អ្នកជំនាញអះអាងថា ការលូកដៃក្នុងការស្វែងរកសន្តិភាពឱ្យកម្ពុជា និងថៃ ពីសំណាក់សហរដ្ឋអាម៉េរិក និងប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាននេះ មិនមែនជាការជ្រែតជ្រែកដែនអធិបតេយ្យភាពរបស់ប្រទេសណាមួយនោះទេ។
លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានចាត់ទុកទង្វើរបស់ក្រុមបាតុករជ្រុលនិយមថៃ ដែលទាមទារឱ្យសហរដ្ឋអាម៉េរិក និងម៉ាឡេស៊ីឈប់លូកដៃក្នុងការជួយដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា មិនត្រឹមមិនបានជួយដោះស្រាយបញ្ហានោះទេ ថែមទាំងបង្អាក់ដំណើរស្វែងរកសន្តិភាពរបស់ប្រទេសទាំងពីរទៀតផង។ សម្រាប់អ្នកជំនាញរូបនេះ កន្លងមកភាគីថៃ មិនដែលចង់ឱ្យមានភាគីទី៣ចូលមកអន្តាគមន៍លើបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា នោះទេ ដាយសារការដោះស្រាយដោយទ្វេភាគីជាមួយកម្ពុជា ថៃ មានប្រៀបខ្លាំងជាងទាំងទៅលើវិស័យយោធា សេដ្ឋកិច្ច ការទូត និងព័ត៌មាន ដូច្នេះពួកគេងាយស្រួលក្នុងការដាក់សម្ពាធ និងបំភ្លៃការពិតមកលើកម្ពុជា ដោយមិនសំចៃដៃ ដែលខុសពីកម្ពុជា ចង់ឱ្យមានការជួយអន្តរាគមន៍ពីអន្តរជាតិ ដ្បិតថា កម្ពុជា មិនអាចទុកចិត្តលើសម្តីក្រឡេចក្រឡុច និងការលាបពណ៌របស់ភាគីថៃ បាននោះទេ។ ទន្ទឹមនេះ អ្នកជំនាញរូបនេះ ក៏ជំរុញឱ្យសហរដ្ឋអាម៉េរិក គួរពិចារណាដាក់សម្ពាធណាមួយបន្ថែមទៀតលើប្រទេសថៃ ប្រសិនបើថៃ នៅតែបន្តមិនគោរពកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ។
ជាមួយគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បានចាត់ទុកទង្វើរបស់ក្រុមបាតុករជ្រុលនិយមថៃ គឺជាទង្វើដែលគ្មានចំណេះដឹងទៅលើអ្វីដែលជាការងាររួមរបស់អាស៊ាន និងប្រទេសមហាអំណាចធំៗ លើការរក្សាសន្តិភាពក្នុងតំបន់ និងពិភពលោក។ បើតាមអ្នកជំនាញតរូបនេះ ការចូលរួមរបស់សហរដ្ឋអាម៉េរិក និងម៉ាឡេស៊ី ក្នុងការដោះស្រាយបញ្ហាជម្លោះកម្ពុជា-ថៃ គឺមិនមែនជាការជ្រៀតជ្រែកផ្ទៃក្នុងរបស់ប្រទេសណាមួយនោះទេ ហើយការខិតខំប្រឹងប្រែងរបស់ប្រទេសទាំងពីរលើការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃនេះ គឺជាតួនាទីរបស់ប្រទេសប្រធានអាស៊ាន និងប្រទសហាអំណាច ដែលមានឥទ្ធិពល ដើម្បីទប់ស្តាត់កុំឱ្យបញ្ហាកាន់តែរីកធំ ដែលអាចខាតបង់ផលប្រយោជន៍រួមរបស់ប្រទេសសាមី និងតំបន់អាស៊ានទាំងមូល។
គួរជម្រាបថា ក្រុមបាតុករជ្រុលនិយមថៃ ដែលដឹកនាំដោយលោក ពិចិត្រ ឆៃមង្គល រួមជាមួយលោក ចាតុផន ព្រំផាន កាលពីថ្ងៃទី២២ ខែវិច្ឆិកា បានប្រមូលផ្តុំគ្នានៅមុខស្ថានទូតម៉ាឡេស៊ីប្រចាំទីក្រុងបាងកក ហើយបន្ទាប់មកបានបន្តដំណើរឆ្ពោះទៅស្ថានទូតអាម៉ររិក ដើម្បីទាមទារឱ្យប្រទេសទាំងពីរឈប់ជ្រៀតជ្រែកអធិបតេយ្យភាពរបស់ប្រទេសថៃ និងរបៀបដែលទីក្រុងបាងកកដោះស្រាយជាមួយប្រទេសកម្ពុជា។ ការចេញមកទាមទារបែបនេះ គឺក្រោយពេលដែលសហរដ្ឋអាម៉េរិក បានព្រមានផ្អាកការចរចាពន្ធគយទ្វេភាគីជាមួយប្រទេសថៃ ប្រសិនបើថៃ មិនងាកមកអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាព ឬសេចក្តីថ្លែងការរួមគូឡាឡាំពួ ដែលមានលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ធ្វើជាសាក្សី ប៉ុន្តែត្រូវបាននាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល ប្រកាសទាត់ចោលមិនអនុវត្តកាលពីពេលថ្មីៗនេះ៕