ករណីឆបោក

ថៃត្រូវបានរបាយការណ៍មួយអះអាងថា ជាទឹកដីមានករណីឆបោកតាមទូរសព្ទខ្ពស់ជាងគេនៅអាស៊ី


របាយការណ៍ស្ដីពីការឆបោកនៅអាស៊ីប្រចាំឆ្នាំ២០២៣ បានគូសបញ្ជាក់ថា តំបន់អាស៊ី ជាចំណុចផ្តោតដ៏សំខាន់មួយសម្រាប់ឧក្រិដ្ឋជន ដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI សម្រាប់ការក្លែងបន្លំអត្តសញ្ញាណ និងប្រព្រឹត្តអំពើឆបោកតាមទូរសព្ទនៅក្រៅប្រទេស ហើយក្នុងនោះប្រទេសថៃត្រូវបានគេអះអាងថា ជាគោលដៅនៃករណីឆបោកតាមទូរសព្ទខ្ពស់ជាងគេ។ តួលេខនៃសកម្មភាពទុច្ចរិតនេះ នៅប្រទេសថៃមានរហូតដល់ទៅ៨៨% បន្ទាប់មកម៉ាឡេស៊ី ប្រមាណជា៨៣% ហុងកុង៨១% និងវៀតណាមប្រមាណជា៨០%។
ករណីឆបោក
ដោយ

Gogolook ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធី Whoscall ក្រុមហ៊ុន TrustTech រួមជាមួយអង្គការប្រឆាំងការឆបោកជាសកល (The Global Anti-Scam Alliance) បានរៀបចំកិច្ចប្រជុំកំពូលស្ដីពីការប្រឆាំងការឆបោកនៅអាស៊ី (ASAS) ជាលើកដំបូងមិនធ្លាប់មាននៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ជាកន្លែងដែលគេបញ្ចេញរបាយការណ៍ខាងលើនេះ។

របាយការណ៍នេះអះអាងថា ពលរដ្ឋអាស៊ី ភាគច្រើនមានការជឿជាក់ជ្រុលថា ខ្លួនមានសមត្ថភាពទប់ទល់អំពើឆបោកតាមអ៊ីនធឺណិត ខណៈដែលជនឆបោកបានចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដើម្បីធ្វើឱ្យការឆបោកកាន់តែមានភាពស្មុគស្មាញ និងពិបាកចាប់។

ប្រភពដដែលបានសង្កត់ធ្ងន់ថា ពលរដ្ឋថៃទំនងជាត្រូវបានឆបោកតាមទូរស័ព្ទច្រើនជាងគេនៅអាស៊ី ដែលភាគច្រើនធ្វើឡើងតាមរយៈបណ្តាញសង្គម រួមមាន Facebook, LINE និងអ៊ីមែល ខណៈដែលមនុស្សជាងពាក់កណ្តាលនៃទ្វីបនេះប្រឈមការជួបប្រទះនឹងជនឆបោកយ៉ាងតិចម្តងក្នុងមួយសប្តាហ៍។

របាយការណ៍ដដែលបង្ហាញថា អាស៊ីកំពុងក្លាយជាគោលដៅដ៏សំខាន់សម្រាប់ឧក្រិដ្ឋជនដែលទំនងជាប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីប្រព្រឹត្តការឆបោកកាន់តែលឿន និងកាន់តែងាយស្រួលនៅពេលប្រតិបត្តិការនៅបរទេស ដែលពិបាកនឹងស្វែងរក និងតាមចាប់ខ្លួន។

ដើម្បីដោះស្រាយបញ្ហានេះ កិច្ចប្រជុំនៅកោះតៃវ៉ាន់ខាងលើនេះបានជំរុញឱ្យគ្រប់ប្រទេសលើកកម្ពស់ការផ្លាស់ប្តូរព័ត៌មាន និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់រវាងភាគីពាក់ព័ន្ធ ដើម្បីកំណត់អត្តសញ្ញាណ និងទប់ស្កាត់ឧក្រិដ្ឋជនឱ្យបានទាន់ពេល។

របាយការណ៍ស្ដីពីការឆបោកនៅអាស៊ីប្រចាំឆ្នាំ២០២៣ បានបង្ហាញថា ជាង៥០% នៃអ្នកដែលត្រូវបានស្ទង់មតិចំនួន២ម៉ឺននាក់ក្នុង១១ប្រទេសនៅអាស៊ីអះអាងថា ពួកគេបានជួបប្រទះនឹងជនឆបោកយ៉ាងតិចម្តងក្នុងមួយសប្តាហ៍ តាមរយៈការទំនាក់ទំនងតាមទូរសព្ទ និងសារ SMS ជាបណ្តាញដ៏សំខាន់ ដែលជនឆបោកប្រើដើម្បីទំនាក់ទំនងជាមួយជនរងគ្រោះ។

របាយការណ៍បានអះអាងថា ពលរដ្ឋក្នុងប្រទេសថៃទំនងជាត្រូវបានឆបោកតាមទូរសព្ទ៨៨% បន្ទាប់មកម៉ាឡេស៊ីប្រមាណ៨៣% ហុងកុង៨១% និងវៀតណាមប្រមាណជា៨០%។

ឧត្ដមសេនីយឯក ថាត់ឆៃ ភីថានីឡាបុត (Thatchai Pitaneelaboot) ជំនួយការស្នងការប៉ូលិសថៃ បានអះអាងថា ការឆបោកតាមអ៊ីនធឺណិតកើតឡើងញឹកញាប់បំផុតនៅក្នុងប្រទេសថៃ ហើយទឹកប្រាក់ដែលពលរដ្ឋថៃ បានខាតបង់ក៏មានចំនួនច្រើនដែរ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សមួយនៅវៀតណាម ជាប់បណ្ដឹងឡើងតុលាការពីបទឆបោកលុយជាង១២ពាន់៥រយលានដុល្លារ

ព័ត៌មាន
ប្រធានក្រុមហ៊ុន វ៉ាន់ ធិញ ហ្វាត់ (Van Thinh Phat) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាត យក្សនៅប្រទេសវៀតណាម នឹងត្រូវឡើងសវនាការជំនុំជម្…

តើមហាយក្សចិនអាចស្តារសេដ្ឋកិច្ចរបស់ខ្លួនឱ្យងើបឡើងវិញបានដែរទេនៅឆ្នាំ២០២៤?

ព័ត៌មាន
ការស្ទុះងើបឡើងវិញគួរឱ្យខកចិត្ត នៃសេដ្ឋកិច្ចរបស់មហាយក្សចិន ក្រោយវិបត្តិកូវីដ-១៩ បានធ្វើឱ្យមានមន្ទិលកាន់តែខ្លាំងឡើងចំពោះមូលដ្ឋានគ្រឹះ នៃកំណើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ