ទោះយ៉ាងណា អ្នកវិភាគទាំងអស់នោះ ក៏បានកត់សម្គាល់ដែរថា បើទោះបីជាចិន អាចនឹងបរាជ័យក៏ដោយចុះ ប៉ុន្ដែ ការស្នើចូលរួមនេះ គឺជាជំហានដ៏ឆ្លាតវៃមួយរបស់ក្រុងប៉េកាំង សម្រាប់ជាសញ្ញាប្រឆាំងតបតទៅនឹងសហរដ្ឋអាមេរិក ដែលជាមេផ្តួចផ្តើមគំនិតម្នាក់ដែរ របស់កិច្ចព្រមព្រៀង CP TPP ក៏ប៉ុន្តែត្រូវបានចាកចេញពីកិច្ចព្រមព្រមព្រៀងនេះទៅវិញកាលពីឆ្នាំ២០១៧។ លើសពីនេះទៅទៀត វាក៏បានបង្ហាញឲ្យឃើញថា អាមេរិកបានអវត្តមានកាន់តែច្រើនឡើងនៅក្នុងវិស័យសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក។
សំណួរសួរថា តើអ្វីទៅជាមូលហេតុ ដែលធ្វើឲ្យចិន អាចនឹងបរាជ័យក្នុងការចូលរួមជាមួយ កិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក CP TPP?
មានមូលហេតុធំៗចំនួន២
មូលហេតុធំទី១, ចិនទំនងជាមិនអាចទទួលបានសំឡេងគាំទ្រពីសមាជិកមួយចំនួនក្នុងកិច្ចព្រមព្រៀងនេះទេ។ កិច្ចព្រមព្រៀង CPTPP ដែលមានសមាជិក ១១ប្រទេស ដូចជា ប្រុយណេ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី ជប៉ុន កាណាដា ឈីលី ម៉ិចស៊ិក ញូហ្សេលែន អូស្ត្រាលី និង ប៉េរ៉ូ ជាដើម ហើយដើម្បីអាចចូលជាសមាជិករបស់ CPTPP បាន ចិនត្រូវទទួលបានការយល់ព្រមពីសមាជិកទាំងអស់។ប៉ុន្តែយើងអាចដឹងបានថា ក្នុងចំណោមប្រទេសទាំង១១ខាងលើនេះ មានប្រទេសមួយចំនួនជាមិត្តចាក់ទឹកមិនលិចរបស់សហរដ្ឋអាមេរិក រួមមាន អូស្ត្រាលី ជប៉ុន និង កាណាដា ជាដើម។ ប្រទេសសេដ្ឋកិច្ចធំៗ ទាំងបីខាងលើនេះ បើទោះបីជាមានសម្លេងតែមួយ ក៏អាចរារាំងបេក្ខភាពរបស់ចិនបានដោយងាយដែរ កុំថាឡើយដល់ទីបីប្រទេសរួមគ្នានោះ។
បន្ថែមពីលើនេះ
ចិនថែមទាំងកំពុងមានទំនាក់ទំនងមិនល្អ និងសម្ព័ន្ធមិត្តរបស់អាមេរិកថែមទៀត។
ជាក់ស្តែង ចិន និងជប៉ុន ជារឿយៗតែងតែប្រឈមមុខ និង មានភាពតានតឹងនឹងគ្នា
នៅតំបន់សមុទ្រចិនខាងកើត។
ដោយឡែកចិនជាមួយអូស្ត្រាលី ក៏ពាក់មុខយក្សដាក់គ្នាដែរ តាំងពីឆ្នាំ២០១៨ រហូតដល់មកដល់ពេលបច្ចុប្បន្ន ទាំងផ្នែកនយោបាយកាទូត និង ការធ្វើពាណិជ្ជកម្មនៅតែក្តៅងំនៅឡើយទេ។
ចំណែកឯ ចិន និង កាណាដា ឯណោះវិញ ក៏មើលមុខគ្នាមិនត្រង់ដែរ ក្នុងករណីចាប់និងឃុំខ្លួនប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei គឺលោកស្រី ម៉េង វ៉ានចូវ ដែលថ្មីៗទើបនឹងបានដោះលែងឲ្យមានសេរីភាព និង បានមកដល់ប្រទេសកំណើតវិញហើយកាលពីចុងសប្តាហ៍នេះ។
ទន្ទឹមនឹងនេះដែរ ប្រទេសកាណាដា និង ម៉ិចស៊ិច ក៏អាចក្លាយជារនាំងឃាំងឃាត់ចិន មិនឲ្យចូលរួមជាមួយ CPTPP បានដែរ។ ជារនាំងឃាំងចិន គឺនៅត្រង់ថា កាណាដា ម៉ិចស៊ិក និងអាមេរិក មានកិច្ចព្រមព្រៀងត្រីភាគីមួយ ជាមួយគ្នាហៅកាត់ថា USMCA។ កិច្ចព្រមព្រៀងត្រីភាគីដែលអាមេរិកបង្កើតឡើង ដោយបានចងជាប់នូវលក្ខខណ្ឌមួយ រារាំងកាណាដា និង ម៉ិចស៊ិចពីការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសដទៃ ដោយគ្មានការប្រឹក្សាពីសហរដ្ឋអាមេរិក។
អ្នកវិភាគសេដ្ឋកិច្ច និង ព្រឹត្តការណ៍នយោបាយពិភពលោក បានគេមើលឃើញថា កិច្ចព្រមព្រៀង USMCA ខាងលើនេះ ជាការបែរចុងកាណុងទៅរកចិន និង ហាមឃាត់ប្រទេសដទៃមិនឲ្យរកស៊ីជាមួយចិនដោយងាយៗ និងដោយគ្មានការអនុញ្ញាតពីអាមេរិកនោះឡើយ។ កិច្ចព្រមព្រៀងនេះដែរ ត្រូវបានបង្កើតឡើងដោយអតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ។
មូលហេតុសំខាន់ទី២ គឺចិនមិនទាន់អាចបំពេញតាមស្តង់ដារពាណិជ្ជកម្មខ្ពស់របស់ CPTPPពីលើមូលហេតុនយោយបាយ ក្រុមអ្នកវិភាគបាននិយាយថា ប្រទេសចិនអាចមានការលំបាកក្នុងការបំពេញតាមបទប្បញ្ញត្តិ CP TPP ដែលជំរុញលំហូរទិន្នន័យដោយតម្លាភាពឆ្លងកាត់ព្រំដែន ការការពារពលកម្ម និងបរិស្ថាន ក៏ដូចជាការរឹតត្បិតការរកស៊ី ជាមួយក្រុមហ៊ុនណាដែលគ្រប់គ្រងដោយរដ្ឋ។
កន្លងមក សហរដ្ឋអាមេរិក និង អឺរ៉ុបបានត្អូញត្អែរអំពីការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌របស់ចិនដូចជាការផ្តល់ប្រាក់ឧបត្ថម្ភដល់ក្រុមហ៊ុនរដ្ឋ កង្វះការការពារកម្មសិទ្ធិបញ្ញា និង ការផ្ទេរបច្ចេកវិទ្យាដោយបង្ខំជាដើម។ ដូច្នេះហើយ ដើម្បីអាចចូលរួមបាន ចិនត្រូវផ្លាស់ប្តូររបៀបរបប និង ស្តង់ដារអនុវត្តពាណិជ្ជកម្មរបស់ខ្លួន។
ចុះបើចិនមិនអាចឈានជើងចូលរួចក្នុងកិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក CP TPP តើកិច្ចខិតខំប្រឹងប្រែងរបស់ចិន នឹងជួយឲ្យចិនចំណេញអ្វី0x017d7
បើតាមក្រុមអ្នកវិភាគ ទោះជោគជ័យ ឬ មិនជោគជ័យក្នុងការចូលរួមជាមួយ កិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក CP TPP ក៏ដោយ ការស្នើបេក្ខភាពរបស់ចិន បានរំលេចឲ្យឃើញពីការពង្រីកឥទ្ធិពលសេដ្ឋកិច្ចរបស់ប្រទេសចិន នៅអាស៊ីប៉ាស៊ីហ្វិក ខណៈសហរដ្ឋអាមេរិកបានផ្តោតសំខាន់តែលើបញ្ហាសន្តិសុខនៅក្នុងតំបន់នេះទេ។
អ្នកវិភាគមួយក្រុមដែលជំនាញលើតំបន់អាស៊ី-អឺរ៉ុប បានអះអាងថា ការស្នើចូលរួមក្នុងកិច្ចព្រមព្រៀង CPTPP របស់ចិន ក្រោយAUKUS បានបង្កើតឡើង ជាការប្រើប្រាស់សន្លឹកបៀរការទូតដ៏ឆ្លាតវៃ ព្រោះវាបានបង្ហាញពីការយកចិត្តទុកដាក់ផ្នែកការទូតរបស់ចិន ចំពោះបញ្ហាពាណិជ្ជកម្ម និង ការវិនិយោគនៅអាស៊ីប៉ាស៊ីហ្វិក ជាជាងការដែលសហរដ្ឋអាមេរិកផ្តោតតែទៅលើវិស័យយោធា និង ការគម្រាមកំហែង។
ជាក់ស្តែង ចិនទើបតែបានដឹកនាំ និង សម្រេចបានជាផ្លែផ្កាមួយទៅហើយ នូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ឬ ហៅកាត់ថា RCEP ដែលមានសមាជិក១៤ប្រទេស រួមទាំងកម្ពុជាផងដែរ ដែលបានចុះហត្ថលេខារួចហើយកាលពីឆ្នាំមុន រង់ចាំតែការផ្តល់សច្ចាប័នពីប្រទេសសមាជិកប៉ុណ្ណោះ រួចវានឹងត្រូវចូលជាធរមានក្នុងពេលឆាប់ៗខាងមុខនេះ។
យ៉ាងណាមិញ ចិនបានក្លាយជាដៃគូរពាណិជ្ជកម្មធំជាងគេ ជាមួយបណ្តាប្រទេសសមាជិកមួយចំនួនរួចស្រេចទៅហើយ ទោះបីសហរដ្ឋអាមេរិក ក្រោមរដ្ឋបាលលោកចូ បៃឌិន បានអះអាងថា ខ្លួននឹងផ្តល់អទិភាពលើតំបន់ឥណ្ឌូប៉ាស៊ីហ្វិចក៏ដោយ៕