ចក្រភពអង់គ្លេស

កៅអីនាយករដ្ឋមន្ត្រីអង់គ្លេសកំពុងរង្គើខ្លាំង ខណៈរដ្ឋមន្ត្រីមួយចំនួនដាក់ពាក្យលាលែង


តំណែងនាយករដ្ឋមន្ត្រីអង់គ្លេសរបស់លោក Boris Johnson កំពុងរង្គោះរង្គើយ៉ាងខ្លាំងនាពេលនេះ។ រង្គោះរង្គើ ក៏ដោយសារតែ មានរដ្ឋមន្ត្រីសំខាន់ៗមួយចំនួន បានដាក់ពាក្យសុំលាលែងពីតំណែង ដោយសារតែពួកគេមិនពេញចិត្តនឹងការដឹកនាំរបស់លោក បូរីស ចនសុន ហើយពួកគេបាននិយាយថា លោក ចនសុន មិនស័ក្កសមនឹងកាន់អំណាចបន្ដទៀតទេ និងមានសមាជិកសភាកាន់តែច្រើនឡើង គ៏បានអំពាវនាវឱ្យលោកចុះចេញពីតំណែងផងដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានរ៉យទ័រ។
តំណែងនាយករដ្ឋមន្ត្រីអង់គ្លេសរបស់លោក Boris Johnson ពុងរង្គោះរង្គើយ៉ាងខ្លាំងនាពេលនេះ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីសុខាភិបាលរបស់អង់គ្លេស បានលាឈប់ពីតំណែងកាលពីថ្ងៃអង្គារសប្ដាហ៍នេះ រួមជាមួយតួនាទីតូចៗជាច្រើនទៀតដោយនិយាយថា ពួកគេមិនអាចបន្តនៅក្នុងរដ្ឋាភិបាលនេះបានទៀតនោះទេបន្ទាប់ពីរឿងអាស្រូវចុងក្រោយបង្អស់បានធ្វើឱ្យប៉ះពាល់ដល់រដ្ឋបាលរបស់លោក ចនសុន។

ដោយមានការអំពាវនាវកាន់តែខ្លាំងឡើងសុំឱ្យលាលែងពីតំណែងនោះ លោក ចនសុន បានបង្ហាញពីការប្តេជ្ញាចិត្តរបស់លោកក្រាញននៀលក្នុងការបន្តកាន់តំណែងដដែល ដោយសម្រេចតែងតាំងអ្នកជំនួញ និងជារដ្ឋមន្ត្រីអប់រំ គឺលោកណាឌីម ហ្សាហាវី (Nadhim Zahawi) ធ្វើជារដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មី និងបំពេញតួនាទីទំនេរៗមួយចំនួនទៀតផងដែរ។

លោក ហ្សាហាវី ដែលនឹងត្រូវឡើងមកកាន់តំណែងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថ្មីនោះ បានប្រាប់អ្នកសារព័ត៌មានដែរថា លោកនឹងពិនិត្យមើលជម្រើសទាំងអស់ ដើម្បីកសាង និងជំរុញកំណើនសេដ្ឋកិច្ច ដែលកំពុងជួបការលំបាក និងទប់ទល់អតិផរណា។

សមាជិកសភាម្នាក់មកពីគណបក្សអភិរក្សនិយមបានប្រាប់រ៉យទ័រនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា គាត់សង្ស័យតែគេនឹងត្រូវចាប់អូសលោក ចនសុន ចេញពីកៅអីរដ្ឋាភិបាលអង់គ្លេសទេតែម្ដងទេមើលទៅ ប៉ុន្តែប្រសិនបើចាំបាច់ត្រូវតែធ្វើបែបនោះមែន នោះពួកគេនឹងធ្វើជាមិនខានឡើយ។

លោក ចនសុន ជាអតីតអ្នកកាសែត និងជាអភិបាលក្រុងឡុងដ៍ដែលបានក្លាយជាមុខសញ្ញានៃការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុបនោះ បានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីនៅឆ្នាំ២០១៩ នៅមុនពេលលោកបានចាត់វិធានការទប់ទល់ប្រកបដោយភាពវឹកវរជាញឹកញាប់ក្នុងការគ្រប់គ្រងអំណាចរបស់លោក។

ភាពជាអ្នកដឹកនាំរបស់លោកបានជាប់គាំងនៅក្នុងរឿងអាស្រូវ និងការដើរខុសគន្លងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយនាយករដ្ឋមន្ត្រីលោក ចនសុន ត្រូវបានប៉ូលិសផាកពិន័យចំពោះការបំពានច្បាប់ស្ដីពីការបិទខ្ទប់ជំងឺខូវីដ១៩ និងរបាយការណ៍ដ៏អាក្រក់មួយដែលបានចេញផ្សាយពីអាកប្បកិរិយារបស់មន្ត្រីនៅការិយាល័យរដ្ឋាភិបាលរបស់លោក ដែលបានបំពានច្បាប់នៃការបិទខ្ទប់ផ្ទាល់ខ្លួនរបស់ពួកគេជាដើម។

ក៏មានការរិះគន់ផងដែរថា លោក ចនសុន មិនបានធ្វើគ្រប់គ្រាន់ ដើម្បីដោះស្រាយវិបត្តិតម្លៃនៃការទ្រទ្រង់ជីវភាពដល់ពលរដ្ឋអង់គ្លេសជាច្រើន ដែលកំពុងតស៊ូដើម្បីទប់ទល់ការឡើងថ្លៃប្រេងឥន្ធនៈ និងអាហារនោះទេ។

កាសែត The Times of London បាននិយាយថា «ភាពមិនស្មោះត្រង់ជាបន្តបន្ទាប់» របស់លោក Johnson គឺបាន«បំផ្លាញទាំងស្រុង»នូវរដ្ឋាភិបាលដែលមានប្រសិទ្ធភាពមួយនេះ ហើយបាននិយាយទៀតថា ប្រសិនបើលោក ចនសុន នៅតែសាបព្រួសភាពវឹកវរជារៀងរាល់ថ្ងៃបែបនេះ យកល្អដើម្បីផលប្រយោជន៍នៃប្រទេសជាតិ លោកគួរតែចុះចេញពីតំណែងទៅល្អជាង។

ការប្រកួតចុងក្រោយបំផុតរបស់អ្នកនយោបាយ នៅក្នុងការគ្រប់គ្រងប្រទេសអង់គ្លេសនេះ បានកើតឡើងនៅស្របពេលដែលសេដ្ឋកិច្ចបានធ្លាក់ចុះយ៉ាងឆាប់រហ័សដោយអ្នកសេដ្ឋកិច្ចមួយចំនួនបានព្រមានថា ប្រទេសនេះអាចឈានទៅរកវិបត្តិសេដ្ឋកិច្ចនាពេលខាងមុខ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកត្រៀមជំរុញក្រុមប្រទេសG20 ដាក់សម្ពាធបន្ថែមលើរុស្សីឲ្យបើកផ្លូវសមុទ្រ ព្រមទាំងបានព្រមានចិនកុំឲ្យលូកដៃជួយរុស្ស៊ី

ព័ត៌មាន
នៅក្នុងជំនួបថ្នាក់រដ្ឋមន្រ្តីនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីចុងសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោកអាតូនី ប្លីនខេន (Antony Blinken) នឹងអ…

ធនាគារកណ្ដាលហ្វីលីពីននឹងបង្កើនអត្រាការប្រាក់១%បន្ថែម ដើម្បីទប់ទល់អតិផរណា

ព័ត៌មាន
អត្រាអតិផរណានៅប្រទេសហ្វីលីពីន កាលពីខែមីនា បានកើនឡើងដល់កម្រិតមួយខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងរយៈពេលជិត ៤ ឆ្នាំមកនេះ ដែលធ្វើឱ្យគេរំពឹងទុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ