បន្ទាប់ពីការសម្រេចចិត្តលើការផ្ដល់មូលនិធិសម្រាប់ជួយប្រទេសក្រីក្ររងគ្រោះដោយសារបញ្ហាកអាកាធាតុនេះ ត្រូវបានអនុម័ត គេមើលឃើញថា វាគឺជាជ័យជម្នះដ៏ធំមួយសម្រាប់ប្រទេសក្រីក្រដែលបានទាមទារជាសាច់ប្រាក់សំណងនេះជាយូរមកហើយ ដ្បិតពួកគេជារឿយៗជាអ្នករងគ្រោះដោយអាកាសធាតុកាន់តែអាក្រក់បង្កជាទឹកជំនន់ គ្រោះរាំងស្ងួត រលកកម្ដៅ ទុរ្ភិក្ស និងព្យុះ ខណៈប្រទេសក្រីក្រទាំនេះ បានរួមចំណែកតិចតួចដល់ការបំពុលដែលនាំឱ្យឡើងកម្ដៅសកល។ ហើយកន្លងបញ្ហានេះ ក៏ត្រូវបានគេហៅថា ជាបញ្ហានៃយុត្តិធម៌អាកាសធាតុផងដែរសម្រាប់ប្រទេសក្រីក្រ។
រដ្ឋមន្ត្រីអាកាសធាតុប៉ាគីស្ថានលោកស្រី សឺរី រ៉េះម៉ាន់ (Sherry Rehman) ដែលតែងតែដឹកនាំបណ្ដាប្រទេសក្រីក្របំផុតក្នុងពិភពលោក ដើម្បីទាមទារប្រាក់សំណងនេះបាននិយាយថា ក្រុមប្រទេសក្រីក្រដែលរងគ្រោះធ្ងន់ធ្ងរដោយសារបញ្ហាអាកាសធាតុបានទាមទារមកអស់រយៈពេល ៣០ ឆ្នាំមកហើយចំពោះ ការប៉ះប៉ូវជាប្រាក់សំណងពីប្រទេសអ្នកមាន ហើយលោកស្រីសង្ឃឹមថា នៅទីបំផុតការទាមទារនឹងរកឃើញផ្លែផ្កា។
គួររំឭកបន្តិចថា ផ្ទៃដី១ភាគ៣នៅប្រទេសប៉ាគីស្ថានត្រូវបានជន់លិចដោយទឹកជំនន់នៅក្នុងរដូវក្តៅកាលពីពេលថ្មីៗនេះ ដែលបង្កការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ហើយលោកស្រី និងមន្ត្រីផ្សេងទៀតបានប្រើពាក្យស្លោកថា «អ្វីដែលបានកើតឡើងនៅប្រទេសប៉ាគីស្ថាននឹងមិនបន្ដស្ថិតនៅប៉ាគីស្ថានរហូតនោះឡើយ»។
រដ្ឋមន្ត្រីបរិស្ថាននៅប្រទេសកោះម៉ាល់ឌីវលោកស្រី អាមីណាត សូណា (Aminath Shauna) បានប្រាប់កាសែត AP កាលពីថ្ងៃសៅរ៍ថា មូលនិធិនេះ មានន័យសម្រាប់ប្រទេសមួយចំនួនរួមទាំងប្រទេសរបស់លោកស្រីផងដែរ ហើយពួកគេនឹងមានគំរូដំណោះស្រាយមួយ ដែលពួកគេកំពុងតស៊ូមតិសម្រាប់រឿងនេះជាយូរមកហើយ។
ក្រុមអ្នកជំនាញខាងក្រៅបានសម្ដែងការសាទរចំពោះការសម្រេចចិត្តនេះថាវាជាប្រវត្តិសាស្ត្រមួយ។ លោក អានី ដាហ្គូបតា (Ani Dasgupta) ប្រធានវិទ្យាស្ថានធនធានពិភពលោកបាននិយាយថា មូលនិធិសម្រាប់ការខាតបង់ និងការខូចខាតនេះ នឹងជាខ្សែជីវិតសម្រាប់គ្រួសារក្រីក្រដែលផ្ទះរបស់ពួកគេត្រូវបានបំផ្លាញ កសិករដែលស្រែរបស់ពួកគេត្រូវបានបំផ្លាញ និងប្រជាពលរដ្ឋដែលរស់នៅលើកោះត្រូវបង្ខំឱ្យចេញពីផ្ទះជាកេរ្ដិ៍ដូនតារបស់ពួកគេ។ លទ្ធផលវិជ្ជមានដែលបានមកពីវេទិកាអាកាសធាតុ COP27 នេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកសាងទំនុកចិត្តឡើងវិញជាមួយប្រទេសដែលងាយរងគ្រោះ។
លោក អាឡិក ស្កត់ (Alex Scott) អ្នកជំនាញការទូតអាកាសធាតុនៅក្រុមវិភាគ អ៊ីស្រ៊ីជី (E3G) បាននិយាយថា វាជាការឆ្លុះបញ្ចាំងពីអ្វីដែលអាចធ្វើបាននៅពេលប្រទេសក្រីក្របំផុតនៅតែបន្តរួបរួមគ្នា។
គួបញ្ជាក់ថា ប្រទេសអភិវឌ្ឍន៍នៅតែមិនបានរក្សាការសន្យារបស់ខ្លួនក្នុងឆ្នាំ២០០៩ ក្នុងការចំណាយ ១០០ ពាន់លានដុល្លារក្នុងមួយឆ្នាំក្នុងជំនួយអាកាសធាតុផ្សេងទៀត ដែលបង្កើតឡើងដើម្បីជួយប្រទេសក្រីក្រក្នុងការអភិវឌ្ឍថាមពលបៃតង និងសម្របខ្លួនទៅនឹងកម្ដៅនាពេលអនាគត៕