ការសិក្សាដដែលបានបង្ហាញថា ជាមួយនឹងបច្ចេកវិទ្យាទំនើបក្នុងយុគសម័យបដិវត្តឧស្សាហកម្មលើកទី៤ ឱកាសការងារជារួមនឹងមានការកើនឡើងក្នុងរង្វង់ ៣៩% សម្រាប់វិស័យកាត់ដេរ និង ២%សម្រាប់វិស័យទេសចរណ៍។ ប៉ុន្តែការសិក្សាក៏បានព្រមានដែរថា កម្មករនិយោជិតអាចនឹងពិបាកសម្រប និងផ្លាស់ប្តូរទៅនឹងការងារថ្មី បើសិនជាពួកគាត់ពុំមានការអភិវឌ្ឍជំនាញបានគ្រប់គ្រាន់ និងទាន់ពេលវេលា។
ADB បានរកឃើញថា ការផ្លាស់ប្តូរការងារក៏ទំនងជាជះឥទ្ធិពលដល់ស្រ្តីក្នុងឧស្សាហម្មផលិតសម្លៀកបំពាក់នៅកម្ពុជាប្រមាណ ៨១%។
មិនមែនតែកម្មករនិយោកជិតដែលខ្វះខាតការអភិវឌ្ឍជំនាញប៉ុណ្ណោះទេ ប៉ុន្តែនិយោជករោងចក្រកាត់ដេរនិងទេសចរណ៍មួយចំនួនក៏មិនទាន់យល់ដឹងល្អអំពីបច្ចេកវិទ្យាទំនើបនៃបដិវត្តឧស្សាហកម្មលើកទី៤ដែរ។ លទ្ធផលនៃការសិក្សាបានបង្ហាញថា មានតែ២៨%នៃនិយោជករោងចក្រកាត់ដេរ និង ៣៥%នៃនិយោជកក្នុងវិស័យទេសចរណ៍ប៉ុណ្ណោះ ដែលមានការយល់ដឹងល្អពីបញ្ហានេះ។
យ៉ាងណាមិញ ADB បានលើកទឹកចិត្តរដ្ឋាភិបាលកម្ពុជា អភិវឌ្ឍកម្មវិធីអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដោយផ្តោតលើការទទួលស្គាល់ 4IR ក្នុងវិស័យផលិតកម្មសម្លៀកបំពាក់ និង ទេសចរណ៍ និងផ្តោតលើកម្មវិធីវិញ្ញាបនប័ត្រជំនាញ ប្រកបដោយភាពបត់បែន ដែលអាចទទួលស្គាល់ ការបំពេញជំនាញ ក្រៅប្រពន្ធ័អប់រំប្រពៃណី។
អ្នកជំនាញជាន់ខ្ពស់ផ្នែកអប់រំរបស់ ADB លោកស្រី Shanti Jagannathan មានប្រសាសន៍ថា នៅពេលបច្ចេកវិទ្យារីកចម្រើនយ៉ាងឆាប់រហ័ស ការវិនិយោគយ៉ាងច្រើនលើជំនាញឌីជីថលនឹងជួយបង្កើនឱកាសរបស់យុវជននិងមនុស្សវ័យចំណាស់ក្នុងការទទួលបានការងារ ដែលមានគុណភាពខ្ពស់ និងបន្ថយហានិភ័យនៃការបាត់បង់ការងារ ។
លោកស្រីបន្ថែមថា ពេលនេះ គឺជាពេលវេលា ដើម្បីគិតឡើងវិញ នូវការផ្តល់ជំនាញព្រមទាំងអភិវឌ្ឍស្ថាប័នបណ្តុះបណ្តាលឱ្យមានភាពរហ័សរហួនក្នុងការផ្តល់នូវវគ្គសិក្សា និងសញ្ញាបត្រដែលត្រូវនឹងតម្រូវការទីផ្សារ។
លោកកាំង ម៉ូនីកា រដ្ឋលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានគូសបញ្ជាក់ថា កន្លងមកមិនទាន់មានករណីធ្ងន់ធ្ងរណាមួយពីការបាត់បង់ការងាររបស់កម្មកររោងចក្រកាត់ដេរ ដោយសារតែឥទ្ធិពលនៃបដិវត្តឧស្សាហកម្មលើកទី៤នោះទេ។ ប៉ុន្តែ អ្នកជំនាញរូបនេះ អះអាងថា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានសហការជាមួយអង្គការសហប្រជាជាតិទទួលបន្ទុកផែ្នកអភិវឌ្ឍឧស្សាហកម្ម (UNIDO) និងអង្គការពលកម្មអន្តរជាតិ (ILO) ប្រចាំនៅកម្ពុជា ដើម្បីសិក្សាឲ្យបានស៊ីជម្រៅ ក្នុងគោលដៅត្រៀមដាក់ចេញនូវផែនការ ក៏ដូចជាត្រៀមខ្លួនឲ្យបានល្អ ដើម្បីឆ្លើយតបនឹងតម្រូវការការងារក្នុងសម័យបច្ចេកវិទ្យាទំនើបនេះ។
លោក ទុន សុភ័ណ អ្នកសម្របសម្រួលរបស់អង្គការ ILO ប្រចាំនៅកម្ពុជាបានឲ្យដឹងដែរថា តាមការសិក្សាកាលពីពេលកន្លងមក ILO រកឃើញថា ការងារទូទៅ ដែលទាក់ទងនឹងវិស័យផលិតកម្មប្រឈមមុខនឹងការបាត់បង់ក្នុងប្រមាណ ៥៧% នៅឆ្នាំ២០២៥។ ចំណែកឯ ក្នុងវិស័យឧស្សាហកម្មកាត់ដេរផ្ទាល់ ការផ្លាស់ប្តូរនឹងបាត់បង់ការងារអាចមានដល់ ៨៨% ក្នុងឆ្នាំ២០២៥ដូចគ្នា។ ជាក់ស្តែង បច្ចុប្បន្នមានរោងចក្រមួយចំនួនបានជំនួសដំណើរការផលិតកម្មរបស់ខ្លួនពីការប្រើកំលាំងមនុស្សមកជាស្វ័យប្រវត្តិកម្មវិញ។
យ៉ាងណាមិញ លោកទុន សុភ័ណ បានគូសបញ្ជាក់បន្ថែមថា មកដល់ពេលនេះអង្គការ ILO រួមជាមួយរាជរដ្ឋាភិបាល និងអង្គការនានា បានធ្វើការលើបញ្ហានេះ ដោយបង្កើនការយល់ដឹងដល់និយោជិត និងនិយោជក ឲ្យពួកគាត់មានការត្រៀមខ្លួន និងសម្របខ្លួនទៅនឹងបច្ចេកវិទ្យាទំនើបថ្មីនេះ។
លោកសង្កត់ធ្ងន់ដែរថា អ្នកវិនិយោគ ឬនិយោកជកនៃរោងចក្រនីមួយៗដើរតួនាទីសំខាន់ក្នុងការជំរុញ ណែនាំ និងបង្ហាត់បង្រៀនអភិវឌ្ឍជំនាញរបស់កម្មករនិយោជិតរបស់ខ្លួន ឲ្យមានសមត្ថភាពស្របតាមការតម្រូវការនៃសម័យបច្ចេកវិទ្យា។
សូមបញ្ជាក់ថា កន្លងមករដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្លាប់បានស្នើឱ្យ ADB ជួយអភិវឌ្ឍធនធានមនុស្ស លើផ្នែកឌីជីថល និងការត្រៀមខ្លួនក្នុងការដើរទាន់នូវបដិវត្តឧស្សាហកម្មលើកទី៤នៅកម្ពុជា។ ជាការឆ្លើយតប ADB បានផ្តល់គម្រោងមួយ ក្នុងរយៈពេល ៥ឆ្នាំ គឺចាប់ពីឆ្នាំ២០១៩ដល់ ២០២៤ ដោយផ្តោតលើយុវជន ដែលបានបញ្ចប់ការសិក្សាចាប់ពីថ្នាក់មធ្យមសិក្សាទុតិយភូមិឡើងទៅ ដើម្បីឱ្យពួកគេមានសមត្ថភាព និងជំនាញគ្រប់គ្រាន់សម្រាប់ត្រៀមខ្លួនចូល ទៅក្នុងបច្ចេកវិទ្យាឌីជីថល និងបដិវត្តឧស្សាហកម្មលើកទី៤៕