
លោក សេង យូរ៉ាដែន ប្រធាននាយកដ្ឋានស្ថិរភាពហិរញ្ញវត្ថុនៃអគ្គនាយកដ្ឋានគោលនយោបាយនិងសហប្រតិបត្តិការអន្តរជាតិ នៃធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ទោះបីជាវិស័យធនាគាររបស់កម្ពុជា បានហែលឆ្លង និងរងសម្ពាធជាច្រើនពីបញ្ហាសកលនានានៅប៉ុន្មានឆ្នាំចុងក្រោយនេះក៏ពិតមែន ប៉ុន្តែវិស័យធនាគាររបស់កម្ពុជា នៅតែរក្សាបាននូវភាពធន់ និងរឹងមាំ។ ការវាយតម្លៃបែបនេះ ក៏ដោយយសារលោកកត់សម្គាល់ឃើញថា ចំនួនទ្រព្យសកម្មនៅក្នុងប្រព័ន្ធធនាគារនៅតែរក្សាបានកំណើនវិជ្ជមាននៅក្នុងឆ្នាំ២០២៤ កន្លងទៅ ពោលគឺស្មើនឹងប្រមាណ២០០% នៃផលិតផលក្នុងស្រុករបស់កម្ពុជា។ ម្យ៉ាងទៀតទំហំឥណទានក្នុងប្រព័ន្ធធនាគារនៅតែមានកំណើនវិជ្ជមានជាង៣% ជាមួយនឹងទំហំប្រមាណជិត៦០ពាន់លានដុល្លារ ខណៈទំហំប្រាក់បញ្ញើបានបន្តកើនឡើងជាមួយអត្រាកំណើនជាង១៦% ដោយមានទំហំទឹកប្រាក់ប្រមាណ៥៧ពាន់លានដុល្លារ ដែលបញ្ជាក់ពីភាពរឹងមាំនៃដើមទុន និងលទ្ធភាពបញ្ចេញសាច់ប្រាក់មានកម្រិតខ្ពស់ ដែលបង្ហាញថា ប្រព័ន្ធធនាគារមានភាពធន់ជាមួយនឹងជំនឿទុកចិត្តរឹងមាំ។
ទោះបីជាប្រព័ន្ធធនាគារនៅកម្ពុជា រក្សាបានភាពរាំងមាំក៏ពិតមែន តែមន្ត្រីជំនាញរបស់ធនាគារជាតិនៃកម្ពុជា រូបនេះ បានវាយតម្លៃថា ការកើនឡើងឥណទានមិនដំណើរការនៅតែជាបញ្ហាប្រឈមសម្រាប់វិស័យនេះ ពោលគឺនៅឆ្នាំ២០២៤ កន្លងទៅ ឥណទានមិនដំណើរការក្នុងវិស័យធនាគារមានការកើនឡើងដល់កម្រិតខ្ពស់៧,៩% ឯណោះ។ ការកើនឡើងឥណទានមិនដំណើរនេះ គឺដោយសារប្រជាពលរដ្ឋមានសម្ពាធហិរញ្ញវត្ថុ និងការធ្លាក់ចុះសេដ្ឋកិច្ចជាសកលជាដើម។ ជាមួយគ្នានេះ ការប្រឈមមុខរបស់សេដ្ឋកិច្ចសកលបង្កឡើងដោយការដំឡើងពន្ធគយរបស់សហរដ្ឋអាម៉េរិក ក៏អាចជាបញ្ហាប្រឈមមួយសម្រាប់វិស័យហិរញ្ញវត្ថុកម្ពុជា ផងដែរ។
ពាក់ព័ន្ធបញ្ហានេះដែរ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា បច្ចុប្បន្នហាក់មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការផ្តល់កម្ចីដល់អតិថិជន ដ្បិតថា មានប្រជាពលរដ្ឋកម្ពុជាប្រមាណ៥លាននាក់ កំពុងជាប់បំណុលក្នុងប្រព័ន្ធធនាគារជិត៦០ពាន់លានដុល្លារអាម៉េរិក ហើយក្នុងនោះមានកូនកម្ចីមួយចំនួនកំពុងខ្វះលទ្ធភាពសងត្រឡប់ផងដែរ។ តែយ៉ាងណាអ្នកជំនាញរូបនេះ បានវាយតម្លៃថា កម្រិតបំណុលពលរដ្ឋកម្ពុជានេះហាក់មិនទាន់បង្ហាញក្តីបារម្ភសម្រាប់កម្ពុជា នោះទេ ដ្បិតថា ទំហំនេះស្ថិតនៅក្រោមកម្រិតមធ្យមរបស់កម្រិតបំណុលពិភពលោកនៅឡើយ។
សូមជម្រាបថា បើតាមធនាគារជាតិនៃកម្ពុជា នៅឆ្នាំ២០២៥ នេះ ប្រព័ន្ធធនាគារនៅកម្ពុជានឹងបន្តអភិវឌ្ឍដោយភាពរឹងមាំ និងបន្តដើរតួនាទីយ៉ាងសកម្មក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច តាមរយៈការផ្តល់ឥណទានទៅកាន់វិស័យឯកជន ដែលរំពឹងថា នឹងកើនឡើងក្នុងអត្រាជាមធ្យម៦%៕