ឧកញ៉ា ម៉ុង រិទ្ធថា អគ្គនាយកក្រុមហ៊ុន ផែ ឧកញ៉ា ម៉ុង ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុបបានគូសបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសថា ការនាំចេញដូងប្រេងទៅក្រៅប្រទេសនៅពេញមួយឆ្នាំ២០២៤ សម្រេចបាន៥ម៉ឺន១ពាន់តោន មានការថយចុះជិត១ម៉ឺនតោន ឬជាង៥% បើធៀបនឹងឆ្នាំ២០២៣។ ទោះបីបរិមាណនាំចេញមានការថយចុះ តែទំហទឹកប្រាក់បែជាមានការកើនឡើងទៅវិញ។ បើយោងតាមរបាយការណ៍ដែលផ្តល់ដោយឧកញ៉ា ម៉ុង រិទ្ធថា នៅក្នុងឆ្នាំ២០២៤ តម្លៃនាំចេញដូងប្រេងមានទំហំជាង៥៣លានដុល្លារមានការកើនឡើងប្រមាណជាង៣លានដុល្លារ បើធៀបនឹងឆ្នាំ២០២៣ ដែលមានត្រឹមតែប្រមាណ៥០លានដុល្លារ។
តាមផែនការ នៅក្នុងឆ្នាំ២០២៥ នេះ ក្រុមហ៊ុនដាក់គោលដៅនាំចេញដូងប្រេងឱ្យបានប្រមាណ៥ម៉ឺនតោន ពោលគឺប្រហាក់ប្រហែលនឹងឆ្នាំ២០២៤ ដែរ។ បច្ចុប្បន្នប្រទេសឥណ្ឌាជាទីផ្សារនាំចូលដូងប្រេងធំជាងគេរបស់កម្ពុជា។ នេះបើតាមការគូសបញ្ចាក់របស់អគ្គនាយកក្រុមហ៊ុន ផែ ឧកញ៉ា ម៉ុង។
គួរបញ្ជាក់ថា ដូងប្រេងចាប់ផ្ដើមមានតម្លៃខ្ពស់នៅឆ្នាំ២០២២ ដោយសារនៅដើមឆ្នាំ២០២២ ពិភពលោកបានជួបប្រទះនូវបញ្ហាជាបន្តបន្ទាប់ ជាពិសេសការអូសបន្លាយនៃសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន បានធ្វើឲ្យមានសម្ពាធអតិផរណាកាន់តែខ្លាំង ដែលជំរុញឲ្យទំនិញប្រើប្រាស់ប្រចាំថ្ងៃ រួមទាំងដូងប្រេងបានឡើងថ្លៃ។
បើតាមការគូសបញ្ជាក់របស់មហាសេដ្ឋីកសិកម្មអ្នកឧកញ៉ា ម៉ុង ឬទ្ធី ដំណាំដូងប្រេងបច្ចុប្បន្នមិនសូវមានអ្នកដាំដុះនោះទេ ព្រោះដំណាំប្រភេទនេះទាមទារលក្ខខណ្ឌច្រើនដូចជាកត្តាដី ទឹក បច្ចេកទេស ហិរញ្ញវត្ថុ និងផ្ទៃដីធំ ជាពិសេសត្រូវចំណាយដើមទុនច្រើន ដែលកត្តានេះទាមទារឱ្យមានការជួយគាំទ្រពីស្ថាប័នផ្សេងៗលើផ្នែកហិរញ្ញប្បទាន។ បច្ចុប្បន្ន ក្រុមហ៊ុន ម៉ុង ឬទ្ធី បានដាំដុះដូងប្រេងលើផ្ទៃដីជាង១ម៉ឺន៦ពាន់ហិកតា ដែលសុទ្ធតែអាចប្រមូលផលបាន៕
អត្ថបទ៖ បូ ដូឡា