ធនាគារក្នុងស្រុករបស់ចិន

ធនាគារក្នុងស្រុករបស់ចិនចំនួនពីរបានរៀបចំនីតិវិធីប្រកាសក្ស័យធន ខណៈអាជ្ញាធរព្រួយបារម្ភពីភាពចលាចលក្នុងប្រទេស


និយតករធនាគាររបស់ទីក្រុងប៉េកាំងបានប្រកាសកាលពីថ្ងៃទី ២៦ ខែ សីហាថា ធនាគារក្នុងស្រុកចំនួនពីរនៅក្នុងខេត្ត Liaoning ភាគឦសានក្នុងប្រទេសចិនកំពុងដំណើរការនីតិវិធីប្រកាសក្ស័យធន។ ករណីនៃការក្ស័យធនរបស់ធនាគានៅក្នុងប្រទេសចិន គឺមានតិចតួចខ្លាំងណាស់ ប៉ុន្តែការចាត់ចែងដោយប្រុងប្រយ័ត្ន ដោយអាជ្ញាធរពាក់ព័ន្ធ បានបង្ហាញពីហានិភ័យ ដែលកំពុងប្រឈមសម្រាប់ធនាគារតូចៗក្នុងប្រទេសប្រទេសចិន ចំពេលដែលសេដ្ឋកិច្ចចិនមួយរយៈចុងក្រោយនេះ បង្ហាញពីកំណើនយឺតជាងការរំពឹងទុក។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុន Nikkei។
ធនាគារក្នុងស្រុករបស់ចិនចំនួនពីរបានរៀបចំនីតិវិធីប្រកាសក្ស័យធន ខណៈអាជ្ញាធរព្រួយបារម្ភពីភាពចលាចលក្នុងប្រទេស

គណៈកម្មការនិយតកម្មធនាគារ និង ធានារ៉ាប់រងចិន (CBIRC) បាននិយាយថា ខ្លួនបានយល់ព្រមជាគោលការណ៍ ចំពោះនិតិវិធីប្រកាសក្ស័យធន ដែលធ្វើឡើងដោយធនាគារក្នុងស្រុកចំនួន២ គឺធនាគារ Liaoyang Rural Commercial Bank និងធនាគា Liaoning Taizehe Village Bank ។ និយតករបានទាមទារឱ្យធនាគារទាំងពីរគោរពយ៉ាងម៉ឺម៉ាត់ចំពោះច្បាប់ និង បទប្បញ្ញត្តិពាក់ព័ន្ធក្នុងការអនុវត្តការងារស៊ើបអង្កេតរបស់ខ្លួន។

យោងតាមសេចក្តីថ្លែងការណ៍រួមមួយ ធនាគារដែលបានបានដាក់ស្នើក្ស័យធនទាំង ២ នេះ បានចូលរួមក្នុងប្រតិបត្តិការដែលបំពានច្បាប់ និង បទប្បញ្ញត្តិ ហើយបានល្មើសបទបញ្ជាហិរញ្ញវត្ថុក្នុងស្រុក ដែលនាំមកនូវហានិភ័យយ៉ាងធ្ងន់ធ្ងរ។

យ៉ាងណាមិញ សេចក្តីថ្លែងការណ៍មិនបានបញ្ជាក់លម្អិតអំពីប្រភេទនៃសកម្មភាពល្មើសច្បាប់របស់ធនាគារទាំងពីរនោះទេ។

គួរសង្កេតឃើញថា និយតករក្នុងស្រុកចិនបានចាប់ផ្តើមធ្វើសកម្មភាពលឿនជាងការប្រកាសជាផ្លូវការរបស់ខ្លួនទៅទៀត ខណៈសេចក្តីថ្លែងការណ៍រួមបានបង្ហាញថា បុគ្គលិក សាខា និង ប្រាក់បញ្ញើទាំងអស់របស់ធនាគារដែលប្រកាសក្ស័យធនទាំងពីរនេះ នឹងត្រូវផ្ទេរទៅឲ្យធនាគារ Shenyang Rural Commercial Bank ដែលជាធនាគារក្នុងស្រុកមួយផ្សេងទៀតដែលមានមូលដ្ឋាននៅខេត្ត Shenyang ។

ការត្រៀមលក្ខណៈនេះទំនងជាឆ្លុះបញ្ចាំងពីកម្រិតនៃការប្រុងប្រយ័ត្នរបស់អាជ្ញាធរ បន្ទាប់ពីមានករណីនៃភាពចលាចលក្នុងសង្គមដែលបង្កឡើងដោយធនាគារលំដាប់មធ្យមនៅក្នុងខេត្ត Henan ដែលកាលពីខែមុនបានបដិសេធមិនអនុញ្ញាតឱ្យអ្នកដាក់ប្រាក់បញ្ញើធម្មតាដកសាច់ប្រាក់ផ្ទាល់ខ្លួនរបស់ពួកគេ។

គួរជម្រាបថា លោកស្រី Elaine Xu អ្នកវិភាគនៅក្រុមហ៊ុន Fitch Ratings បានចង្អុលបង្ហាញពីហានិភ័យដែលអាចកើតមានពាក់ព័ន្ធនឹងធនាគារតូចៗនៅក្នុងប្រទេសចិន។ លោកស្រីបានសរសេរនៅក្នុងរបាយការណ៍មួយថា ជាទូទៅធនាគាតូចៗទទួលមានប្រាក់ចំណេញខ្សោយ និង ទុនបម្រុងតិចជាងដៃគូរធំៗ ដោយសារតែសិទ្ធិផ្តាច់មុខតូច ទម្រង់មូលនិធិខ្សោយ និង កង្វះការគាំទ្រពីម្ចាស់ភាគហ៊ុនរឹងមាំ ឬ ទំនាក់ទំនងជាមួយរដ្ឋាភិបាលកណ្តាល។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Fitch បានបង្ហាញថាធនាគារតូចៗមានប្រហែល ៣០% នៃទ្រព្យសកម្មសរុបរបស់វិស័យធនាគារនៅក្នុងប្រទេសចិន។




អត្ថបទបន្ទាប់


ទីផ្សារទុរេនកំពុងរីកដុះដាលខ្លាំងនៅចិន ខណៈប្រទេសតំបន់អាស៊ីគ្នេយ៍មើលឃើញឱកាសកាន់តែធំ

ព័ត៌មាន
ទុរេនដែលជា«ស្តេចផ្លែឈើ»ប្រចាំតំបន់អាស៊ីអាគ្នេយ៍នោះ ឥឡូវនេះកំពុងតែរីកដុះដាលយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ខណៈដែលវាបានក្លាយជាមុខទំនិញផ្លែឈើ…

ឥណ្ឌាកំពុងពិចារណាដាក់ការរឹតត្បិតលើការនាំចេញប្រភេទអង្ករបាក់ ដើម្បីទុកផ្គត់ផ្គង់តម្រូវការក្នុងស្រុកដែលកំពុងកើនឡើង

ព័ត៌មាន
ប្រទេសឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករដ៏ធំបំផុតក្នុងពិភពលោកនោះ កំពុងពិចារណាលើការដាក់ការរឹតត្បិតលើការនាំចេញប្រភេទអង្ករបាក់១០០% របស់ខ្លួន ក្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ