីផ្សារអំបិលកម្ពុជានឹងមានកើនឡើងមួយកម្រិតទៀត ហើយវាក៏នឹងជួយជំរុញផលិតកម្មអំបិលផងដែរ។
បើតាមការលើកឡើងរបស់អ្នកជំនាញសុខភាព អំបិលដែលផលិតដោយកសិករនៅខេត្តកែប និងខេត្តកំពតជាអំបិលធម្មជាតិ១០០% ដែលមានអត្ថប្រយោជន៍ខ្ពស់សម្រាប់សុខភាពរបស់អ្នកបរិភោគ ខុសពីអំបិលនាំចូលពីក្រៅប្រទេស ដែលភាគច្រើនជាអំបិលរ៉ែ ដែលនាំឲ្យប៉ះពាល់ដល់សុខភាព និងអាចបង្កជំងឺដល់អ្នកប្រើប្រាស់។ ដូច្នេះប្រជាពលរដ្ឋកម្ពុជាគួរងាកមកប្រើប្រាស់អំបិលផលិតដោយកសិករខ្មែរ និងកាត់បន្ថយការប្រើប្រាស់អំបិលនាំចូលពីបរទេស ដែលសម្បូរដោយសារធាតុរ៉ែ។
គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានផ្ទៃដីផលិតអំបិលសរុបចំនួន៤ពាន់៥៧៧ហិកតា ដែលអាចផលិតអំបិលបានជាង៩ម៉ឺនតោនក្នុង១ឆ្នាំ ប្រសិនបើផលិតពេញសមត្ថភាព និងអាកាសអំណោយផល។ កម្ពុជាមានតម្រូវការប្រើប្រាស់អំបិលចន្លោះពី៩ម៉ឺនទៅ១០ម៉ឺនតោនក្នុង១ឆ្នាំ ខណៈកាលពីឆ្នាំ២០២២ កម្ពុជាផលិតអំបិលបានតែជាង៣ម៉ឺន២ពាន់តោនប៉ុណ្ណោះ ដែលបង្ខំឲ្យកម្ពុជាត្រូវនាំចូលអំបិលធម្មជាតិពីប្រទេសឥណ្ឌាចំនួន១ម៉ឺន៦ពាន់តោន ដើម្បីបម្រុងទុក និងបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក៕