អ្នកជំនាញសេដ្ឋកិច្ច អះអាងថា កំណើននៃការនាំចេញនេះ គឺកើតចេញពីសមិទ្ធផលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និងជឿជាក់ថា ការនាំចេញទំនិញកម្ពុជាទៅទីផ្សារប្រទេសចិននឹងកាន់តែមានការកើនឡើងបន្ថែមទៀតនាពេលខាងមុខ។
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិនមានជាង១ពាន់១រយលានដុល្លារ នៅពេញ១ខែដំបូងដើមឆ្នាំ២០២៤នេះកើនឡើងជិត១៩% បើធៀនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ក្នុងនោះកម្ពុជា នាំចេញទៅចិនសម្រេចបានជាង១២០លានដុល្លារ កើនឡើង៥០% បើធៀបនឹងទំហំនាំចេញកាលពីខែមករា ឆ្នាំ២០២៣ ខណៈកម្ពុជាបាននាំចូលទំនិញពីចិន មានទំហំទឹកប្រាក់ប្រមាណ១ពាន់លានដុល្លារ កើនឡើងជិត១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ពាក់ព័ន្ធទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិននេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា កត្តាដែលជំរុញឱ្យទំហំនាំចេញរបស់កម្ពុជាទៅប្រទេសចិន កើនឡើងរហូតដល់៥០%នេះ គឺដោយសារកម្ពុជា មានកិច្ចសហប្រតិបត្តិការល្អជាមួយចិន គួបផ្សំប្រទេសទាំងពីរមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។
ម្យ៉ាងវិញទៀត ក៏ដោយសារកម្ពុជា មានកម្លាំងផលិតកម្មគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ទំនិញទៅតាមតម្រូវការបញ្ជាទិញរបស់ទីផ្សារចិនផងដែរ តាមរយៈការបោះទុនវិនិយោគជាបន្តបន្ទាប់របស់វិនិយោគិនចិននៅកម្ពុជា សម្រាប់ផលិតនូវទំនិញសក្ដានុពលផ្សេងៗសម្រាប់នាំចេញ ដូចជាផលិតផលកសិកម្ម និងកសិឧស្សាហកម្មកែច្នៃជាដើម។
តាមរយៈភាពល្អប្រសើរនេះបានជំរុញឱ្យអ្នកជំនាញរូបនេះជឿជាក់ថា ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងចិន នឹងកាន់តែមានភាពល្អប្រសើរបន្ថែមទៀត នៅឆ្នាំ២០២៤នេះ និងឆ្នាំបន្តបន្ទាប់ ក្រោយលោកមើលឃើញពីសន្ទុះនៃការហូរចូលគម្រោងវិនិយោគថ្មីៗកាន់ប្រទេសកម្ពុជា។
គួរជម្រាបថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ដូចជា តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរកាលពីឆ្នាំ២០១០ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន កិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិនជាដើម។ ហើយតាមរយៈកិច្ចព្រមព្រៀងទាំងនេះសុទ្ធតែបានត្រួសត្រាយផ្លូវសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងកម្ពុជា-ចិនផងដែរ។ នេះបើតាមការបញ្ជាក់របស់ក្រសួងពាណិជ្ចកម្ម។
តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅ១ខែដំបូងដើមឆ្នាំ២០២៤នេះ ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់ប្រមាណ៤ពាន់លានដុល្លារ កើនឡើងជិត១៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ក្នុងនោះការនាំចេញទំនិញកម្ពុជាទៅទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់ជិត២ពាន់លានដុល្លារកើនឡើង២៧% ខណៈការនាំចូលទំនិញពីទីផ្សារអន្តរជាតិមកកម្ពុជាវិញ មានទំហំទឹកប្រាក់ជាង២ពាន់លានដុល្លារកើនឡើងជិត៩%៕