អូស្ត្រាលី-ចិន

ទំនាក់ទំនងអូស្ត្រាលី-ចិនប្រេះឆាកាន់តែខ្លាំង


ទំនាក់ទំនងរវាងចិន និងអូស្ត្រាលីកាន់តែយ៉ាប់យ៉ឺនទៅៗហើយនៅមួយរយៈពេលចុងក្រោយនេះ ជួនចំពេលដែលប្រទេសចិន និងប្រទេសលោកខាងលិចក៏កំពុងប្រជែងឥទ្ធិពលគ្នាកាន់តែខ្លាំងផងដែរ។ យ៉ាងណាមិញថ្មីៗនេះ ពោលគឺនៅប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋាភិបាលអូស្ត្រាលីបានលុបចោលកិច្ចព្រមព្រៀងស្ដីពីគម្រោងផ្លូវ១ ខ្សែក្រវាត់១ ដែលខ្លួនបានធ្វើជាមួយក្រុងប៉េកាំងរួចមក ឥឡូវនេះ រដ្ឋាភិបាលចិនក៏បានប្រកាសព្យួរយន្តការ «កិច្ចសន្ទនាសេដ្ឋកិច្ចយុទ្ធសាស្ត្ររវាងចិន-អូស្ត្រាលី» វិញម្ដង ដោយគ្មានការកំណត់ជាក់លាក់ថានឹងបន្ដឡើងវិញនាពេលណានោះទេ។
លោក ស៊ី ជីងពីង ប្រធានាធិបតីចិន (ឆ្វេង) លោក ស្កុត ម៉ូរីស៉ុន នាយករដ្ឋមន្ត្រីអូស្រ្តាលី (ស្តាំ)
ដោយ

គេ​នៅ​ចាំ​បាន​ថា កាលពី​២​ស​ប្តា​ហ៍​មុន​ប្រទេស​អូស្ត្រាលី បាន​ប្រកាស​លុប​ចោល​កិច្ចព្រមព្រៀង​គម្រោង «​ផ្លូវ​១ ខ្សែក្រវាត់​១» (Belt and Road Initiative) ជាមួយ​ចិន ដែល​បង្ក​ឱ្យ​មានការ​ខឹងសម្បា​យ៉ាង​ខ្លាំង​ពី​ទីក្រុង​ប៉េ​កាំ​ង​។ អូស្ត្រាលី​លុប​ចោល​គម្រោង​ដ៏​ធំ​នេះ ដោយ​បាន​អះអាង​ថា គម្រោង​នេះ​រំលោភ​ផលប្រយោជន៍​ជាតិ និយាយ​ឲ្យ​ស្រួល​ស្តាប់ គម្រោង​នេះ​ធ្វើ​ឲ្យ​ចិន​មាន​ក្រឡា​លើ​អូស្ត្រាលី​តែ​ម្តង​។

រដ្ឋមន្ត្រីក្រសួង ការ​បរទេស​នៃ​ប្រទេស​អូស្ត្រាលី លោកស្រី ម៉ា​រី ផេ​ន (Marise Payne) បានឱ្យ​ដឹង​ថា​៖ «​កិច្ចព្រមព្រៀង ទ្វេភាគី រវាង​ទីក្រុង​ប៉េ​កាំ​ង ជាមួយ​រដ្ឋ វិច​តួ​រៀរ Victoria ស្ថិត​ក្នុង​ចំណោម​ច្បាប់​ចំនួន​៤ ដែល​អនុម័ត​ដោយ​ច្បាប់​ថ្មី បាន​ផ្តល់​អំណាច​ដល់​រដ្ឋាភិបាល​សហព័ន្ធ​អូស្ត្រាលី ដើម្បី​លុប​ចោល​កិច្ចព្រមព្រៀង​អន្តរជាតិ​ណា ដែល​រំលោភ​ផលប្រយោជន៍​ជាតិ​»​។

ស្ថានទូត​ចិន​ប្រចាំ​នៅ​អូស្ត្រាលី​បានឱ្យ​ដឹង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖ «​សេចក្តីសម្រេច​លុប​ចោល​គម្រោង​ដ៏​ធំ​នេះ បង្ហាញ​ថា​រដ្ឋាភិបាល​អូស្ត្រាលី គ្មាន​ភាព​ស្មោះត្រង់​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​ចិន​-​អូស្ត្រាលី​នោះ​ទេ​»​។

នៅ​ពី​រស​ប្តា​ហ៍ បន្ទាប់​ពី​រដ្ឋាភិបាល​អូស្ត្រាលី​លុប​ចោល​កិច្ចព្រមព្រៀង​ស្ដី​ពី​គម្រោង​ផ្លូវ​១ ខ្សែក្រវាត់​១ រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ ពេល​នេះ​ប្រទេស​ចិន​បាន​ប្រកាស​ព្យួរ​យន្តការ     «​កិច្ច​សន្ទនា​សេដ្ឋកិច្ច​យុទ្ធសាស្ត្រ​ចិន​-​អូស្ត្រាលី​» ដោយ​គ្មាន​ពេល​កំណត់​ជាក់លាក់ ទុកជា​ការ​សងសឹក​វិញ​។

ទោះ​យ៉ាងណា អ្នកវិភាគ​នយោបាយ​អន្តរជាតិ​មើលឃើញ​ថា ការ​សម្រេចចិត្ត​របស់​ចិន​ទំនងជា​មាន​ផល​ប៉ះពាល់​ជាក់ស្ដែង​តិចតួច​ប៉ុណ្ណោះ ទៅ​លើ​អូស្ត្រាលី ។ អ្នកវិភាគ​បន្ថែម​ថា ការ​សម្រេចចិត្ត​ព្យួរ​កិច្ច​សន្ទនា​នេះ​ពី​ភាគី​ចិន គឺ​គ្រាន់តែ​ជា​និមិត្តរូប​ប៉ុណ្ណោះ ដោយ​ពុំ​មាន​ផល​ប៉ះពាល់​អ្វី​ដុំ​កំភួន​ឡើយ​។

គួរ​រំឭក​ថា ចំណងមិត្តភាព​ទ្វេភាគី​នៃ​ប្រទេស​ទាំង​ពីរ​បាន​ផ្តើម​តានតឹង​នៅ​ឆ្នាំ​២០១៨​នៅ​ពេល​ប្រទេស​អូស្ត្រាលី​បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​ហាម​ជា​សាធារណៈ​ពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​យក្ស​របស់​ចិន​គឺ បណ្តាញ 5G របស់ Huawei​។ ទំនាក់ទំនង​កាន់តែ​អាក្រក់​ឡើង​កាលពី​ឆ្នាំ​មុន​នៅ​ពេល​អូស្ត្រាលី​អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ​ពី​ប្រភព​ដើម​នៃ​វីរុស​កូ​រ៉ូ​ណា ដែល​ធ្វើ​ឲ្យ​មានការ​សងសឹក​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ពី​រដ្ឋាភិបាល​ចិន​។

ជាក់ស្តែង​កាលពី​ចុងខែ​មីនា ប្រទេស​ចិន​បាន​ប្រកាស​ដាក់​ពន្ធ​ជាង ២០០%​លើ​ស្រា​នាំ​ចូល​ពី​អូស្ត្រាលី សម្រាប់​រយៈពេល​៥​ឆ្នាំ​។

យ៉ាងណាមិញ​ប្រការ​នេះ ទោះ​ចង់​ឬ​មិន​ចង់វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​អូស្ត្រាលី​យ៉ាង​ខ្លាំង​។ ប៉ះពាល់​ដោយហេតុ​ថា ប្រទេស​ចិន​ជាទី​ផ្សារ​អ្នក​នាំ​ចូល​ស្រាក្រហម​ដ៏​ច្រើន​សម្បើម​ពី​អូស្ត្រាលី​។

សូម​បញ្ជាក់​ថា ការ​នាំ​ចេញ​ស្រា​អូស្ត្រាលី​ទៅ​កាន់​ប្រទេស​ចិន​នៅ​៣​ខែ​ដំបូង​នៃ​ឆ្នាំ​២០២១​នេះ មាន​ត្រឹមតែ​ប្រមាណ​ជាង ៩​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ខណៈ​ដែល​កាលពី​៣​ខែ​ដើមឆ្នាំ​២០២០ មាន​ដល់​ទៅ​ជាង ២៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ ពោល​គឺ​ធ្លាក់​ចុះ​ប្រមាណ​៩៦% ដែល​វា​ជា​ការ​ធ្លាក់​ចុះ​ដ៏​សម្បើម​។ នេះ​បើ​តាម​អាជ្ញាធរ​អូស្ត្រាលី ដែល​បាន​បញ្ជាក់​នា​ពេល​ថ្មី​ៗ​នេះ​។

ដោយឡែក ការ​វិនិយោគ​របស់​ប្រទេស​ចិន នៅ​ក្នុង​ប្រទេស​អូស្ដ្រាលី ក៏​បាន​ធ្លាក់​ចុះ​ជិត ២​ភាគ ៣​ដែរ​កាលពី​ឆ្នាំ​មុន ពោល​គឺ​ធ្លាក់​មក​នៅ​ត្រឹម​តិច​ជាង ១ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកសម្រេចអនុញ្ញាតឲ្យបុគ្គលិករដ្ឋាភិបាលខ្លួនចាកចេញពីឥណ្ឌា

ព័ត៌មាន
ស្ថានភាពកូវីដ-១៩ នៅប្រទេសឥណ្ឌា នៅតែបន្ដកើនឡើងខ្ពស់ដដែល គ្រាន់តែរយៈពេល១ថ្ងៃម្សិលមិញនេះ អ្នកឆ្លងថ្មីមានជាង៤០ម៉ឺននាក់ និង ស្លាប់មានជិត៤ពាន់…

ក្រុមអ្នកជំនាញឯករាជ្យ WHO៖ វ៉ាក់សាំងចិនទាំងពីរប្រភេទមានប្រសិទ្ធភាព ប៉ុន្តែស្ទើរទិន្នន័យ

ព័ត៌មាន
ក្រោយពីមានការត្រួតពិនិត្យប្រសិទ្ធភាព និង គុណភាពរបស់វ៉ាក់សាំងចិនទាំងពីរប្រភេទ គឺ ស៊ីណូវ៉ាក់ និងស៊ីណូហ្វាម រួចមក ក្រុមអ្នកជំនាញឯករាជ្យ ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ