
នាពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥ ស្ដីពី«យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរភាព»នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាមានសុទិដ្ឋិនិយមខ្ពស់ថា កំណើនសេដ្ឋកិច្ចកម្ពុជានៅមានលទ្ធភាពបន្តសម្រេចបានក្នុងរង្វង់៦,៥%ជាមធ្យមប្រចាំឆ្នាំ នៅក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ។ តែយ៉ាងណា កំណើននេះនឹងមិនកើតឡើងដោយឯកឯងនោះទេ ដោយទាមទារឱ្យមានការខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការពង្រឹងការអនុវត្តគោលនយោបាយ និងការកែទម្រង់គន្លឹះៗ។ ដើម្បីអាចសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៦,៥%នៅក្នុងទស្សវត្សរ៍ខាងមុខ ទាមទារឱ្យកម្ពុជារៀបចំគោលនយោបាយឱ្យបានជាក់លាក់ និងជាក់ស្ដែងនិយមអមជាមួយនឹងការអនុវត្តប្រកបដោយប្រសិទ្ធិភាព។
ជាការកត់សម្គាល់របស់សម្តេចធិបតី បើទោះបីសេដ្ឋកិច្ចកម្ពុជាបានវិលត្រលប់ទៅរកកំណើនសក្តានុពលវិញក៏ពិតមែន ប៉ុន្តែវិបត្តិជំងឺកូវីដ-១៩ បានបន្សល់ស្លាកស្នាម និងបន្ទច់បង្អាក់ដល់ល្បឿនអភិវឌ្ឍន៍របស់កម្ពុជា។ បច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ចសកល និងតំបន់បន្តស្ថិតក្នុងអន្តរកាលនៃពហុវិបត្តិ ដែលបញ្ហានេះបានធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចសកល និងតំបន់មានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងមិនអាចរំពឹងទុកជាមុនបាន ហើយផ្តល់ទាំងផលវិជ្ជមាន និងអវិជ្ជមានដោយផ្ទាល់និងប្រយោលដល់សេដ្ឋកិច្ច និងសង្គមកម្ពុជា។
យ៉ាងណាមិញ ដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច បង្កើនភាពប្រកួតប្រជែង និងពង្រឹងភាពធន់ រាជរដ្ឋាភិបាលនឹងដាក់ឱ្យអនុវត្តនូវ«កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ឆ្នាំ២០២៥-២០២៨» ដោយផ្តោតលើសសរស្តម្ភ៣សំខាន់ៗរួមមានកម្មវិធីគាំទ្រសេដ្ឋកិច្ចតាមវិស័យក្នុងរយៈពេលខ្លីទៅមធ្យម, កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ និងកម្មវិធីត្រៀមលក្ខណៈចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច ដើម្បីធានានូវការចាកចេញដោយរលូន៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ