
រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Peter Dutton, មន្ត្រីការទូតជាន់ខ្ពស់អាមេរិក លោក Michael Goldman និងឯកអគ្គរដ្ឋទូតអង់គ្លេស Victoria Treadell នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលឈានទៅអនុញ្ញាតឲ្យភាគីទាំងបី អាចដោះដូរព័ត៌មាន និងទិន្នន័យដែលពាក់ព័ន្ធនឹងនុយក្លេអ៊ែរ រវាងប្រទេសទាំងបី។
ទិន្នន័យ ក៏ដូចជាព័ត៌មាន ដែលនឹងត្រូវចែករំលែកក្រោយមានកិច្ចព្រមព្រៀងខាងលើនេះ រួមមានការចែករំលែកព័ត៌មានការវាយប្រហារតាមអ៊ីនធឺណែត ព័ត៌មានទាក់ទងនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ស្ថានភាព និងសមត្ថភាពក្រោមបាតសមុទ្រជាដើម។គួរជម្រាបថា នេះជាកិច្ចព្រមព្រៀងគន្លឹះទីមួយហើយ ដែលត្រូវបានចុះហត្ថលេខាជាសាធារណៈ ចាប់តាំងពីសម្ព័ន្ធភាព AUKUS បានលេចចេញជារូបរាងឡើងកាលពីថ្ងៃទី១៥ខែកញ្ញា ដើម្បីជាការតតាំង ក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ជាទីដែលអាមេរិក និងចិនតែងមានការប្រឈមមុខដាក់គ្នា ផ្នែកយុទ្ធសាស្ត្រ។
ស្ថិតក្រោមសម្ព័ន្ធមិត្ត AUKUS អូស្ត្រាលីរំពឹងថា នឹងទទួលបានការជួយជ្រោមជ្រែងផ្នែកបច្ចេកវិទ្យា និង ការផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលមានសមត្ថភាពបំបាំងកាយ ប្រព័ន្ធរ៉ាដា និង បំពាក់ដោយគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយផងដែរ។ យ៉ាងណាក៏ដោយចុះ កិច្ចព្រមព្រៀងនេះ បានធ្វើឱ្យចិនខឹងសម្បារ ដោយបានចោទប្រកាន់ថាវាជាការគំរាមកំហែងចំពោះស្ថិរភាពក្នុងតំបន់៕© 2023 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ខេមបូណូមីស។ សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ 089 777 076។