របាយការណ៍ការពីការិយាល័យស្ថិតិពាណិជ្ជកម្មវៀតណាមបានបង្ហាញថា ពីរខែដើមឆ្នាំ២០២១ នេះការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ទីផ្សារវៀតណាម សម្រេចបានជាង ៦០០លានដុល្លារអាមេរិក កើនឡើងជាង៣០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រីឯ ការនាំចេញរបស់វៀតណាមមកកាន់កម្ពុជាវិញសម្រេចបានជាង ៧០០លានដុល្លារ កើនឡើង ៨,៦%។ សរុបជារួមទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមនៅ២ខែ ដំបូងឆ្នាំ២០២១ មានជាង ១,៣ ពាន់លានដុល្លារ កើនឡើង៦៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាមមានការកើនឡើង គឺដោយសារមានការកើនឡើងតម្រូវការប្រើប្រាស់ក្នុងប្រទេសវៀតណាម គួបផ្សំនឹងការលើកលែងពន្ធនាំចូលរបស់ប្រទេសនេះ សម្រាប់ផលិតផលរបស់កម្ពុជាមួយចំនួន។ ការកើនឡើងសង្វាក់ផលិតកម្មផលិតរបស់កម្ពុជា ក៏ជាកត្តារួមចំណែកមួយផងដែរ។
ឯកឧត្តម កត់សម្គាល់ឃើញថា ផលិតផលដែលជួយជំរុញកំណើនការនាំចេញរបស់កម្ពុជា គឺភាគច្រើនជាផលិតផលកសិកម្ម ដោយសាររដូវនេះ ជារដូវប្រមូលផល ហើយម្យ៉ាងទៀតការបង្កបង្កើនផលរបស់កសិករនៅឆ្នាំនេះ ទទួលបានទិន្នផលខ្ពស់។
បើតាមសារព័ត៌មានក្នុងស្រុកវៀតណាម ផលិតផលដែលកម្ពុជាបាននាំចេញទៅវៀតណាម រួមមាន គ្រាប់ស្វាយចន្ទី កៅស៊ូ ឈើ និងផលិតផលធ្វើពីឈើ។ ខណៈផលិតផលដែលកម្ពុជានាំចូលពីវៀតណាមមកវិញរួមមាន ដែក ប្រេងឥន្ធនៈ ហ្គាស សម្លៀកបំពាក់ ផលិតផលប្រើប្រាស់ទូទៅ និងផលិតផលកសិកម្មដូចជាបន្លែ ត្រី សាច់ និងផ្លែឈើជាដើម។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់នៅលើទំហ្វេសប៊ុកថា ការនាំចេញកសិផលទៅកាន់ប្រទេសវៀតណាម ក្នុងរយៈពេលជិត៣ខែ ដើមឆ្នាំ២០២១ គឺមានចរន្តយ៉ាងសកម្ម និងមមាញឹកគួរឲ្យកត់សម្គាល់។
ជាក់ស្តែង នៅជិត៣ខែឆ្នាំ២០២១ កម្ពុជាបាននាំចេញស្រូវទៅកាន់វៀតណាមមានដល់ទៅជាង១លានតោន ក្រៅពីនោះ ក៏មាននាំចេញ គ្រាប់ស្វាយចន្ទី ដំឡូងមីស្រស់ ស្វាយកែវរមៀតស្រស់ ស្ករអំពៅ និងផលិតផលជាច្រើនផ្សេងទៀត៕