ព្រឹត្តិការណ៍​ភូមា

ក្រុមហ៊ុនប្រេង Total និង Chevron ផ្អាកទូទាត់ប្រាក់ទៅឲ្យរបបយោធាភូមា


ក្រុមហ៊ុនប្រេងនិងឧស្ម័នរបស់បារាំង តូតាល់ និង ក្រុមហ៊ុនថាមពល របស់អាមេរិកឈ្មោះឈេហ្វរ៉ុន (Chevron) បានផ្អាកការទូទាត់ប្រាក់មួយចំនួន ដែលបានមកពីការបណ្តាក់ទុនរួមគ្នារបស់ក្រុមហ៊ុនទាំងពីរ ទៅឲ្យរបបយោធាភូមា។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុមហ៊ុនប្រេង Total និង Chevron ផ្អាកទូទាត់ប្រាក់ទៅឲ្យរបបយោធាភូមា (រួបភាព៖https://oilnow.gy)
ដោយ

នៅក្នុងសេចក្តីប្រកាសរួមមួយ ក្រុមហ៊ុនតូតាល់បានគូសបញ្ជាក់ថា៖«ដោយមើលឃើញពីស្ថានការណ៍កាន់តែអាក្រក់ទៅៗក្នុងប្រទេសភូមា និងបន្ទាប់ពីបានទទួលសំណើរួមគ្នាពីក្រុមហ៊ុនឈេហ្វរ៉ុន ក្រុមហ៊ុនទាំងពីរ បានសម្រេចផ្អាករាល់ការបែងចែកសាច់ប្រាក់ទៅឲ្យរដ្ឋាភិបាលយោធាបណ្តោះអាសន្នសិន»។

សេចក្តីថ្លែងការណ៍រួមដដែលបានសង្កត់ធ្ងន់ទៀតថា៖ ក្រុមហ៊ុនតូតាល់សូមធ្វើការថ្កោលទោសចំពោះអំពើហិង្សា និងការំលោភសិទ្ធិមនុស្ស ដែលបាន និងកំពុងកើតឡើងក្នុងប្រទេសភូមា ហើយក្រុមហ៊ុនសូមធ្វើការបញ្ជាក់ជាថ្មីថា ក្រុមហ៊ុននឹងគោរពតាមរាល់សេចក្តីសម្រេចទាំងអស់ពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក និងជាពិសេសសហគមន៍អន្តរជាតិ ជុំវិញការដាក់ទណ្ឌកម្មនានាទៅលើរបបយោធា។

ការសម្រេចចិត្តខាងលើពីសំណាក់ក្រុមហ៊ុនប្រេងធំៗទាំងនេះ បានទទួលការសាទរ និងកោតសសើរជាខ្លាំងពីសង្គមស៊ីវិល និងសកម្មជនប្រជាធិបតេយ្យក្នុងប្រទេសភូមា។ អង្គការសង្គមស៊ីវិលបានស្វាគមន៍ការសម្រេចចិត្ត ដើម្បីព្យួរការទូទាត់ប្រាក់ទាំងនេះ ដែលកន្លងមកវាជាចំណូលមួយផ្នែករបស់ក្រុមយោធា។

ប៉ុន្តែបើតាមអង្គការសង្គមស៊ីវិលនៅភូមា នេះគ្រាន់តែជាចំណែកតូចមួយនៃប្រាក់ចំណូលដែលរបបយោធាកំពុងទទួលបានពីប្រតិបត្តិការរបស់តូតាល់ក្នុងប្រទេសភូមាប៉ុណ្ណោះ ដែលវាបានរួមបញ្ចូលទាំងចំណែករបស់រដ្ឋនៃចំណូលឧស្ម័ន និងពន្ធលើប្រាក់ចំណូលរបស់ក្រុមហ៊ុនវិនិយោគផងដែរ។ ក្រៅពីនោះ យោធានៅតែទទួលបានចំណូលមួយផ្នែកធំទៀត ពីការលក់ប្រេងឆៅ ទៅឲ្យប្រទេសចិនតាមរយៈបំពង់បង្ហូរប្រេងក្នុងរដ្ឋសាន (Shan State) ជាប់ព្រំដែនចិន-ភូមា។

គួរជម្រាបថា ក្រុមហ៊ុនតូតាល់មានភាគហ៊ុនច្រើនជាងគេ នៅក្នុងក្រុមហ៊ុនរកស៊ីប្រេង និងឧស្ម័នរួមគ្នាមួយឈ្មោះ ម៉ូអាតាម៉ា ហ្គាស ត្រេនស្ពតថេសិន (Moattama Gas Transportation) ក្នុងប្រទេសភូមា ក្នុងនោះ តូតាល់មានភាគហ៊ុនជាង ៣១% ក្រុមហ៊ុនឈេហ្វរ៉ុនកាន់កាប់ ២៨% ខណៈក្រុមហ៊ុន PTT-EP របស់ថៃ និងសហគ្រាសប្រេងភូមាកាន់កាប់ចំណែកដែលនៅសេសសល់។

សូមបញ្ជាក់ថា ក្រុមហ៊ុនបរទេសដែលធ្វើជំនួញនៅក្នុងប្រទេសភូមា ជារឿយៗបានរងសម្ពាធពីក្រុមសិទ្ធិមនុស្ស រដ្ឋាភិបាលស៊ីវិល និងសហគមន៍អន្តរជាតិ ឲ្យពិនិត្យមើលប្រតិបត្តិការរកស៊ីរបស់ពួកគេឡើងវិញ គោលដៅដើម្បីបញ្ឈប់ការបង់ប្រាក់ដែលហូរចូលទៅក្នុងរដ្ឋាភិបាលយោធាដែលបានដណ្តើមអំណាចតាមរយៈការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី ១ ខែកុម្ភៈកន្លងទៅ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន និងវៀតណាមព្រមព្រៀងជំរុញការ​នាំចេញនាំចូលឡើងវិញ បន្ទាប់ពីតឹងតែងដាក់គ្នា!

ព័ត៌មាន
ប្រទេសវៀតណាម និង ចិន បានសម្រេចព្រមព្រៀងគ្នាក្នុងការជំរុញសកម្មភាពនាំចេញនាំចូលរវាងគ្នាឲ្យមានភាពល្អប្រសើរឡើងវិញហើយ បន្ទាប់ពីប្រទេសចិនបានរិតត្…

កាសែតអាមេរិកNYT៖ ករណីស្លាប់ដោយសារកូវីដ-១៩នៅឥណ្ឌាអាចនឹងមានលើស ១លាននាក់

ព័ត៌មាន
ករណីអ្នកស្លាប់ដោយសារកូវីដ-១៩ នៅតែបន្ដមានចំនួនរាប់ពាន់នាក់ក្នុងមួយថ្ងៃ តួយ៉ាងតួលេខគិតត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បង្ហាញឲ្យឃើញថា មានអ្នកស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ