ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងអ្នកជំនួញក្នុងវិស័យនាំចេញផលិតផលកម្ពុជា សុទ្ធតែបានបង្ហាញនូវគំនិតសុទិដ្ឋិនិយម និងការយល់ឃើញពីភាពវិជ្ជមានចំពោះចរន្តសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ពិសេសទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងបណ្ដាប្រទេសដទៃ ដែលជាគោលដៅទីផ្សារ ក្នុងការនាំចេញទំនិញរបស់កម្ពុជា។ ក្នុងនោះ ដៃគូពាណិជ្ជកម្មធំៗរបស់កម្ពុជា រួមមាន ចិន អាមេរិក សហភាពអឺរ៉ុប វៀតណាម ថៃ និងជប៉ុជាដើម។
យ៉ាងណាក៏ដោយចុះ បើតាមអ្នកជំនាញ ការនាំចេញទំនិញសំខាន់ៗរបស់កម្ពុជា ត្បិតថា នៅតែរក្សាបានកំណើនជាវិជ្ជមានភាគច្រើនក៏ពិតមែន ប៉ុន្ដែ ក៏មានប្រឈមជួបនឹងបញ្ហាជាច្រើន ពិសេស គឺបញ្ហាលើការដឹកជញ្ជូនតែម្ដង។
ឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា បានកត់សម្គាល់ថា នៅឆមាសទី១ ឆ្នាំ២០២២នេះ វិស័យនាំចេញស្បែកជើង បានជួបបញ្ហាប្រឈមខ្លះ ពិសេសបញ្ហាថ្លៃដឹកជញ្ជូនកើនឡើងយ៉ាងគំហុក និងពេលវេលាដឹកជញ្ជូនមានភាពយឺតយ៉ាវជាដើម។ ទោះយ៉ាងណា កម្ពុជានៅតែអាចជំនះការលំបាកនេះ ដោយដំណើរការនៃការនាំចេញស្បែកជើង នៅឆមាសទី១ ក្នុងឆ្នាំ២០២២នេះ មានការកើនឡើងពី៣០% ទៅ៣៥% ខណៈការបញ្ជាទិញវិញ គឺមានភាគច្រើនមកពី អាមេរិក អឺរ៉ុប កាណាដា និងប្រទេសចិន។
ពាក់ព័ន្ធនឹងការនាំចេញនេះដែរ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវ-អង្ករ កម្ពុជា កត់សម្គាល់ឃើញថា ដំណើរការនាំចេញអង្ករ ហាក់មានភាពប្រសើរជាងឆ្នាំ២០២១ ខណៈប្រទេសចិន នៅតែជាទីផ្សារធំសម្រាប់នាំចេញអង្ករកម្ពុជា។ បើតាម លោក លន់ យ៉េង នៅឆមាសទី១ ឆ្នាំ២០២២នេះ ការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ មានចំនួនសរុបជាង ៣២ម៉ឺនតោន បានកើនឡើងជិត ១៧% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ខណៈការនាំចេញទៅចិន មានជាង៥០% ទៅហើយ នៃការនាំចេញសរុប។ ក្រៅពីនោះ កម្ពុជា បាននាំចេញអង្ករទៅកាន់សហគមន៍អឺរ៉ុប ជាង៣២% តំបន់អាស៊ាន ជាង៨% និងទីផ្សារដទៃ ៧%។
ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី អគ្គលេខាធិការសហព័ន្ធស្រូវ-អង្ករ កម្ពុជា ក៏បានបង្ហាញពីការព្រួយបារម្ភចំពោះបញ្ហាប្រឈមមួយចំនួន ដែលបន្តកើតមានក្នុងវិស័យនេះ ដូចជា បញ្ហាថ្លៃដឹកជញ្ជូន និងការចំណាយលើថ្លៃដើមកាន់តែខ្ពស់ ដូចជា ថ្លៃជី-ថ្នាំកសិកម្ម កាន់តែកើនឡើង ជាដើម។
ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មរបស់កម្ពុជានៅឆមាសទី១នេះ ក្រុមអ្នកជំនាញសេដ្ឋកិច្ចក៏បានកត់សម្គាល់ឃើញថា ដ្បិតបច្ចុប្បន្ន បញ្ហាសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន បានធ្វើឲ្យតម្លៃទំនិញមួយចំនួនឡើងថ្លៃ ដែលជិះឥទ្ធិពលដល់ខ្សែចង្វាក់ផលិតកម្មកម្ពុជា ក៏ប៉ុន្តែ នារយៈពេលប៉ុន្មានខែចុងក្រោយនេះ សកម្មភាពសេដ្ឋកិច្ចកម្ពុជា ហាក់កាន់តែបង្ហាញនូវភាពវិជ្ជមាន។ លោកបណ្ឌិត គី សិរីវុឌ្ឍន៍ និងលោកបណ្ឌិត ហុង វណ្ណៈ ដែលជាអ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងនៃរាជ្យបណ្ឌិតសភាកម្ពុជា បានគូសបញ្ជាក់ថា ការបើកប្រទេសឡើងវិញ ដែលជំរុញឲ្យវិស័យសំខាន់ៗ ដូចជា វិស័យឧស្សាហកម្ម វិស័យកាត់ដេរ ដំណើរការជាប្រក្រតី ជាដើម សុទ្ធតែជាកត្តាជួយជំរុញនូវកំណើនពាណិជ្ជកម្ម នៅឆមាសទី១ ក្នុងឆ្នាំ២០២២នេះ។ ម្យ៉ាងវិញទៀត អ្នកជំនាញក៏បានបន្ថែមថា កិច្ចការពាណិជ្ជកម្មបានដើរតួនាទីយ៉ាងសំខាន់ណាស់នៅក្នុងប្រទេសនីមួយៗ កាលណាទំនាក់ទំនងពាណិជ្ជកម្មទ្វេរភាគី កាន់តែល្អ វានឹងក្លាយជាកត្តាជំរុញឲ្យទំហំពាណិជ្ជកម្ម ប្រទេសនោះកាន់តែមានការកើនឡើង។
សូមបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា មានជាង២៧ពាន់លានដុល្លារអាមេរិក បានកើនឡើង២០%។ ក្នុងនោះ កម្ពុជា បាននាំចេញទំនិញ ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងទំហំទឹកប្រាក់ជាង ១១ពាន់លានដុល្លារ កើនឡើង ៣៤%។ ខណៈការនាំចូលទំនិញមកកម្ពុជាវិញ មានទំហំទឹកប្រាក់ជាង ១៥ពាន់លានដុល្លារ កើនឡើង ១២%។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕