លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្នសេដ្ឋកិច្ចកម្ពុជា នៅតែទទួលរងផលប៉ះពាល់ពីវិបត្តិនានា ដែលបានជះផលអវិជ្ជមានដល់ការប្រកបអាជីវកម្ម និងធ្វើឱ្យប្រាក់ចំណូលរបស់ពលរដ្ឋមានការធ្លាក់ចុះ និងបានជំរុញឱ្យឥណទានមិនដំណើរការនៅតាមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានការកើនឡើងខ្ពស់។
តែយ៉ាងណា អ្នកជំនាញរូបនេះវាយតម្លៃថា បញ្ហាកំណើនឥណទានមិនដំណើរការនេះ មិនបានរាំងស្ទះដល់ការរីកចម្រើនរបស់វិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា នោះទេ ពោលគឺវិស័យនេះ នៅតែរក្សាបាននូវស្ថិរភាព និងភាពរឹងមាំរបស់ខ្លួន។ ការហ៊ានអះអាងបែបនេះ ក៏ដោយសារលោក កាំង តុងងី មើលឃើញថា បើ ទោះបីការបង់យឺតនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុមានការកើនឡើងក៏ពិតមែន តែតម្រូវការឥណទានហាក់មានការធ្លាក់ចុះ ខណៈប្រាក់បញ្ញើរបស់វិស័យនេះមានការកើនឡើង ដែលធ្វើឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានសាច់ប្រាក់បម្រុងច្រើនជាងមុន សម្រាប់ទ្រទ្រង់ដល់ការរីកចម្រើនរបស់ខ្លួន។
យ៉ាងណាមិញ ជុំវិញការធ្លាក់ចុះនៃប្រាក់ចំណេញរបស់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុវិញ អ្នកជំនាញរូបនេះបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣កន្លងទៅ ប្រាក់ចំណេញរបស់វិស័យធនាគារបានធ្លាក់ចុះជាង ៤០% ខណៈវិស័យមីក្រូហិរញ្ញវត្ថុ បានធ្លាក់ចុះរហូតដល់ជាង៧០% ឯណោះ។ ប៉ុន្តែតាមរយៈការធ្លាក់ចុះនៃប្រាក់ចំណេញនេះ មិនបានបញ្ជាក់ថា វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា មានភាពរង្គោះរង្គើ ឬគ្មានស្ថិរភាពឡើយ ដ្បិតថា ការធ្លាក់ចុះប្រាក់ចំណេញនេះ គឺដោយសារតែបទបញ្ញាត្តិរបស់វិស័យហិរញ្ញវត្ថុកម្ពុជា តម្រូវឱ្យគ្រឹះស្ថានត្រូវកាត់ប្រាក់បម្រុង និងប្រាក់ចំណេញរបស់ខ្លួនមួយចំនួនដើម្បីធានាបាននូវស្ថិរភាពរឹងមាំរបស់វិស័យនេះ នៅពេលដែលគុណភាពនៃកម្ចីមានការថយចុះ។
សូមជម្រាបថា តាមរបាយការណ៍របស់ធនាគារជាតិ នៃកម្ពុជា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ ប្រព័ន្ធធនាគារនៅកម្ពុជា នៅតែរក្សាបានភាពធន់ និងបន្តមានវឌ្ឍនភាព ដោយទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន៦,១% ដែលស្មើនឹងប្រមាណជាង៨៨ពាន់លានដុល្លារ។ ដោយនៅក្នុងចំណោមទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារសរុប វិស័យធនាគារមានចំណែកជិត៩៦%, វិស័យមីក្រូហិរញ្ញវត្ថុមានចំណែក៣,៦% និងវិស័យភតិសន្យាហិរញ្ញវត្ថុ មានចំនួន០,៥%៕