ការបង្ហាញជំហររបស់សម្ដេច ហ៊ុន សែន បែបនេះក្នុងគោលបំណងជំរុញនិងពង្រីកទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឲ្យកាន់តែខ្លាំងក្លាថែមទៀត ខណៈទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម នៅឆ្នាំ២០២១ មានទំហំរហូតជាង ៩ពាន់លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់ពីសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ថ្លែងនៅចំពោះមុខនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ នាឱកាសអញ្ជើញចូលរួមប្រារព្ធពិធីអបអរសាទរខួបទី ៤៥ឆ្នាំ ដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅខេត្តត្បូងឃ្មុំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សម្ដេចបានចុះហត្ថលេខា ដើម្បីរក្សាទុកដីប្រមាណជាង១ពាន់ហិកតា នៅតំបន់ព្រំប្រទល់រវាងប្រទេសកម្ពុជា និងវៀតណាម ដើម្បីប្រែក្លាយតំបន់នេះ ឲ្យទៅជាតំបន់សេដ្ឋកិច្ចពិសេស និងជាកន្លែងដ៏មានសារៈសំខាន់សម្រាប់ដោះដូរទំនិញរបស់ប្រទេសទាំងពីរ នាពេលអនាគត។
លើសពីនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានណែនាំដល់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់ផ្តើមកែលម្អនូវផ្លូវជាតិ និងផ្លូវសំខាន់ៗ នៅតំបន់ខាងលើជាបណ្ដើរៗ ដើម្បីងាយស្រួលដល់ក្រុមវិនិយោគិនដែលមានបំណងទៅវិនិយោគនៅតំបន់ព្រំដែនកម្ពុជា-វៀតណានោះផងដែរ។ សម្ដេចបន្តថា គោលបំណងនៃការកែប្រែតំបន់នេះ ក៏ព្រោះតែសម្ដេចចង់កែប្រែតំបន់ព្រំដែនកម្ពុជា-វៀតណាម ទៅជាតំបន់សន្តិភាព ព្រំដែនមិត្តភាព ព្រំដែនសហប្រតិបត្តិការ និងការអភិវឌ្ឍ ថែមទាំងដើម្បីបង្កើននូវទំនាក់ទំនងការទូត និងបង្កើនទំហំពាណិជ្ជកម្ម។ បើតាមសម្ដេចតេជោ ហ៊ុន សែន ដ្បិតថា បច្ចុប្បន្ន មានការរីករាលដាលនៃជំងឺកូវីដ១៩ តែនៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្ម រវាងកម្ពុជា-វៀតណាម សម្រេចបានរហូតជាង ៩ពាន់លានដុល្លារអាមេរិក។ ជាមួយគ្នានោះ សម្ដេចបានបង្ហាញនូវក្ដីរំពឹងយ៉ាងមុតមាំដែរថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម នឹងអាចសម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ ១០ពាន់លានដុល្លារ នៅឆ្នាំ២០២២នេះ។
ឆ្លៀតនាឱកាសនោះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានស្នើទៅនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ សម្រួលការធ្វើដំណើរចេញ-ចូល ទៅវិញទៅមករបស់ប្រជាជនកម្ពុជា និងប្រជាជនវៀតណាម ដោយមិនចាំបាច់ប្រើប្រាស់នូវលិខិតឆ្លងដែន ក្នុងគោលបំណង បង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំងពីរ។ សម្ដេចបន្តថា ការលើកឡើងរបស់បែបនេះ ក្នុងគោលបំណងពង្រឹងទំនាក់ទងទ្វេភាគី ក៏ដូចជា ជំរុញនិងពង្រីកទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើន ខណៈនៅរយៈពេល ៥ខែ ក្នុងឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបានទំហំជាង ៥ពាន់ដុល្លារហើយ។ នេះបើតាមការបញ្ជាក់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕