ការនាំចេញស្រូវ-អង្ករ

កម្ពុជារកចំណូលបាន ៦០០លានដុល្លារពីការនាំចេញស្រូវ-អង្ករ នៅឆមាសទី១ឆ្នាំ២០២២


ដំណើរការនៃការនាំចេញស្រូវ អង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ បើទោះជួបបញ្ហាមួយចំនួន នៅអំឡុងពេលកូវីដ១៩រាតត្បាតក៏ពិតមែន ប៉ុន្ដែនៅតែអាចដំណើរការជាធម្មតា ថែមទាំងការនាំចេញកើនឡើងថែមទៀតផង។ ជាក់ស្ដែង នៅឆមាសទី១ ឆ្នាំ២០២២ ការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ មានបរិមាណជាង ៣២ម៉ឺនតោន មានកំណើនជាង ១៦% ដែលគិតជាទឹកប្រាក់ជិត ២០០លានដុល្លារ ខណៈការនាំចេញស្រូវវិញសម្រេចបានជាង១លាន៧សែនតោន ជាមួយទំហំទឹកប្រាក់ជាង៤០០លានដុល្លារ។
ការនាំចេញស្រូវ-អង្ករកម្ពុជា

សរុបជារួម នៅ៦ខែដំបូងឆ្នាំនេះ ទឹកប្រាក់ដែលបានមកពីការនាំចេញស្រូវអង្ករមានដល់ទៅប្រមាណ ៦០០លានដុល្លារអាមេរិកឯណោះ។ នេះបើយោងតាមរបាយការណ៍ដែលបង្ហាញដោយសហព័ន្ធស្រូវអង្ករកម្ពុជា។

យោងតាមរបាយការណ៍ដែលបង្ហាញដោយសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា នៅឆមាសទី១ ឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទទៅកាន់ទីផ្សារអន្តរជាតិ ក្នុងបរិមាណជាង ៣២ម៉ឺនតោន មានកំណើនជាង ១៦% ដែលគិតជាទឹកប្រាក់ប្រមាណ ២០០លានដុល្លារ។ ក្នុងនោះ ប្រទេសចិន នៅតែជាទីផ្សារសំខាន់ជាងគេ ក្នុងការនាំចេញអង្កររបស់កម្ពុជា ដែលស្មើនឹង៥០% នៃការនាំចេញអង្ករសរុបរបស់កម្ពុជា។ ខណៈនៅឆមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញអង្ករ ទៅទីផ្សារប្រទេសចិន ចំនួនជាង ១៦ម៉ឺនតោន មានការកើនឡើង ១៧% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ជាមួយគ្នានោះ កម្ពុជា បាននាំចេញអង្ករទៅកាន់ទ្វីបអឺរ៉ុប ជាង១០ម៉ឺនតោន មានកំណើន ៤៧%, តំបន់អាស៊ាន ជិត៣ម៉ឺនតោន មានការកើនឡើង ៧% ហើយកម្ពុជា បាននាំចេញអង្ករទៅកាន់គោលដៅផ្សេងៗ ចំនួន ២ម៉ឺនតោន ផងដែរ។ ដោយឡែក នៅឆមាសទី១ ឆ្នាំ២០២២ កម្ពុជា ក៏បាននាំចេញស្រូវ ជាង ១លាន៧សែនតោន ទៅកាន់ទីផ្សារប្រទេសវៀតណាម និងទទួលបានចំណូលជាង ៤០០លានដុល្លារ។

ជុំវិញដំណើរការនៃការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនេះដែរ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវ-អង្ករ កម្ពុជា កាលពីពេលថ្មីៗនេះ បានកត់សម្គាល់ដូច្នេះ ដំណើរការនាំចេញអង្ករ របស់កម្ពុជា នៅឆមាសទី១ ឆ្នាំ២០២២នេះ ហាក់មានភាពប្រសើរជាងឆ្នាំ២០២១ ហើយប្រទេសចិន នៅតែជាទីផ្សារធំសម្រាប់នាំចេញអង្កររបស់កម្ពុជា។ បើទោះជាបែបនេះក្ដី អគ្គលេខាធិការសហព័ន្ធស្រូវ-អង្ករ កម្ពុជា ក៏បានបង្ហាញពីការព្រួយបារម្ភចំពោះបញ្ហាប្រឈមមួយចំនួន ដែលបន្តកើតមានក្នុងវិស័យនេះ ដូចជា បញ្ហាថ្លៃដឹកជញ្ជូន និងការចំណាយលើថ្លៃដើមកាន់តែខ្ពស់ ដូចជា ថ្លៃជី-ថ្នាំកសិកម្ម កាន់តែកើនឡើង ជាដើម។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យកសិកម្ម គឺជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យសំខាន់ៗ ដទៃ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ហើយវិស័យនេះកាន់តែបង្ហាញពីសក្ដានុពល និងអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស នារយៈពេល ៥ឆ្នាំចុងក្រោយនេះ។

សូមបញ្ជាក់ថា វិស័យកសិកម្មបានចូលរួមចំណែកជាង ២៤% នៅក្នុងវិស័យសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិស័យឧស្សាហកម្ម បានរួមចំណែក ជាង ៣៨% និង វិស័យសេវាកម្ម វិញរួមចំណែក ៣៧%។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ៕




អត្ថបទបន្ទាប់


អេស៊ីលីដាចូលរួមផ្តល់ឥណទានសម្រាប់ការស្តារ និងជំរុញកំណើនវិស័យទេសចរណ៍ ក្នុងអត្រាការប្រាក់ទាបត្រឹមតែ ៦,៥% ក្នុងមួយឆ្នាំ

ព័ត៌មាន
ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជខ្មែរ ដ៏ធំជាងគេមួយនៅកម្ពុជា បានចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគម្រោងសហហិរញ្ញប្បទា…

គយប្រមូលប្រមូលពន្ធ និងអាករបានជាង៤លានដុល្លារ ពីរថយន្តចង្កូតស្ដាំ និងឆ្វេងដែលមកបង់ពន្ធ

ព័ត៌មាន
ដោយអនុលោមតាមការសម្រេចរបស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីការអនុញ្ញាតឱ្យប្រមូលពន្ធនិងអាករលើរថយន្តចង្កូតស្ដា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ