ការស្ទង់មតិចុងក្រោយមួយ ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ និងដៃគូបានបង្ហាញថា អនុប្រធានាធិបតី កាម៉ាឡា ហារី បានបើកការនាំមុខ២% លើលោក ដូណាល់ ត្រាំ បន្ទាប់ពីប្រធានាធិបតី ចូ បៃដិន បានប្រកាសដកខ្លួនចេញពីការប្រជែងដណ្តើមតំណែងប្រធានាធិបតីនៅអាណត្តិទី២ និងប្រកាសគាំទ្របេក្ខភាពរបស់លោកស្រីរួចមក។ នៅក្នុងការស្ទង់មតិនេះលោកស្រី ហារីស បានទទួលការគាំទ្រ៤៤% ខណៈលោក ត្រាំ ទទួលបានត្រឹមតែ៤២%ប៉ុណ្ណោះ។
លោក ត្រាំ បានប្រកាសបន្តអាជីពនយោបាយរបស់លោកតាំងពីលោកចាញ់ក្រោមថ្វីដៃរបស់លោក បៃដិន នៅក្នុងឆ្នាំ២០២០មកម្ល៉េះ ដើម្បីស្វះស្វែងរកអាណត្តិជាប្រធានាធិបតីឡើងវិញ ហើយកាលពីពេលថ្មីៗ លោក បានទទួលយកការតែងតាំងជាផ្លូវការជាបេក្ខភាពប្រធានាធិបតីពីគណបក្សសាធារណៈរដ្ឋ ខណៈលោកស្រី ហារីស នៅមិនទាន់ទទួលបានការមូលមតិគ្នានៅក្នុងចំណោមអ្នកប្រជាធិបតេយ្យនៅឡើយទេ ប៉ុន្តែសំឡេងគាំទ្រពីពលរដ្ឋអាមេរិកបានបង្ហាញឱ្យឃើញថា លោកស្រីជាស្រ្តីស្បែកខ្មៅ១រូបដ៏មានឥទ្ធិពល។
គណបក្សសាធារណរដ្ឋទទួលសំឡេងគាំទ្រនំាមុខ ពេលលោក ត្រាំ យកប្រៀបលើលោក បៃដិន នៅក្នុងជំនួបដេញដោលមួយកាលពីចុងខែមិថុនា កន្លងទៅ ហើយវាជាដើមចមមួយដែលជំរុញឲ្យលោក ចូ បៃដិន សម្រេចដកខ្លួនចេញពីការប្រកួតប្រជែងក្នុងការបោះឆ្នោត ក្រោមហេតុផលមានបញ្ហាសុខភាព។
មកដល់ពេលនេះ ជាពិសេសនៅក្រោយពេលលោកស្រី ហារីស ទទួលបានភ្លើងខៀវគាំទ្រពីលោក ចូ បៃដិន ពលរដ្ឋអាម៉េរិកអាចនឹងរារែកក្នុងចិត្ត ប៉ុន្តែយុទ្ធនាការប៉ុន្មានថ្ងៃបានបង្ហាញថា លោកស្រី ហារីស គឺជាបេក្ខភាព ដែលមានភាពមុតស្រួចជាងលោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន ទៅទៀត។
លទ្ធផលនៃការស្ទង់មតិបានអះអាងថា ៥៦%នៃអ្នកបោះឆ្នោតដែលបានចុះឈ្មោះ បានយល់ស្របជាមួយនឹងអំណះអំណាង ដែលថា លោកស្រី ហារីស ដែលមានអាយុ៥៩ឆ្នាំ មានភាពមុតស្រួចផ្នែកផ្លូវចិត្ត និងជឿជាក់ថា អាចដោះស្រាយបញ្ហាប្រឈមរហ័សរហួន និងបត់បែនរហ័ស ខណៈលោក ត្រាំ ដែលមានវ័យ៧៨ឆ្នាំហើយនោះ ទទួលបានការគាំទ្រតែ៤៩% ប៉ុណ្ណោះ ហើយចំពោះលោក បៃដិន វិញ គឺមានការជឿជាក់ត្រឹមតែ២២% ប៉ុណ្ណោះ។ សម្រាប់ក្រុមអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យវិញ ក៏បង្ហាញនូវការជឿជាក់លើលោកស្រី ហារី ផងដែរ ដោយ៩១%នៃអ្នកដែលបានស្ទង់មតិបានបង្ហាញការគាំទ្រលើរូបលោកស្រី៕