វិស័យកសិកម្ម

តើមានកត្តាអ្វីជំរុញឱ្យការនាំចេញកសិផលរបស់កម្ពុជា កើនឡើងខ្ពស់ជាង៥៧% នៅឆមាសទី១ឆ្នាំនេះ?


ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ បន្ថែមលើការនាំចេញទំនិញផ្សេងៗទៀត។ យ៉ាងណាមិញនៅឆមាសទី១ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានជាង៦លាន១សែនតោន កើនឡើងជាង៥៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការបញ្ជាក់របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
វិស័យកសិកម្ម
ដោយ

លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា កម្ពុជាមិនត្រឹមតែអាចធានាសន្តិសុខស្បៀងសម្រាប់ប្រជាជនទូទាំងប្រទេសប៉ុណ្ណោះទេ ថែមទាំងអាចផលិតកសិផលច្រើនជាងតម្រូវការក្នុងស្រុកសម្រាប់នាំចេញផងដែរ។

ជាក់ស្តែងនៅក្នុងឆមាសទី១ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិបានជាង៦លាន១សែនតោន មានការកើនឡើងជាង៥៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែជិត៤លានតោនប៉ុណ្ណោះ។

ក្នុងនោះកសិផលសំខាន់ៗ ដែលបានរួមចំណែកក្នុងការជំរុញការនាំចេញរបស់កម្ពុជារួមមានស្រូវ អង្ករ កៅស៊ូ ដំឡូងមី ផ្លែស្វាយស្រស់ ចេកស្រស់ មៀនស្រស់ ម្រេច គ្រាប់ស្វាយចន្ទី និងកសិផលផ្សេងៗទៀត។ យ៉ាងណាមិញ ប្រទេសដែលបាននាំចូលកសិផលសំខាន់ៗរបស់កម្ពុជា រួមមាន ប្រទេសវៀតណាម ថៃ ចិន និងកូរ៉េខាងត្បូង។

ជាមួយគ្នានេះ លោកជំទាវ អ៊ឹម រចនា បានអះអាងថា បើគិតតែត្រឹមរយៈពេល៥ខែដើមឆ្នាំ២០២៤នេះ ការនាំចេញកសិផលរបស់កម្ពុជា សម្រេចបានរហូតដល់ទៅ៥លាន៧សែនតោន កើនឡើងជាង៦៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាកំណើនមួយដ៏ខ្ពស់មិនធ្លាប់មានក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដែលបានរួមចំណែកយ៉ាងសំខាន់សម្រាប់ជួយជំរុញដល់កំណើនជីវភាពរបស់ប្រជាកសិករ និងសេដ្ឋកិច្ចជាតិ។

សម្រាប់មន្ត្រីជាន់ខ្ពស់រូបនេះ អាទិភាពរបស់ក្រសួងកសិកម្ម គឺធ្វើយ៉ាងណាឱ្យប្រជាកសិករ «មានហូប មានបាន មានប្រើ» ពោលគឺធ្វើយ៉ាងណាឱ្យការផលិតកសិផលអាចបម្រើដល់សន្តិសុខស្បៀង និងការប្រើប្រាស់ក្នុងស្រុកប្រកបដោយគុណភាព និងតម្លៃសមរម្យ ហើយអាចឱ្យប្រជាកសិករទទួលបានចំណូលច្រើនជាងមុន និងចំណេញច្រើនជាងមុន។ ជាក់ស្តែងក្រសួងកសិកម្មនិងភាគីពាក់ព័ន្ធកំពុងពិនិត្យ និងសិក្សាធ្វើយ៉ាងណាជួយកាត់បន្ថយថ្លៃដើមផលិតរបស់ប្រជាកសិករ។

​មិនខុសគ្នាពីលោកជំទាវ អ៊ឹម រចនា នោះទេ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានវាយតម្លៃថា ស្ថានភាពវិស័យកសិកម្មនៅកម្ពុជា ក្នុងឆមាសទី១ឆ្នាំ២០២៤នេះ នៅតែរក្សាបាននូវសម្ទុះវិជ្ជមាន ពិសេសការនាំចេញកសិផលគឺមានការកើនឡើងគួរឱ្យកត់សម្គាល់។

​សូមជម្រាបថា នៅពេញមួយក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជាបាននាំចេញកសិផលជាង៨លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយទទួលបានប្រាក់ចំណូលសរុបជិត៥ពាន់លានដុល្លារ៕

None



អត្ថបទបន្ទាប់


សិង្ហបុរី បើកឲ្យពលរដ្ឋខ្លួនអាចទទួលទានពពួកសត្វល្អិតចំនួន១៦ប្រភេទ

សិង្ហបុរី ដែលត្រូវបានគេទទួលស្គាល់ថា ជាប្រទេស និងជាទីក្រុងដែលមានចំណាយខ្ពស់បំផុត និងមានស្តង់ដាជីវភាពរស់នៅខ្ពស់ជាងគេលើពិភពលោក និងតំបន់ …

សម្ព័ន្ធយោធា NATO និងដៃគូគ្រោងធ្វើការរួមគ្នាលើកិច្ចការធំៗ៤ ដើម្បីទប់រុស្ស៊ី កូរ៉េខាងជើង និងចិន

អង្គការបក្សសម្ព័ន្ធយោធា NATO ដែលមានការិយាល័យកណ្ដាលនៅក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក និងប្រទេសដៃគូជាច្រើននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក រួមមាន ជប៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ