ប្រទេសក្រិក

ប្រទេសក្រិកព្រមានពីការកើតឡើងនៃសង្គ្រាមថ្មីមួយទៀតនៅតំបន់អឺរ៉ុប ក្រោយពេលតួកគីព្រលយពាក្យពីលទ្ធភាពឈ្លានពានក្រិក


ប្រទេសក្រិកកំពុងតែអំពាវនាវឱ្យសម្ព័ន្ធមិត្តទាំងអស់រួមគ្នាថ្កោលទោសប្រទេសតួកគីចំពោះវោហាសាស្ត្រ ដែលបង្កប់នូវគំនិតចង់ឈ្លានពានខ្លួននាពេលថ្មីៗនេះ។ ការអំពាវនាវរបស់ប្រទេសក្រិកយ៉ាងដូច្នេះ គឺធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតីតួកគី ស៊ីសិប តៃយីប អឺដូហ្គេន (Recep Tayyip Erdogan) បានព្រលយពាក្យសម្ដី ជាមួយអត្ថន័យចង់បង្កជម្លោះ ជាមួយនឹងប្រទេសក្រិកដោយបើកចំហ នៅពេលដែលភាពតានតឹងរវាងប្រទេសទាំងពីរនេះកាន់តែខ្លាំងឡើងៗ នៅមួយរយៈចុងក្រោយនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន Insider។
ប្រទេសក្រិកព្រមានពីការកើតឡើងនៃសង្គ្រាមថ្មីមួយទៀតនៅតំបន់អឺរ៉ុប

នៅក្នុងសារ​លិខិតចុះនៅ​ថ្ងៃ៥ ខែកញ្ញា និង​បាន​ផ្ញើ​ទៅ​អង្គការណាតូ សហភាពអឺរ៉ុប​ និង​អង្គការសហប្រជាជាតិដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារ​ព័ត៌មាន​APនោះ ​បាន​ឱ្យ​ដឹង​ថា រដ្ឋមន្ត្រីការបរទេសក្រិកលោក Nikos Dendias បានអំពាវនាវឱ្យស្ថាប័នទាំង៣​នេះ​​​ ​ស្តីបន្ទោសចំពោះ​ទីក្រុងអង់ការ៉ា​ ប្រទេស​តួកគី ​ជុំវិញការលើកឡើងរបស់លោក Erdogan កាល​ពី​ពេល​ថ្មីៗ​នេះ​។

លោក Dendias បាននិយាយថា ការអនុញ្ញាតឱ្យតួកគីបន្តការគំរាមកំហែង​ប្រទេស​ក្រិក​នេះ ​នឹង​បង្ក​ហានិភ័យនៃជម្លោះមួយផ្សេង​ទៀត​នៅក្នុងទ្វីបអឺរ៉ុប ​​ពោល​គឺ​​វា​នឹង​កើត​មាន​សង្គ្រាម​ដែល​កំពុង​កើតឡើង​ដូច​​នៅ​ប្រទេស​អ៊ុយក្រែន​អ៊ីចឹង​ដែរ​។

លោក Dendias បានបញ្ជាក់​​ថា ប្រសិន​បើ​អឺរ៉ុប​​មិនចាត់​វិធាន​ការ​ដោះស្រាយ​ទាន់ពេលវេលា​ ឬក៏​វាយ​តម្លៃទាប​ពេក​​​ពីស្ថាន​ភាពធ្ងន់ធ្ងរនៃបញ្ហា​នេះ​ទេ នោះ​​អឺរ៉ុប​អាច​នឹង​កើត​មាន​ស្ថានភាព​អាក្រក់​មួយ​ទៀត​​ស្រដៀងគ្នា​ទៅ​នឹងអ្វី​ដែល​កំពុង​តែ​កើតឡើងនាពេលបច្ចុប្បន្ននៅ​​ផ្នែក​ផ្សេង​​​ទៀត​នៃទ្វីប​អឺរ៉ុប​​ជាក់ជា​មិន​ខានឡើយ​។

នៅក្នុងលិខិតមួយផ្ញើជូនអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg អ្នកការទូតកំពូលរបស់​ក្រិករូប​នេះ​បាននិយាយថា អាកប្បកិរិយារបស់តួកគីគឺជាកត្តា​អស្ថិរភាព​សម្រាប់ឯកភាព និងការរួបរួមរបស់អង្គការ​ណាតូ ដោយធ្វើឱ្យផ្នែកខាងត្បូងរបស់​ណាតូ​​ចុះខ្សោយ​នៅពេលវិបត្តិ​នេះ​​កើត​ឡើង​។​ នេះបើយោងតាមដក់ស្រង់មកចុះផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន Associated Press ។

ទោះបីជាប្រទេសទាំងពីរនេះ​ជាសមាជិកណាតូក៏ដោយ ក៏​​ប៉ុន្តែ​តួកគី និង​ក្រិកមានទំនាក់ទំនង​ចម្រូង​ចម្រាសជាប្រវត្តិ​សាស្ត្រ ​និងមានជម្លោះជា​យូរអង្វែងមក​ហើយ​​ពាក់​ព័ន្ធ​នឹង​ប្រជុំ​កោះនៅ​សមុទ្រ​អេជៀន​ (Aegean)​ ដោយ​​ខ្វែងគំនិតគ្នា​លើបញ្ហាផ្សេងៗ​ដូចជាព្រំដែនសមុទ្រ​​ជា​ដើម​។

សូមរំលឹក​ថា លោក Erdogan កាលពីចុងសប្តាហ៍មុន​បានចោទប្រទេស​ក្រិក​ថា​ បានកាន់កាប់​ប្រជុំ​កោះ​គ្មានយោធា​​នៅក្នុងសមុទ្រ​ Aegean ដោយបាន​​ព្រមានថា​ តួកគីនឹងធ្វើ«អ្វីៗដែលចាំបាច់»​នៅពេលដែលពេលវេលាមកដល់​​ ហើយ​ក្នុង​អ្វី​ដែលវា​​ហាក់​ដូច​ជា​​ការ​គំរាម​កំហែងធ្វើ​​ការ​ឈ្លាន​ពាន​ ឬ​ការ​វាយ​ប្រហារ​ទៅ​លើ​​ប្រទេសក្រិកមែន​នោះ​ លោក Erdogan បាន​ព្រមាន​ថា តួកគី​អាច​ចុះទៅ​ដល់​ប្រជុំ​កោះ​​នោះ​​​​ភ្លាមៗ​​​មួយរំពេច​។

លោក​ Erdogan អះអាងច្បាស់ៗទៀតថា អ្វីដែលលោកកំពុងតែ​និយាយ​នេះ ​គឺ​មិនមែនជាការ​សុបិន​នោះ​ទេ​ ហើយ​លោក​បានសង្កត់​ធ្ងន់ដដែលៗ​ថា នៅពេល​ណា​ពេល​វេលា​មក​ដល់ តួកគី​​អាចទៅ​ដល់​ប្រជុំ​កោះ​ជម្លោះជាមួយប្រទេសក្រិកនោះ​​ភ្លាមៗ​តែ​ម្ដង​៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ដើម្បីអបអរសាទរ ពិធី បុណ្យ ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរខាងមុខនេះ បុរី មេគង្គ លែន មានការផ្តល់ជូនប្រូម៉ូសិន យ៉ាងពិសេសជូនដល់អតិថិជនរបស់ខ្លួន !

ព័ត៌មាន
ដូចដែលអ្នកទាំងអស់គ្នា ធ្លាប់បានឮ និងស្គាល់រួចមកហើយអំពី កេរ្តិ៍ឈ្មោះដែលត្រូវបានអតិថិជន ជាច្រើនទទួលស្គាល់ អំពីគុណភាពសំណង់ និង ជាពិសេសទៅ…

កម្ពុជាទទួលបានពានរង្វាន់ពិភពលោកលើគោលដៅទេសចរណ៍វប្បធម៌ និងទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ី

ព័ត៌មាន
កម្ពុជាទទួលបានពានរង្វាន់ពិភពលោកចំនួនពីរ ពីស្ថាប័ន World Travel Awards ដែលជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេ និងទេសចរណ៍យុវជនឈានមុខគេ ក្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ