អ្នកនយោបាយ

តើថៃ អាចអូសបន្លាយសង្គ្រាមឈ្លានពានកម្ពុជា រហូតដល់ថ្ងៃបោះឆ្នោតនៅក្នុងប្រទេសថៃ ឬយ៉ាងណា?


មេដឹកនាំគណបក្សភូមិចៃថៃ ដែលកំពុងកាន់អំណាច បានលើកឡើងដើម្បីតោងយកប្រជាប្រិយភាពថា ប្រសិនបើគណបក្សខ្លួនបន្តដឹកនាំរដ្ឋាភិបាលថៃ នៅក្នុងអាណត្តិថ្មីបន្តទៀត នោះខ្លួននឹងដោះស្រាយបញ្ចប់ជម្លោះព្រំដែនជាមួយកម្ពុជា។ អ្នកជំនាញ និង អ្នកតាមដានស្ថានការណ៍សង្គមយល់ឃើញថា ការលើកឡើងរបស់មេដឹកនាំគណបក្សភូមិចៃថៃនេះ ជាសញ្ញាមួយបង្ហាញថា ថៃ កំពុងមានចេតនាអូសបន្លាយសង្គ្រាមជាមួយកម្ពុជា ឱ្យដល់ថ្ងៃបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដែលគ្រោងធ្វើឡើងនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៦។
អ្នកនយោបាយ
ដោយ

លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ កត់សម្គាល់ឃើញថា ភាគីថៃ ហាក់មិនមានចេតនាក្នុងការចរចាជាមួយកម្ពុជា ឈានទៅរកបទឈប់បាញ់ច្បាស់លាស់នោះទេ ព្រោះការចរចាជាមួយកម្ពុជា កន្លងមក រហូតមកទល់ពេលនេះ ថៃ ចូលរួមគ្រាន់តែដើម្បីបង្គ្រប់កិច្ចប៉ុណ្ណោះ លុះក្រោយមក ថៃនឹងរកលេសចោទប្រកាន់កម្ពុជា ដើម្បីឈ្លានពានមកលើប្រទេសកម្ពុជា។ អ្នកជំនាញរូបនេះបានវាយតម្លៃថា សង្រ្គាមឈ្លានពានរបស់យោធាថៃ មកលើកម្ពុជា អាចនឹងអូសបន្លាយពេលយូរបន្ថែមទៀត ហើយបើទោះបីជាថៃ បានបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីរួចក៏ដោយ តែសង្គ្រាមអាចនឹងនៅតែបន្តព្រោះថៃ មានបំណងចង់បំផ្លាញកម្ពុជា តជំនាន់ ដោយធ្វើយ៉ាងណាឱ្យកម្ពុជា ចុះខ្សោយកម្លាំងយោធា សេដ្ឋកិច្ច និងចង់ឱ្យកម្ពុជា ក្លាយជាប្រទេសដែលដើរថយក្រោយ។

​ជាមួយគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវយល់ឃើញថា ជុំវិញអ្នកនយោបាយថៃ មកពីគណបក្សភូមិចៃថៃ ដែលបានលើកឡើងថា ប្រសិនបើពួកគេជាប់ឆ្នោតនឹងដោះស្រាយវិវាទព្រំដែនជាមួយកម្ពុជា គ្រាន់តែដើម្បីទាក់ទាញប្រជាប្រិយភាពតែប៉ុណ្ណោះ។ អ្នកជំនាញរូបនេះជឿជាក់ថា ប្រសិនបើពលរដ្ឋថៃ នៅតែបន្តគាំទ្រនាយករដ្ឋមន្រ្តី ដែលល្មោភសង្រ្គាមឱ្យធ្វើជាអ្នកដឹកនាំប្រទេសថៃ បន្តទៀត នោះសង្គមថៃនឹងធ្លាក់ចុះ ហើយពលរដ្ឋថៃនឹងរងការខកចិត្តបន្តទៀត។ បើតាមអ្នកជំនាញរូបនេះ ក្រុមអ្នកនយោបាយថៃ មើលឃើញតែផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយក៏មិនដែលធ្វើតាមពាក្យសន្យារបស់ខ្លួននោះដែរ ដូច្នេះពួកគេមិនគួរយកឈ្មោះកម្ពុជា ទៅបោកប្រាស់ពលរដ្ឋខ្លួននោះទេ។

​ដោយឡែក លោកមេធាវី សុខ សំអឿន ឯណោះវិញ ក៏បានលើកឡើងដែរថា នយោបាយថៃបានប្រកាន់គោលជំហរមួយថា ប្រសិនបើថៃ មិនបានវាយយកតំបន់ណាមួយពីកម្ពុជា ទេនោះ នោះថៃ ក៏មិនព្រមចរចា​ឡើយ ព្រោះបើចរចាក្នុងកាលៈទេសៈនេះ ថៃ ជាអ្នកខាតបង់ធ្ងន់ធ្ងរ ទាំងសេដ្ឋកិច្ច ទាំងថវិការចំណាយលើការធ្វើសង្រ្គាមជាមួយកម្ពុជា ការស្លាប់បាត់បង់ជីវិតទាហាន និងសម្ភារៈសឹកជាដើម។ លោកមេធាវី សុខ សំអឿន បានបញ្ជាក់ទៀតថា ថៃនឹងរកលេសបន្តសង្រ្គាមរហូតទាល់តែវាយបំបាក់កម្លាំងកងទ័ពកម្ពុជា មិនថា ត្រូវប្រើទាំងយន្តហោះចម្បាំង រថក្រោះ កាំភ្លើងបាញ់ផ្លោង ក៏ដូចជាប្រើកងទ័ពរាប់ម៉ឺននាក់នោះទេ។ បើតាមលោកមេធាវី សុខ សំអឿន មានតែការដាក់សម្ពាធពីមហាអំណាច ឬ អន្តរជាតិប៉ុណ្ណោះ ទើបអាចបញ្ឈប់សង្រ្គាមថៃ ឈ្លានពានលើប្រទេសកម្ពុជាបាន៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


អ្នកជំនាញព្យាករថា តម្លៃមាសនឹងអាចហក់ឡើងដល់ ៦,០០០ដុល្លារក្នុង១តម្លឹង

ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា និងការសម្រុកទិញមាសស្តុកទុករបស់បណ្ដាធនាគារធំៗនៅលើពិភពលោក ជាពិសេសធនាគារចិន រួមទាំងការកើនឡើងកម្ដៅជម្លោះភូ…

អ្នកជំនាញមើលឃើញថា ពលរដ្ឋខ្មែរហាក់មានការរឹតត្បិតការចំណាយ ក្រោយរងការឈ្លានពានពីយោធាថៃជាថ្មី

ការធ្លាក់ចុះសេដ្ឋកិច្ចជាសកល និងបញ្ហាសង្គ្រាមឈ្លានពានរបស់យោធាថៃ មកលើកម្ពុជា ជាច្រើនថ្ងៃមកនេះ បានធ្វើឱ្យពលរដ្ឋខ្មែរមួយចំនួន ជាពិសេសពលរដ្ឋរស់ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ