ប្រតិបត្តិករទេសចរណ៍ និងអ្នករកស៊ីក្នុងវិស័យអាកាសចរណ៍បានធ្វើសន្និសីទរួមគ្នាមួយនៅព្រឹកថ្ងៃទី២៣ កញ្ញា ដើម្បីបង្ហាញពីការត្រៀមខ្លួនរបស់ពួកគេក្នុងការទទួលភ្ញៀវទេសចរបរទេសចាក់វ៉ាក់សាំងកូវីដ-១៩រួច ដែលរាជរដ្ឋាភិបាលគ្រោងបើកនៅចុងឆ្នាំនេះ។
ក្នុងសន្និសីទនោះ លោក Alain Brun នាយកប្រតិបត្តិក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានអះអាងថា ក្រុមហ៊ុន Cambodia Airport បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីត្រៀមទទួលភ្ញៀវទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចនៅចុងឆ្នាំ២០២១ នេះ។ លោកអះអាងថា ព្រលានយន្តហោះទាំង៣ រួមមានអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប មានសមត្ថភាពគ្រប់គ្រាន់ក្នុងការត្រៀមទទួលអ្នកដំណើរដែលមកទឹកដីកម្ពុជាប្រកបដោយសុវត្ថិភាព និងមិនបង្កហានិភ័យក្នុងការចម្លងមេរោគកូវីដ-១៩។
នាយកប្រតិបត្តិរូបនេះ យល់ឃើញថា វាល្មមដល់ពេលហើយ ដែលកម្ពុជាគួរបើកជើងមេឃទទួលភ្ញៀវទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួច ដើម្បីជួយស្រោចស្រង់វិស័យអាកាសចរណ៍ ដែលរងប៉ះពាល់ខ្លាំងជាងគេដោយសារវិបត្តិកូវីដ-១៩។ ប៉ុន្តែប្រសិនបើកម្ពុជាបន្តពន្យារពេលបន្ថែមទៀត វានឹងធ្វើឲ្យវិស័យនេះ រងផលប៉ះពាល់កាន់តែខ្លាំង។ បើតាមការអះអាងរបស់លោក Alain នៅក្នុងរយៈពេលជិតពីរឆ្នាំកន្លងមកនេះវិស័យអាកាសចរណ៍បានធ្លាក់ចុះជាង៩០% បើធៀបនឹងពេលមិនទាន់វិបត្តិកូវីដ-១៩។
ជាមួយគ្នានេះ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោកជំទាវ ឆាយ ស៊ីវលីន បានអះអាងថា ប្រតិបត្តិករទេសចរក៏បានត្រៀមខ្លួនរាល់ហើយដែរ ក្នុងការត្រៀមទទួលភ្ញៀវទេសចរបរទេសជាកញ្ចប់ដែលបានចាក់វ៉ាក់សាំងកូវីដ -១៩ រួច ខណៈបច្ចុប្បន្នពួកគេកំពុងរង់ចាំការប្រកាសបើកតំបន់ទេសចរណ៍ជាផ្លូវការពីសំណាក់រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធយ៉ាងអន្ទះសារ។ ទន្ទឹមនឹងនេះ លោកជំទាវ ស្នើឲ្យរដ្ឋាភិបាលពន្លឿនការប្រកាសកាលបរិច្ឆេទនៃគម្រោងបើកទទួលភ្ញៀវទេសចរបរទេសឡើងវិញឲ្យបានឆាប់ ដើម្បីឲ្យវិស័យឯកជនមានពេលគ្រប់គ្រាន់ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ ត្រៀមទទួលភ្ញៀវទេសចរបរទេសប្រកបដោយប្រសិទ្ធិភាព និងសុវត្ថិភាពខ្ពស់។
អ្នកជំនាញរូបនេះអះអាងថា កម្ពុជាអាចនឹងបាត់បង់ឱកាសក្នុងការទាក់ទាញភ្ញៀវទេសបរទេសក្នុងអំឡុងនៃវិស្សមកាលនៅចុងឆ្នាំនេះ ប្រសិនបើរាជរដ្ឋាភិបាលយឺតយ៉ាវក្នុងការប្រកាសពីកាលបរិច្ឆេទនៃគម្រោងបើកតំបន់ទេសចរណ៍ទទួលភ្ញៀវទេសចរបរទេស ដែលបានវ៉ាក់សាំងកូវីដ-១៩ រួចនេះ។ បាត់បង់ឱកាសដោយសារភ្ញៀវទេសចរបរទេសទាំងនោះ អាចទៅទទួលយកសេវាកម្មទេសចរណ៍របស់ប្រទេសផ្សេងៗជំនួសសេវាកម្មទេសចរណ៍របស់កម្ពុជា។ ព្រោះភ្ញៀវទេសចរបរទេសនៅបស្ចិមប្រទេសត្រូវការពេលយ៉ាងតិចពី៣ទៅ៤ខែ ដើម្បីរៀបចំផែនការធ្វើដំណើរកម្សាន្តមកកាន់តំបន់អាស៊ី។
ពាក់ព័ន្ធនឹងការបើកទទួលភ្ញៀវទេសចរបរទេសនេះដែរ លោក Hamish SNOW អ្នកគ្រប់គ្រងក្រុមហ៊ុនកាថេ ប៉ាស៊ីហ្វិក (Cathay Pacific) ប្រចាំប្រទេសកម្ពុជាបានអះអាងថា ក្រុមហ៊ុនលោកនឹងអនុវត្តវិធានការស្ដង់ដារប្រតិបត្តិការ (SOP) របស់ក្រសួងសុខាភិបាលឲ្យបានម៉ឺងម៉ាត់បំផុត តាមរយៈការកាត់បន្ថយចំនួនដំណើរពី១០០%មកនៅត្រឹមជាង៤០% ក្នុង១យន្តហោះ និងការវិធានការការពារផ្សេងៗទៀត។
គួររំលឹកថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសថា សម្តេចនឹងបើកសេវាទេសចរវ៉ាក់សាំងនៅចុងឆ្នាំនេះ តែសម្តេចមិនទាន់បញ្ជាក់ពីពេលវេលាជាក់លាក់នៃបើកសេវានេះនៅឡើយទេ។ សេវាទេសចរណ៍វ៉ាក់សាំងនេះសម្តេចអះអាងថាអាចអនុវត្តដំបូងគេជាមួយប្រទេសចិន ដោយសរតែប្រទេសនេះ មានការគ្រប់គ្រងបានល្អលើបញ្ហាកូវីដ-១៩៕