ដោយឡែក នៅឆមាសទី១ នៅឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានរហូតជាង ២៧ពាន់លានដុល្លារឯណោះ ។ តើមានកត្តាអ្វីខ្លះទៀត ដែលជំរុញឲ្យទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា បន្តកើនឡើងជាលំដាប់ ក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ ស្របពេលពិភពលោកកំពុងប្រឈមខ្លាំងនូវជំងឺកូវីដ១៩ និងសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន?
ថ្លែងនាឱកាសសន្និសីទសារព័ត៌មានស្ដីពី«សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងពាណិជ្ជកម្ម» ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យឆ្លាស់វេន ក្រសួងពាណិជ្ជកម្ម បានបង្ហាញពីវឌ្ឍនភាពរបស់ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា នារយៈពេល ៥ឆ្នាំ ចុងក្រោយនេះ។ ឯកឧត្តម ប៉ែន សុវិជាតិ បានកត់សម្គាល់ឃើញថា ដ្បិតពិភពលោក រួមទាំងកម្ពុជា បាននិងកំពុងជួបប្រទះនូវបញ្ហាប្រឈមពីវិបត្តិកូវីដ១៩ និងសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន ក៏ពិតមែន តែទំនាក់ទំទងទ្វេរភាគីរវាងកម្ពុជា និងបណ្ដាប្រទេសអន្តរជាតិ នៅតែរក្សាបាននូវភាពវិជ្ជមាន ពិសេសការនាំចេញផលិតផលកម្ពុជា ទៅកាន់ទីផ្សារគោលដៅ តែម្ដង។ ឯកឧត្តម ប៉ែន សុវិជាតិ បន្ថែមថា នៅឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានប្រមាណ ២៩ពាន់លានដុល្លារប៉ុណ្ណោះ ខណៈនៅឆ្នាំ២០២១នេះ កើនឡើងដល់ ៤៨ពាន់លានដុល្លារ។ ហើយបើគិត នៅត្រឹមឆមាសទី១ ក្នុងឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា សម្រេចបានជាង ២៧លានដុល្លារ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ អះអាងថា វិស័យសំខាន់ៗ ដែលចូលរួមគាំទ្រ ក្នុងការជំរុញកំណើនទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា រួមមាន វិស័យឧស្សាហកម្ម វិស័យកាត់ដេរ វិស័យសេវាកម្ម រួមទាំងវិស័យកសិកម្ម ផងដែរ។ ដោយឡែក ទាក់ទងនឹងវិស័យកសិកម្ម កាន់តែបង្ហាញពីភាពរឹងមាំ និងសក្ដានុពលរបស់ខ្លួន នៅលើទីផ្សារ អន្តរជាតិ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសអំឡុងវិបត្តិកូវីដ១៩ ដែលនេះជាឱកាសជំរុញឲ្យទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា បន្តកើនឡើងជាបន្តបន្ទាប់។
យ៉ាងណាក៏ដោយ ក្រសួងពាណិជ្ជកម្មកម្ពុជា ក៏បានដាក់ចេញនូវផែនការជាបន្តបន្ទាប់ ដើម្បីឲ្យកិច្ចការក្រសួងពាណិជ្ជកម្ម កាន់តែមានប្រសិទ្ធិភាពខ្ពស់ ក្រសួងពាណិជ្ជកម្មក៏បានដាក់ចេញនូវទិសដៅមួយចំនួន ដូចជា បន្តការធ្វើសមាហរណកម្មពាណិជ្ជកម្មកម្ពុជាទៅក្នុងតំបន់និងពិភពលោកតាមរយៈការរៀបចំគោល នយោបាយពាណិជ្ជកម្មថ្មីៗ ឱ្យស្រប និងស៊ីសង្វាក់ជាមួយនឹងសភាពការណ៍ទីផ្សារតំបន់និងពិភពលោក។ បន្តនិងជំរុញការចរចារបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ជាមួយប្រទេសដៃគូ។ បន្តអនុវត្តកិច្ចសម្រួលពាណិជ្ជកម្មដោយប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា លុបបំបាត់នូវរាល់ឧបសគ្គនិង របាំងពាណិជ្ជកម្មនានា សំដៅបង្កើតនិងកែលម្អបរិយាកាសពាណិជ្ជកម្មឱ្យមានភាពទាក់ទាញ។ បន្តបង្កើតច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានាដើម្បីជួយសម្រួល ការពារ និងទាក់ទាញការធ្វើ ពាណិជ្ជកម្មក្នុងប្រទេសក៏ដូចជាការធ្វើពាណិជ្ជកម្មអន្ដរជាតិ។ បន្តសម្របសម្រួល សហការលើការងារជំរុញពាណិជ្ជកម្មតាមព្រំដែនជាមួយប្រទេសជិតខាងឱ្យមាន ប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបាននូវការនាំចេញកសិផលប្រកបដោយនិរន្តរភាព និងពង្រឹងប្រសិទ្ធភាពត្រួតពិនិត្យទំនិញ និងសេវា សំដៅការពារផលប្រយោជន៍ និងសិទ្ធអ្នកប្រើប្រាស់។
សូមបញ្ជាក់ថា នៅរយៈពេល ៥ឆ្នាំចុងក្រោយនេះ ពោលចាប់ពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២២នេះ ក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រមូលចំណូលចូលថវិការដ្ឋ ក្នុងបរិមាណសរុបប្រមាណ ៥០០ពាន់លានរៀល ឬស្មើនឹងជាង១២២លានដុល្លារអាមេរិក។ ដោយឡែក នៅរយៈពេល ឆមាសទី១ នៅឆ្នាំ២០២២នេះ ក្រសួងពាណិជ្ជកម្មកម្ពុជា ទទួលបានចំណូលជិត១៣លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា៕