ស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា

កត្តានៅពីក្រោយភាពធន់របស់គ្រឹះស្ថានហិរញ្ញវត្ថុ ទោះស្ថិតក្នុងវិបត្តិកូវីដ-១៩អូសបន្លាយ


ការឆ្លងរីករាតត្បាត នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានធ្វើឲ្យវិស័យជាច្រើនលើកលែងតែវិស័យកសិកម្ម បានរងផលប៉ះពាល់ ដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជានៅឆមាសទី១ឆ្នាំ២០២១ ហាក់បង្ហាញសញ្ញាអវិជ្ជមានក្នុងការឈានទៅសម្រេចគោលដៅកំណើន៤% ទៅតាមអ្វីដែលជាការព្យាករណ៍របស់ស្ថាប័នអន្តរជាតិធំៗ។ ប៉ុន្តែបើយើងក្រឡេកទៅមើលវិស័យធនាគារ និងហិរញ្ញវត្ថុក្នុងឆមាសទី១ឆ្នាំនេះវិញ ក៏នៅតែអាចរក្សាភាពធន់ក្នុងការផ្តល់ឥណទាន និង ធ្វើប្រតិបត្តិការរបស់ខ្លួនដដែល។
បុគ្គលិកធនាគារ កំពុងផ្ដល់សេវាជូនអតិថិជន (រូបភាពឯកសារ)
ដោយ

តើមានកត្តាអ្វីខ្លះ ដែលធ្វើឲ្យវិស័យនេះ នៅតែអាចរក្សាភាពរឹងមាំក្នុងការផ្តល់ឥណទាន និងរក្សាបានចំនួនឥណទានមិនដំណើរការក្នុងកម្រិតទាប?

ធនាគារជាតិនៃកម្ពុជាបានវាយតម្លៃថា នៅឆមាសទី១ឆ្នាំ២០២១ វិស័យធនាគារ និងហិរញ្ញវត្ថុនៅតែអាចរក្សាបាននូវភាពធន់ក្នុងការប្រតិបត្តិការរបស់ខ្លួន ទោះបីមានការរំខានពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈយ៉ាងណាក្ដី។ ជាក់ស្តែង ចរន្តទ្រព្យសកម្ម ការផ្តល់ឥណទាន និងទទួលប្រាក់បញ្ញើពីអតិថិជនក្នុងវិស័យទាំងពីរនេះ នៅតែមានកំណើនខ្ពស់គួរឲ្យកត់សម្គាល់។

បើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា នៅឆមាសទី១ ឆ្នាំ២០២១ ចរន្តទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារបានកើនឡើង១៨% ការផ្តល់ឥណទានជូនអតិថិជនកើនឡើងជាង ២៣% និងប្រាក់បញ្ញើអតិថិជនកើនជិត២១%។ 

លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងពីហេតុផលមួយចំនួនដែលធ្វើឲ្យវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាក្នុងឆមាសទី១ឆ្នាំ២០២១ នៅតែអាចរក្សាភាពរឹងមាំ ទោះបីមានការរំខានពីការរាតត្បាតនៃជំងឺកូវីដ-១៩។ ហេតុផលទាំងនោះរួមមានការដាក់ចេញវិធានការសុខាភិបាល និងវិធានការស្តារសេដ្ឋកិច្ច ដើម្បីធានាដល់ដំណើរអាជីវកម្ម ដែលរងគ្រោះ និងងាយរងគ្រោះដោយសារការឆ្លងនៃជំងឺកូវីដ-១៩។

របាយការណ៍បូកសរុបការងារប្រចាំឆមាសទី១ និងដាក់ទិសដៅអនុវត្តសម្រាប់ឆមាសទី២របស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញដែរថា នៅឆមាសទី១ឆ្នាំ២០២១ ចំនួនឥណទានមិនដំណើរការក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ នៅតែអាចរក្សាបានក្នុងកម្រិតទាបមួយ ដែលអាចទទួលយកបាន។ ក្នុងនោះ ចំនួនឥណទានមិនដំណើរការក្នុងវិស័យធនាគារបានរក្សាក្នុងកម្រិតទាប២,៤% និងវិស័យមីក្រូហិរញ្ញវត្ថុមានក្នុងកម្រិត ២%។ 

បើតាមលោក ផល វ៉ាន់ឌី មូលហេតុដែលធ្វើឲ្យវិស័យមីក្រូហិរញ្ញវត្ថុអាចរក្សាចំនួនឥណទានមិនដំណើរការបានក្នុងកម្រិតទាប គឺបន្ទាប់ពីធនាគារជាតិ នៃកម្ពុជាបានដាក់ចេញវិធានការឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញ ដើម្បីជួយសម្រាលបន្ទុកដល់អាជីវកម្ម និងអ្នករកស៊ីដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩។

បើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា នៅរយៈពេល៦ខែក្នុងឆ្នាំ២០២១ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុបានរៀបចំឥណទានឡើងវិញជូនអតិថិជនបានជិត ៣៧ម៉ឺនគណនីដែលមានតម្លៃប្រមាណ ៥ពាន់៥រយលានដុល្លារអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើផែនការចាក់វ៉ាក់សាំងឲ្យបាន៧០% នៅមុនរដូវក្តៅរបស់អឺរ៉ុបអាចសម្រេចបានដែរ ឬយ៉ាងណា?

ព័ត៌មាន
គណៈកម្មការអឺរ៉ុបបានប្រកាសដោយមានជំនឿចិត្តមុតមាំថា សហភាពអឺរ៉ុប កំពុងឈានទៅដល់ការចាក់វ៉ាក់សាំងបានតាមគោលដៅយ៉ាងហោចណាស់ ៧០% នៃចំនួនពលរ…

តើកម្ពុជាបាននិងកំពុងទទួលបានជំនួយវ៉ាក់សាំងកូវីដ-១៩ ពីប្រទេសណាខ្លះ ក្រៅតែពីប្រទេសចិននោះ?

ព័ត៌មាន
ចាប់តាំងពីមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្រៅតែពីវ៉ាក់សាំងដែលទទួលបានពីជំនួយយន្ដការកូវ៉ាក់របស់អង្គការសុខភាពពិភពលោក ចិនគឺជាប្រទេសទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ