វិស័យទេសចរណ៍កម្ពុជា

កម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការបើកច្រកទេសចរណ៍ជាមួយថៃ


មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍កម្ពុជា បានលើកឡើងថា កម្ពុជា ត្រៀមខ្លួនជាស្រេច ក្នុងការបើកច្រកទ្វារព្រំដែនទេសចរណ៍ ជាមួយប្រទេសថៃ ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញ នាពេលខាងមុខ។ ខណៈប្រទេសថៃ បានប្រកាសជាផ្លូវការថា ខ្លួននឹងបើកទទួលអ្នកដំណើរ និងភ្ញៀវទេសចរមកពីប្រទេសដែលមានហានិភ័យកូវីដ-១៩ ទាប និង អ្នកទេសចរដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ គ្រប់ដូស ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា តទៅ។
ភ្ញៀវទេសចរណ៍ឆ្លងកាត់ព្រលានយន្តហោះកន្លងទៅ រូបភាព៖ Internet

វិ​បិត្ត​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​អូស​បន្លាយ ដែល​បាន​និង​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ពិភពលោក​។ ដូច្នេះ​ហើយ ដើម្បី​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​សាកល​មាន​សកម្មភាព​វិល​ទៅ​រក​ការ​ងើបឡើង​វិញ ពី​គ្រោះ​មហន្តរាយ​នេះ បណ្ដា​ប្រទេស​នីមួយ​ៗ បាន​និង​កំពុង​ដុតដៃដុតជើង ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​រៀងខ្លួន​ៗ ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ចជាតិ​។ ទន្ទឹម​នោះ វិស័យ​ទេសចរណ៍ ជា​អាទិភាព​ចម្បង ដែល​បណ្ដា​ប្រទេស​ក្នុង​តំបន់ ក៏​ដូច​ជា​ពិភពលោក​បាន​និង​កំពុង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​។ សម្រាប់​កម្ពុជា​ផ្ទាល់ មិន​ខុស​ពី​ប្រទេស​ដទៃ​ឡើយ សុទ្ធតែ​មាន​ផែនការ និង​យុទ្ធសាស្ត្រ​ផ្ទាល់ខ្លួន ក្នុង​ការ​បើក​ប្រទេស​ពេញលេញ​ឡើង​វិញ ដើម្បី​ស្ដារ​សេដ្ឋកិច្ចជាតិ​។

ក្រុម​អ្នកជំនាញ​នៅ​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា បាន​ចាត់​ទុក​ថា យុទ្ធសាស្ត្រ​នេះ ជា​ការ​សាកល្បង​ថ្មី របស់​ប្រទេស​ថៃ និង​មិន​បាន​ចាត់​ទុក​ថា វា​គឺជា​ការ​ប្រកួតប្រជែង ជាមួយ​កម្ពុជា ក្នុង​ការ​បើក​ទទួល​ទេសចរ​បរទេស​ឡើង​វិញ​នោះ​ឡើយ​។ ឯកឧត្តម តុ​ប សុ​ភ័ក អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ បាន​បញ្ជាក់​ថា ការ​ប្រកាស​របស់​ថៃ គឺជា​សាកល្បង​ថ្មី​មួយ មិនមែន​ជា​ការ​ប្រកួតប្រជែង ជាមួយ​កម្ពុជា នោះ​ទេ ហើយ​ជោគជ័យ ឬ​អត់ ក៏​មិន​ទាន់​ដឹង​នោះ​ដែរ ព្រោះ​ថៃ ធ្លាប់​បរាជ័យ​កន្លង​មក​រួច​មក​ហើយ​។ ក៏​ប៉ុន្តែ យ៉ាងណា កម្ពុជា ក៏​បាន​ត្រៀមខ្លួន​ជា​ស្រេច ក្នុង​ការ​បើក​ច្រក​ទ្វារ​ព្រំដែន​ទេសចរណ៍ ជាមួយ​ប្រទេស​ថៃ ដើម្បី​ស្ដារ​វិស័យ​ទេសចរណ៍​ឡើង​វិញ នា​ពេល​ខាង​មុខ​។

ដើម្បី​សម្រេច​នូវ​ផែនការ​បើក​ប្រទេស​ពេញលេញ​ឡើង​វិញ ប្រកបដោយ​ភាព​ជោគជ័យ កន្លង​មក ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​កំណត់​ថា ដើម្បី​សម្រួល​ដល់​អ្នកដំណើរ​ចូល​មក​កម្ពុជា នា​ពេល​បើក​ប្រទេស​ពេញលេញ​ឡើង​វិញ អ្នក​ទាំងនោះ​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក ត្រឹម​រយៈពេល ៧​ថ្ងៃ ប៉ុណ្ណោះ​។

យ៉ាងណា​ក៏​ដោយ ប្រទេស​ថៃ ឯណោះ​ក៏​មាន​យុទ្ធសាស្ត្រ​ផ្ទាល់ខ្លួន ដើម្បី​អាច​ទាក់ទាញ​អ្នកដំណើរ និង​ភ្ញៀវ​ទេសចរ ឱ្យ​ចូល​ទៅ​កម្សាន្ត ក្នុង​ប្រទេស​របស់​ខ្លួន ដោយ​មិន​តម្រូវ​ឱ្យ​អ្នកដំណើរ​ទាំងនោះ ធ្វើ​ច​ត្តា​ឡី​ស័ក​ឡើយ​។ ពាក់ព័ន្ធ យុទ្ធសាស្ត្រ​របស់​ថៃ នា​ពេល​នេះ ត្រូវ​បាន ឯកឧត្តម តុ​ប សុ​ភ័ក អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ កម្ពុជា ចាត់​ទុក​ថា ជា​យុទ្ធសាស្ត្រ​ថ្មី​មួយ ដែល​ជួយ​សម្រួល និង​បង្ករ​ភាព​ងាយស្រួល ដល់​អ្នកដំណើរ និង​អ្នកទេសចរ ដែល​ចូល​ទៅ​ប្រទេស​ថៃ​។ ដ្បិតថា យុទ្ធសាស្ត្រ​នេះ អាច​ទាក់ទាញ​អ្នកទេសចរ​ទៅ​កម្សាន្ត​នៅ​ប្រទេស​ថៃ ក៏​ពិតមែន ប៉ុន្តែ​សម្រាប់ ឯកឧត្តម តុ​ប សុ​ភ័ក យល់​ថា សម្រាប់​កម្ពុជា ហាក់​មិន​ទាន់​មាន​លទ្ធភាព​ធ្វើ​ដូច​ប្រទេស​ថៃ នោះ​ទេ ព្រោះ​នៅ​បារម្ភ​ពី​ស្ថានភាព​របស់​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ប្រទេស​កម្ពុជា នៅឡើយ​។

ដោយឡែក លោក ធួន ស៊ី​ណា​ន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក អ្នកជំនាញ ក្នុង​វិស័យ​ទេសចរណ៍ បាន​ចាត់​ទុក​ថា នេ ជា​វិញ្ញាសារ​ថ្មី​មួយ​បន្ថែម​ទៀត របស់​ប្រទេស​ថៃ ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច ដែល​បាន​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដោយសារ​តែ​វិបត្តិ​កូ​វី​ដ​-១៩​។ អ្នកជំនាញ​រូប​នេះ យល់​ថា វា​ដល់​ពេល​ហើយ ដែល​វិស័យ​ទេសចរណ៍ ត្រូវ​ក្រោកឈរ​ឡើង​វិញ មិន​ថា​ប្រទេស​កម្ពុជា ឬ​ប្រទេស​ដទៃ​នោះ​ទេ​។ ផ្នែក​លើ​សន្ទុះ​នៃ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ និង​ស្ថានភាព​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ អំឡុង​ចុង​ក្រោយ​នេះ ត្រូវ​បាន​លោក ធួន ស៊ី​ណា​ន ឃើញ​ថា កម្ពុជា ពិតជា​អាច​បើក​ប្រទេស​ពេញលេញ​ឡើង​វិញ ក៏​ប៉ុន្តែ ការ​សម្រេច​យ៉ាងនោះ ក៏​អាស្រ័យ​លើ​រាជរដ្ឋាភិបាល​កម្ពុជា ដែរ ថា​អាច​ធ្វើ​បាន ឬ​មិន​បាន​។

យោង​តាម​ចុះ​ផ្សាយ​របស់​សារព័ត៌មាន បាងកក​ប៉ុស្ដិ៍ នៅ​ថ្ងៃ​ទី​១២ ខែតុលា លោក ប្រា​យុទ្ធ ចាន់​អូ​ចា នាយក​រដ្ឋមន្ត្រី​ថៃ បាន​ប្រកាស​ថា ប្រទេស​ថៃ នឹង​បើក​ទទួល​អ្នកដំណើរ​មក​ពី​ប្រទេស ដែល​មាន​ហានិភ័យ​កូ​វី​ដ​-១៩ ទាប និង​អ្នកទេសចរ ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩ គ្រប់​ដូ​ស​ឱ្យ​ចូល​ទៅ​ប្រទេស​ថៃ ដោយ​មិន​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នោះ​ទេ​។ ប្រភព​ដដែល​បាន​បន្ថែម​ទៀត​ថា រាល់​អ្នកដំណើរ​ដែល​ចូល​ប្រទេស​ថៃ ត្រូវ​បង្ហាញ​លទ្ធផល​តេស្ត​ម៉ាស៊ីន​ធំ​-PCR ដែល​បាន​ធ្វើ​នៅ​ប្រទេស​របស់​ខ្លួន និង​បាន​ធ្វើ​នៅ​ប្រទេស​ថៃ មួយទៀត​។

បើ​គ្មាន​អ្វី​ប្រែប្រួល​នោះ​ទេ កម្ពុជា គ្រោង​បើក​ប្រទេស​ពេញលេញ​ឡើង​វិញ នា​ចុងឆ្នាំ​២០២១​នេះ ។ ក្នុង​នោះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​កំណត់​ថា ជនបរទេស ដែល​ចូល​មក​កម្សាន្ត​នៅ​កម្ពុជា ត្រូវ​តែ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩ គ្រប់​ដូ​ស និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ៧​ថ្ងៃ ប៉ុណ្ណោះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសចិនយកឈ្នះអាមេរិក លើការប្រកួតប្រជែងលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ព័ត៌មាន
ប្រទេសចិនបានឈ្នះការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជាមួយសហរដ្ឋអាមេរិក ហើយកំពុងឆ្ពោះទៅរកការគ្រប់គ្រងលើបច្ចេកវិទ្យានៅទូទាំងពិភពល…

IMF បន្ដផ្ដល់ជំនឿចិត្តលើអតីតប្រធានធនាគារពិភពលោក ដែលជាប់សង្ស័យទាក់ទនឹង «ការផ្តល់ប្រយោជន៍ច្រើនឲ្យចិន»

ព័ត៌មាន
ក្រោយពីត្រូវបានគេចោទប្រកាន់ពីបទសង្ស័យថា បានផ្តល់ប្រយោជន៍ច្រើនឲ្យប្រទេសចិន ពេលនេះ សំណុំរឿងអតីតប្រធានធនាគារពិភពលោក និង បច្ចុប្បន្នជាអគ្គនាយិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ