ទឹកឃ្មុំព្រៃមណ្ឌលគិរី ចុះម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ

«ទឹកឃ្មុំព្រៃមណ្ឌលគិរី» ត្រូវបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ខណៈទិន្នផល១ឆ្នាំមានជាង១០០តោន


មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានអះអាងថា ក្រសួងសម្រេចបានសម្រេចយក «ទឹកឃ្មុំព្រៃមណ្ឌលគិរី» ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (IG) ជាផ្លូវការហើយ ដើម្បីផ្តល់កិច្ចការពារកម្មសិទ្ធិបញ្ញា ដល់សមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគិរី និងដើម្បីទប់ស្កាត់ការក្លែងបន្លំម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» នៅលើទីផ្សារជាតិ និងអន្តរជាតិ។
ទឹកឃ្មុំព្រៃមណ្ឌលគិរី

ក្រោយ​«​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» បាន​ចុះបញ្ជី​ការពារ​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​រួច​ហើយ​នោះ ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី នឹង​កាន់តែ​ទទួល​បានការ​គាំទ្រ​ខ្លាំង ពិសេស​កាន់តែ​បង្កើន​តម្លៃបន្ថែម​ដល់​កសិករ​ផង​ដែរ ព្រមទាំង​អាច​ជំរុញ​ឈាន​ដល់​ការ​នាំ​ចេញ​ផង​ដែរ ដ្បិតថា​ទីផ្សារ​ទឹកឃ្មុំ​នៅ​អន្តរជាតិ​ក៏​មាន​តម្រូវការ​ខ្ពស់​ដែរ​។

ឯកឧត្តម ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស​ថា ក្រោម​កិច្ច​គាំទ្រ​របស់​អង្គការ​ដៃគូ​អភិវឌ្ឍន៍ ក្រសួងពាណិជ្ជកម្ម​បាន​កំណត់​យក​«​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» ដើម្បី​ចុះបញ្ជី​ការពារ​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ក្នុង​ប្រទេស​កម្ពុជា​។ គោលបំណង​នៃ​ការ​ចុះបញ្ជី​ការពារ​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ដល់​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី គឺ​ដើម្បី​ផ្តល់​កិច្ច​ការពារ​កម្មសិទ្ធិបញ្ញា ដល់​សមាគម​អភិរក្ស​ឃ្មុំ​ព្រៃ​ខេត្តមណ្ឌលគិរី ដែល​ជា​ម្ចាស់​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ក្រោម​ច្បាប់​ស្តី​ពី ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដើម្បី​ទប់ស្កាត់​ការ​ក្លែងបន្លំ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ “​ទឹកឃ្មុំ​ព្រៃ​មណ្ឌល គិរី​” នៅ​លើ​ទីផ្សារ​ជាតិ និង​អន្តរជាតិ​។ មិនតែប៉ុណ្ណោះ ការ​ចុះ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ វា​ក៏​ជា​ការ​ផ្សព្វផ្សាយ​អំពី​កេរ្តិ៍ឈ្មោះ “​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​” ចូលរួម​អភិរក្ស​តំបន់​ព្រៃ​ការពារ និង​ធនធានធម្មជាតិ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ រួម​ទាំង​បង្កើន​ច្រ​វ៉ា​ក់​តម្លៃ បង្កើត​ការងារ និង​លើកកម្ពស់​ជីវភាព ប្រជា​កសិករ​ក្នុង​តំបន់​នេះ​ផង​ដែរ​។ 

តាម​ការ​សិក្សា​ពី​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២០ ពាណិជ្ជកម្ម​អន្តរជាតិ​លើ​ផលិតផល​ទឹកឃ្មុំ​នេះ មាន​តម្លៃ​ជា​ទឹកប្រាក់​ជាង ៧​ពាន់​លាន​ដុល្លារ ខណៈ​នៅ​ឆ្នាំ​២០២១ មាន​ជាង ៨​ពាន់​លាន​ដុល្លារ ហើយ​នៅ​ឆ្នាំ​២០២២​នេះ ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​បន្ត​កើនឡើង​ដល់​ជាង​ជាង ១១​ពាន់​លាន​ដុល្លារ​។ ក្នុង​នោះ​ដែរ ប្រទេស​ដែល​នាំ​ចេញ​ទឹកឃ្មុំ​ធំ​ៗ​របស់​ពិភពលោក រួម​មាន ណូ​វែ​ល​ហ្សឺ​ឡង់​, ចិន​,​អា​ហ្ស​ង់​ទីណា​,​អា​ល្លឺ​ម៉​ង់ និង​អ៊ុយ​ក្រែ​ន​។ ខណៈ​ដែល​ប្រទេស​នាំ​ចូល​ទឹកឃ្មុំ​ច្រើន​ជាងគេ រួម​មាន សហរដ្ឋអាមេរិក​,​អា​ល្លឺ​ម៉​ង់​,​ជប៉ុន​,​បារាំង និង​ចក្រភព​អង់គ្លេស​។

ឯកឧត្តម ប៉ែន សុ​វិជាតិ​គូសបញ្ជាក់​ថា ផលិតផល​ទឹកឃ្មុំ​របស់​ប្រទេស​កម្ពុជា ជា​ពិសេស​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី មាន​តម្រូវការ​ច្រើន​នៅ​លើ​ទីផ្សារ​អន្តរជាតិ ដូច្នេះ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នៃ​ការ​នាំ​ចេញ​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី ចាំបាច់​ណាស់ ដែល​ត្រូវ​ផ្តោត​ទៅ​លើ​មូលដ្ឋាន​ពាណិជ្ជកម្ម សមត្ថភាព​ផលិត​ដើម្បី​បំពេញតម្រូវការ​ទីផ្សារ យុទ្ធសាស្ត្រ​ទីផ្សារ ការ​វេច​ខ្ចប់ ការ​បន្ថែម​តម្លៃ គុណភាព និង​ការ​បំពេញ​តាម​ស្តង់ដារ និង​ភូតគាម​អនាម័យ នៃ​ប្រទេស​នាំ​ចូល​។

បច្ចុប្បន្ន​នេះ ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី មាន​តម្លៃ​ប្រមាណ​២០​ដុល្លារ ទៅ​៣០​ដុល្លារ ក្នុង​មួយ​លី​ត្រ​។ ក្នុងឆ្នាំនេះ​ការ​ប្រមូល​ផល​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី បាន​ប្រមាណ​១០០​តោន​។ ក្នុង​មួយ​ឆ្នាំ​ការ​ប្រមូល​ផល​ទឹកឃ្មុំ ដែល​សុទ្ធ​ល្អ​បាន​១​ដង ប៉ុណ្ណោះ គឺ​ចាប់ពី​ខែមីនា ដល់​មិថុនា​។ ខណៈ​ចាប់ពី​ខែមិថុនា​ទៅ គឺជា​ប្រភេទ​ទឹកឃ្មុំ ខែវស្សា ដែល​មាន​ជាតិ​ទឹក​ច្រើន​។ ការ​ប្រមូល​ផល និង​ផលិត​«​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សហគមន៍​ចំនួន​១១ ក្នុង​ខេត្តមណ្ឌលគិរី ដែល​មាន​សមាជិក​ប្រមាណ​ជាង​២​ពាន់​គ្រួសារ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលឆ្លងទ្វីបដ៏មានឥទ្ធិពលខ្លាំងបំផុតមិនធ្លាប់មាន ក្រោយផ្អាកតាំងឆ្នាំ២០១៧

ព័ត៌មាន
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបាននិយាយនៅថ្ងៃសុក្រនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានដឹកនាំដោយផ្ទាល់នូវការសាកល្បងមីស៊ីលហ្វា…

បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រគល់សញ្ញាបត្របរិញ្ញាបត្រជូននិស្សិត ២ជំនាន់

ព័ត៌មាន
បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានរៀបចំពិធីប្រគល់សញ្ញាបត្របរិញ្ញាបត្រជូននិស្សិត ជំនាន់ទី៣ និង ទី៤ ក្នុងឆ្នាំបញ្ចប់ការសិក្សា ២០…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ