អំបិលកម្ពុជា

តើអំបិលកម្ពុជាត្រូវកែប្រែអ្វីខ្លះ ដើម្បីអាចហក់ចូលទីផ្សារអន្តរជាតិ ក្រោយចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រ «GI»?


មន្ត្រីជាន់ខ្ពស់នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអ្នកជំនាញរំពឹងថា អំបិលកម្ពុជា ដែលជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ«GI» នឹងទទួលបានការបញ្ជាទិញកាន់តែច្រើនពីទីផ្សារអន្តរជាតិនៅឆ្នាំនេះ។
អំបិលកម្ពុជា
ដោយ

ដើម្បីអាចឆ្លើយតបនឹងតម្រូវការរបស់ទីផ្សារអន្តរជាតិ មន្ត្រី និងអ្នកជំនាញស្នើឱ្យផលិតអំបិលនៅខេត្តកែប និងខេត្តកំពតទាំងអស់ កែប្រែបច្ចេកទេសនៃការផលិតរបស់ខ្លួន ដ្បិតបច្ចុប្បន្នការផលិតអំបិលរបស់កសិករនៅពុំទាន់ស្របតាមស្តង់ដារនាំចេញនៅឡើយទេ ពោលគឺការផលិតភាគច្រើននៅធ្វើតាមបែបប្រពៃណី។ តើអំបិលកម្ពុជាត្រូវកែប្រែចំណុចអ្វីខ្លះ ដើម្បីអាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ និងអាចហក់ចូលទីផ្សារអន្តរជាតិ?

ឧកញ៉ា ចាន់ ស៊ីថា ម្ចាស់សហគ្រាសផលិតទឹកត្រី អ៊ីឆេ ង៉ូវហេង និងជាអ្នកផលិតអំបិលមួយរូប នៅខេត្តកំពតជឿជាក់ថា នៅក្នុងឆ្នាំ២០២៤នេះ កសិករទំនងជាអាចផលិតអំបិលបានច្រើនជាងឆ្នាំមុខ ប្រសិន​បើពុំមានភ្លៀងកក់ខែទេនោះ។ ហើយតម្លៃអំបិលទៀតសោតក៏អាចនឹងមានការកើនឡើងផងដែរ បន្ទាប់អំបិលកម្ពុជាបានចុះបញ្ជីជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ(GI)កាលពីឆ្នាំ២០២៣ កន្លងទៅ។

យ៉ាងណាមិញ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា បច្ចេកទេសនៃផលិត និងការពិនិត្យគុណភាពអំបិលនៅតែជាបញ្ហាប្រឈមសម្រាប់អ្នកផលិតអំបិលនៅកម្ពុជា ដែលមានទាមទារឱ្យមានការជួយបណ្តុះបណ្តាល និងបង្កើតកន្លែងពិសោធន៍ឱ្យបានត្រឹមត្រូវ ដើម្បីអាចប្រកួតប្រជែង និងឈានដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

​ពាក់ព័ន្ធនឹងការផលិតអំបិលនេះ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានគូសបញ្ជាក់ថា ការផលិតអំបិលបច្ចុប្បន្នមានបញ្ហាប្រឈមមួយចំនួន ដូចជាឯកសារដីស្រែអំបិលមិនទាន់មានភាពច្បាស់លាស់ និងមិនទាន់មានដៃគូអភិវឌ្ឍន៍ ព្រមទាំងកង្វះខាតកម្លាំងពលកម្ម ខណៈការផលិតនៅធ្វើតាមបែបប្រពៃណីនៅឡើយ ដែលពុំទាន់មានកម្រិតស្តង់ដារត្រឹមត្រូវ។

តែយ៉ាងណាអ្នកនាំពាក្យរូបនេះអះអាងថា ក្រសួង និងអ្នកពាក់ព័ន្ធ កំពុងយកចិត្តទុកដាក់ ដើម្បីដោះស្រាយបញ្ហាទាំងនេះឱ្យបានរួចរាល់នាពេលខាងមុខ ដ្បិតអំបិល គឺជាមុខទំនិញយុទ្ធសាស្រ្តដ៏សំខាន់មួយរបស់កម្ពុជា។ ទន្ទឹមនេះ ឯកឧត្តម ជឿជាក់ថា អំបិលកម្ពុជានឹងមានឱកាសកាន់តែល្អសម្រាប់ចូលក្នុងទីផ្សារអឺរ៉ុបនាពេលខាងមុខ។

​បើយោងតាមទិន្នន័យពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងឆ្នាំ២០២៣ កន្លងទៅ កម្ពុជាផលិតអំបិលបានជាង៧ម៉ឺន៩ពាន់តោន និងនៅសល់បន្ទាប់ពីការប្រើប្រាស់រួចចំនួនជាង១ម៉ឺន៧ពាន់តោន។ គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣ កម្ពុជាពុំបាននាំចូលអំបិលពីក្រៅប្រទេស សម្រាប់ត្រៀមផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុកនោះទេ ខណៈកាលពីឆ្នាំ២០២២ កម្ពុជាបាននាំចូលអំបិលមួយចំនួន ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ក្នុងស្រុក ដោយសារតែកត្តាអាកាសធាតុបានធ្វើឱ្យទិន្នផលអំបិលមានការថយចុះ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃជ្រូករស់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន ហាក់ផ្ទុយពីការរំពឹងទុករបស់សមាគមអ្នកចិញ្ចឹមសត្វ

ព័ត៌មាន
ការរំពឹងតម្លៃជ្រូករស់ហក់ឡើងថ្លៃក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់សមាអ្នកចិញ្ចឹមសត្វកម្ពុជា ទំនងជាអាចខកបំណង ដ្បិតថា មកទល់ពេលនេះត…

ហេតុអ្វីប្លុកប្រទេស BRICS មានផែនការបង្កើតទីភ្នាក់ងារវាយតម្លៃឥណទានអន្តរជាតិដូចគ្នាទៅនឹងទីភ្នាក់ងារវាយតម្លៃឥណទានរបស់អាម៉េរិក?

ព័ត៌មាន
ប្លុកប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ខ្លាំង ហៅកាត់ថា BRICS ដែលមានសមាជិកស្ថាបនិកចំនួន៥រួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ