វិស័យកាត់ដេរ

តើសេដ្ឋកិច្ចកម្ពុជា គួរពឹងផ្អែកតែលើវិស័យកាត់ដេរ ឬងាកទៅរកវិស័យផ្សេង?


ស្របពេលដែលវិស័យឧស្សាហកម្មធុនមធ្យម និងធុនធ្ងន់នៅកម្ពុជា កំពុងចាប់ផ្តើមមានការរីកចម្រើនជាបណ្តើរៗ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានវាយតម្លៃថា ចរន្តសេដ្ឋកិច្ចកម្ពុជា នឹងមិនអាចពឹងផ្អែកទៅលើវិស័យឧស្សាហកម្មកាត់ដេរបានរហូតនោះទេ ពោលគឺនឹងត្រូវជំនួសដោយវិស័យដែលពឹងផ្អែកលើជំនាញបច្ចេកទេសសំខាន់ៗវិញនាពេលអនាគតខាងមុខ។ តើក្រុមអ្នកជំនាញមានការយល់ឃើញយ៉ាងណាចំពោះការរួមចំណែករបស់វិស័យកាត់ដេរក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងរយៈពេលវែង?
វិស័យកាត់ដេរ
ដោយ

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា រចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជា នាពេលអនាគត គឺមិនអាចពឹងតែទៅលើវិស័យឧស្សាហកម្មកាត់ដេរបានរហូតនោះទេ ពោលគឺវិស័យនេះនឹងអាចបាត់បង់សក្កានុពលរបស់ខ្លួននៅក្នុងពេលណាមួយជាក់ជាមិនខាន ដោយសេដ្ឋកិច្ចកម្ពុជានឹងត្រូវជំនួសមកវិញដោយការចូលរួមរបស់វិស័យដែលពឹងផ្អែកលើជំនាញបច្ចេកទេសសំខាន់ៗ ដូចជានៅក្នុងវិស័យដំឡើងគ្រឿងយន្ត និងឧស្សាហកម្មកែច្នៃចំណីអាហារជាដើម ដែលវិស័យទាំងនេះមានគុណតម្លៃខ្ពស់ ក៏ដូចជាមានរចនាសម្ព័ន្ធចាក់ចូលទៅក្នុងខ្សែច្រវាក់ផលិតកម្មបានពិតប្រាកដសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។

​ជុំវិញបញ្ហា​នេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ទទួលស្គាល់ថា សេដ្ឋកិច្ចកម្ពុជា ទទួលបានការរីកចម្រើនមកដល់ពេលនេះ គឺមួយផ្នែកធំកើតចេញពីការរួមចំណែករបស់វិស័យឧស្សាហកម្មកាត់ដេរកម្ពុជា។ តែយ៉ាងណា អ្នកជំនាញរូបនេះអះអាងថា កម្ពុជាក៏មិនអាចពឹងផ្អែកទាំងស្រុងទៅលើវិស័យកាត់ដេរតែម្យ៉ាងបានរហូតនោះដែរ ដ្បិតថា វិស័យនេះមិនមែនជាគ្រឹះនៃសេដ្ឋកិច្ចរយៈពេលវែង​នោះទេ ដែលទាមទារឱ្យកម្ពុជា ត្រូវពឹងផ្អែកទៅលើវិស័យកម្មន្តសាលមិនមែនកាត់ដេរជំនួសវិញ ដែលជាគ្រឹះនៃសេដ្ឋកិច្ចរយៈពេលវែង ដើម្បីឱ្យកម្ពុជា អាចឈានទៅសម្រេចបានជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជាការកត់សម្គាល់របស់អ្នកជំនាញរូបនេះ ការវិនិយោគនៅក្នុងវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅកម្ពុជាបច្ចុប្បន្ន គឺទទួលបានកំណើនជាបន្តបន្ទាប់ និងរំពឹងទទួលបានការ​វិនិយោគនៅក្នុងវិស័យនេះកាន់តែច្រើនថែមទៀតនាថ្ងៃអនាគត។

​មិនខុសគ្នានោះទេ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានគូសបញ្ជាក់ថា បច្ចុប្បន្នវិស័យឧស្សាហកម្មកាត់ដេរកម្ពុជា នៅតែជាវិស័យសំខាន់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈកំណើននៃការនាំចេញផលិតផល​នៅក្នុងវិស័យនេះ។ សម្រាប់អ្នកជំនាញរូបនេះ ទោះបីជាវិស័យកាត់ដេររបស់កម្ពុជា កំពុងរីកចម្រើនយ៉ាងណាក៏ដោយ ប៉ុន្តែកម្ពុជាក៏មិនអាចពឹងផ្អែកលើវិស័យនេះតែម្យ៉ាងនោះដែរ ដូច្នេះហើយទើបរាជរដ្ឋាភិបាល បានបង្កើតឱ្យមានកម្មវិធីបណ្តុះបណ្តាលជំនាញវីជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រងាយរងហានិភ័យ និងកម្មករ កម្មការិនី ដើម្បីទទួលបានជំនាញបច្ចេកទេសបន្ថែម ដើម្បីបន្តការងារឱ្យកាន់តែមាននិរន្តរភាពនាពេលខាងមុខ ដ្បិតថា បច្ចុប្បន្នកម្ពុជា នៅតែខ្វះកម្លាំងពលកម្មសម្រាប់បម្រើការងារនៅក្នុងវិស័យកាត់ដេរ ហើយប្រសិនបើទៅថ្ងៃអនាគត កម្ពុជាងាកទៅពឹងផ្អែកលើវិស័យដែលត្រូវការជំនាញបច្ចេកទេសនោះ គឺកម្ពុជាត្រូវការធនធានមនុស្សដែលមានសក្កានុពលសម្រាប់បម្រើការងារនៅក្នុងវិស័យទាំងនោះ។

​សូមជម្រាបថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីពេលថ្មីនេះ បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរង្វង់៥,៨% នៅឆ្នាំ២០២៤ និង៦% នៅឆ្នាំ២០២៥ ខាងមុខ ដោយផ្អែកទៅលើការស្ទុះងើបឡើងវិញនៃវិស័យវាយនភណ្ឌ ជាពិសេសសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ។ តួយ៉ាង កំណើននៃការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ បានងើបឡើងវិញប្រមាណជិត១៧% នៅក្នុងឆមាសទី១ ឆ្នាំ២០២៤ បន្ទាប់ពីបានធ្លាក់ចុះជាង១៨% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕




អត្ថបទបន្ទាប់


វេជ្ជបណ្ឌិតជំនាញផ្នែកជំងឺមហារីកមកពីសិង្ហបុរី អះអាងពីរបៀបព្យាបាលជំងឺមហារីកសួត ដែលមានប្រសិទ្ធភាពខ្ពស់

នៅពេលនិយាយដល់ជំងឺមហារីក មនុស្សជាច្រើន តែងតែមានការតក់ស្លុត ដ្បិតថា វាជាជំងឺដ៏កាចសាហាវ និងពិបាកក្នុងការព្យាបាលឲ្យជាសះស្បើយ។ ប៉ុន្ដែ បើត…

តើភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាបានជះឥទ្ធិពលអវិជ្ជមានយ៉ាងណាមកវិស័យដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្មរបស់កម្ពុជា?

ភាពតានតឹងរវាងប្រទេសអ៊ីរ៉ង់ ជាមួយប្រទេសអ៊ីស្រាអែល ដែលជាប្រទេសស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ា កំពុងបង្កជាក្ដីបារម្ភដល់ការឡើងថ្លៃនៃតម្លៃប្រេង ដ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ