ទុនបម្រុងអន្តរជាតិកម្ពុជាកើនឡើងដល់១៨,៤ពាន់លានដុល្លារ

ទុនបម្រុងអន្តរជាតិកម្ពុជាចាប់ផ្ដើមកើនឡើងវិញនៅឆមាសទី១ឆ្នាំនេះ មកដល់ជាង ១៨ពាន់លានដុល្លារ


ទោះបីវិបត្តិសកល ជាពិសេសសង្គ្រាមនៅអ៊ុយក្រែន នូវបន្តដាក់សម្ពាធមកលើសេដ្ឋកិច្ចពិភពលោក និងតំបន់ ក៏ពិតមែន ក៏ប៉ុន្តែសម្រាប់សេដ្ឋកិច្ចកម្ពុជា នៅតែបង្ហាញពីតួលេខកំណើនជាវិជ្ជមាន។ យ៉ាងណាមិញ បើមើលទៅលើទុនបម្រុងអន្តរជាតិរបស់កម្ពុជា ដែលកំពុងមាននាពេលបច្ចុប្បន្ននេះវិញ គឺនៅតែរក្សាបានក្នុងកម្រិតខ្ពស់ ជាង១៨ពាន់លានដុល្លារ ដែលអាចធានារ៉ាប់រងការនាំចូលទំនិញបានរហូតដល់ ៧ខែ ឯណោះ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣។
ទុនបម្រុងអន្តរជាតិកម្ពុជាចាប់ផ្ដើមកើនឡើងវិញនៅឆមាសទី១ឆ្នាំ មកដល់ជាង ១៨ពាន់លានដុល្លារ

យោងតាមរបាយការណ៍​សង្ខេបស្ដី​ពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា បាននិងកំពុងងើបឡើងវិញ តាមរយៈការកើនឡើងនៃភ្ញៀវទេសចរអន្តរជាតិ, គម្រោងសាងសង់, គម្រោងវិនិយោគលើ​វិស័យឧស្សាហកម្ម-សេវាកម្ម និងការបន្តកើនឡើងនូវផលិកម្មក្នុងស្រុក បើទោះបីជាស្ថិតក្រោម​សម្ពាធពីវិបត្តិសាកល ក៏ដោយចុះ។ របាយការណ៍ដដែលនេះបានបង្ហាញដែរថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ ទុនបម្រុងអន្តរជាតិកម្ពុជា បានកើនដល់ ១៨,៤ពាន់លានដុល្លារអាមេរិកមានការកើនឡើង ៣,២% បើធៀបទៅនឹងចុងខែធ្នូ ឆ្នាំ២០២២ ដែលទុនបម្រុងអន្តរជាតិកម្ពុជាមានចំនួន​១៧,៨ពាន់លានដុ​ល្លារអាមេរិក។ កម្រិតខ្ពស់នៃទុនបម្រុងអន្តរជាតិនេះ បង្ហាញពីលទ្ធភាពរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ ទំនុកចិត្តលើរូបិយវត្ថុជាតិមូលដ្ឋាន សម្រាប់ការខ្ចីក្រៅប្រទេស ព្រមទាំងផ្តល់ការការពារគ្រប់គ្រាន់ សម្រាប់បំពេញតម្រូវការសន្ទនីយភាពទប់ទល់នឹងវិបត្តិខាងក្រៅ។ បើទោះជាបែបនេះក្ដី ធនាគារជាតិនៃកម្ពុជា នៅតែបន្តយកចិត្តទុកដាក់លើការបង្កើនការវិនិយោគលើសញ្ញាប័ណ្ណបៃតង និងសញ្ញាប័ណ្ណដែលពាក់ព័ន្ធនឹងបរិស្ថាន សង្គម និងអភិបាលកិច្ច ដែលបោះផ្សាយដោយស្ថាប័ន​ហិរញ្ញវត្ថុអន្តរជាតិធំៗ ដូចជាប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន និងនៅតំបន់អឺរ៉ុប ជាដើម។

ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា ការពង្រឹងការប្រើប្រាស់​ប្រាក់រៀលឱ្យកាន់តែទូលំទូលាយនៅតែជាការងារចាំបាច់ ដើម្បីកាត់បន្ថយឥទ្ធិពល​ពីកត្តាខាងក្រៅ​មកលើកម្រិត​ថ្លៃ​នៅកម្ពុជា និងពង្រឹងប្រសិទ្ធភាពនយោបាយរូបិយវត្ថុក្នុងការគ្រប់គ្រង​ស្ថិរភាពថ្លៃ និងជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព។ បើតាមឯកឧត្តមអគ្គទេសាភិបាល​ធនាគារជាតិនៃកម្ពុជា ការប្រើប្រាស់ប្រាក់រៀលក្នុងសេដ្ឋកិច្ចច្រើន ក៏អាចជួយគរពូន​ទុន​បម្រុងអន្តរជាតិ​ឱ្យកាន់តែខ្ពស់ជាងកម្រិត​បច្ចុប្បន្នថែមទៀត ដែលនឹងពង្រឹងជំនឿទុកចិត្តរបស់វិនិយោគិន និងសាធារណជន​មកលើស្ថិរភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាឱ្យកាន់តែរឹងមាំ។

យ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា កត់សម្គាល់ឃើញថា មកដល់ពាក់កណ្ដាលឆ្នាំ២០២៣ ស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា នៅតែរក្សា​កំណើនជាវិជ្ជមាន។ សម្រាប់ក្រុមអ្នកជំនាញ វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា នឹងនៅតែមាន​ស្ថានភាពល្អប្រសើរ ព្រោះក្រុមអ្នកជំនាញមើលឃើញពីភាពល្អប្រសើរនៃ​លំហូរសាច់ប្រាក់ក្នុងវិស័យនេះ​នៅមានភាពល្អប្រសើរ និងរឹងមាំ។ ម្យ៉ាងវិញទៀត សេដ្ឋកិច្ចកម្ពុជា​ត្រូវបានគេព្យាករថា នឹងមានកំណើន​ក្នុងរង្វង់៥.៥%នៅឆ្នាំនេះ ដែលជាស្ថានភាពល្អប្រសើរមួយសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ​របស់កម្ពុជា។

ជុំវិញស្ថានភាពសេដ្ឋកិច្ចកម្ពុជានេះដែរ ត្រូវបានឯកឧត្តម មាស សុខសេនសាន្ត អ្នកនាំពាក្យ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសថា នៅឆមាសទី១ឆ្នាំនេះ សេដ្ឋកិច្ចរបស់កម្ពុជា នៅតែដំណើរការជាធម្មតា និង ទៅតាមការព្យាករដែលបានគ្រោងទុក។ បើតាមអ្នកនាំពាក្យរូបនេះ ដ្បិតការនាំចេញរបស់កម្ពុជានៅឆមាសទី១ហាក់មានការធ្លាក់ចុះ ក៏ដោយចុះ ប៉ុន្តែក្រសួងសេដ្ឋកិច្ចនៅតែរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួន៥,៦% ដដែល ហើយក៏មិនទាន់មានការផ្លាស់ប្ដូរនោះដែរ។ ដោយឡែកសម្រាប់ស្ថានភាពប្រាក់សន្សំ រាជរដ្ឋាភិបាលកម្ពុជានឹងព្យាយាមសន្សំបន្ថែមទៀត ខណៈបំណុលសាធារណៈដែលកម្ពុជាបាន​ជំពាក់បរទេសវិញ នៅតែអាចគ្រប់គ្រងបានទៅតាមផែនការ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម មាស សុខសេនសាន្ត។

សូមបញ្ជាក់ថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជានៅឆមាសទី១ឆ្នាំ២០២៣ ត្រូវបានគេព្យាករថា នៅតែបន្តសម្រេចបានកំណើនជាវិជ្ជមាន ផ្អែកទៅលើកំណើនខ្ពស់នៃវិស័យទេសចរណ៍, ការបន្តរក្សាកំណើនក្នុងវិស័យកសិកម្ម, សញ្ញាងើបឡើងនៃវិស័យសំណង់ បើទោះបីជា ផលិតកម្មក្នុងវិស័យកម្មន្តសាលបានធ្លាក់ចុះ ដោយសារការថមថយនៃការបញ្ជាទិញពីខាងក្រៅ ក៏ដោយ។ ដោយឡែក សម្រាប់សេដ្ឋកិច្ចពិភពលោកនិងតំបន់ ត្រូវបានគេព្យាករថា នឹងបន្តមានកំណើនទាប នៅឆ្នាំ២០២៣នេះ ខណៈសម្រាប់ប្រទេសកំពុងលូតលាស់និងកំពុង​អភិវឌ្ឍន៍វិញត្រូវបានគេ​រក្សាការព្យាករ កំណើន ៤% ដដែល៕




អត្ថបទបន្ទាប់


សន្សំពិន្ទុកាន់តែច្រើន បានរង្វាន់កាន់តែច្រើននៅលើ AMK Mobile

ព័ត៌មាន
សន្សំពិន្ទុតាមរយៈការបញ្ចូលកាតទូរស័ព្ទ និងទូទាត់វិក្កយបត្រនៅលើ AMK Mobile ដើម្បីទទួលបានរង្វាន់ជាច្រើន។ ឥឡូវនេះ នៅពេលដែលអតិថិជនបញ្ចូលកាត…

រាជរដ្ឋាភិបាលនៅតែបន្តនីតិវិធីបោះផ្សាយបណ្ណបំណុលរដ្ឋ ទោះលទ្ធផលមិនទាន់ដូចការរំពឹងទុកក្តី

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅបោះផ្សាយបណ្ណបំណុលរដ្ឋសរុប ៣០០លានដុល្លារ ដើម្បីជាការសាកល្បងស្រូបទាញយកប្រភពទុនក្នុងស្រុកសម្រាប់ប្រើប្រាស់ក្ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ