នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានខេមបូណូមីស លោក ង៉ែត ជូ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ កត់សម្គាល់ឃើញថា ការវិនិយោគលើអ្វីមួយរបស់ពលរដ្ឋកម្ពុជា តែងតែធ្វើតាមគ្នា ដែលអាចធ្វើឱ្យងាយរងនូវហានិភ័យ។ ជាក់ស្ដែងការវិនិយោគលើរូបិយប័ណ្ណគ្រីបតូ ឬទ្រព្យឌីជីថលតាមរយៈឈ្មួញកណ្ដាល គឺងាយប្រឈមនឹងហានិភ័យខ្លាំងណាស់ ដែលទាមទារឱ្យអ្នកវិនិយោគត្រូវមានចំណេះដឹងខ្ពស់ពីបច្ចេកវិទ្យា និងសិក្សាឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តវិនិយោគ។
បើតាមលោក ង៉ែត ជូ រូបិយប័ណ្ណគ្រីបតូ គឺជាវេទិកាមួយដែលអនុញ្ញាតិឱ្យអ្នកវិនិយោគអាចផ្ទេរប្រាក់ពីតំបន់មួយទៅតំបន់មួយបានលឿន និងមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនេះ អ្នកជំនាញផ្នែកហិរញ្ញវត្ថុរូបនេះ បានផ្ដល់យោបល់ជូនយុវជនត្រូវពង្រីកចំណេះដឹង ដោយត្រូវស្វែងយល់ពីព័ត៌មាននានា មុននឹងពង្រីកដើមទុន ឬវិនិយោគណាមួយដោយត្រូវធ្វើពីតូចទៅធំ ដើម្បីការពារហានិភ័យ ដែលអាចកើតមានជាយថាហេតុ។
ពាក់ព័ន្ធរូបិយបណ្ណគ្រីបតូ លោក ង៉ែត ជូ បានគូសបញ្ជាក់ថា កំពុងមានភាពចម្រូងចម្រាសច្រើនដោយសារតែនិយ័តករតាមបណ្ដាប្រទេសជាច្រើនពុំទាន់ទទួលស្គាល់ ហើយក៏ពុំទាន់មាននិយ័តករទូទៅហ៊ានគ្រប់គ្រងគ្រីបតូនោះដែរ កត្តានេះអាចធ្វើឱ្យអ្នកវិនិយោគប្រឈមនឹងហានិភ័យ៕
អត្ថបទ៖ បូ ដូឡា