អ្នកប្រើប្រាស់ និងអ្នកប្រកបអាជីវកម្មពឹងផ្អែកលើកម្មវិធី TikTok បានបង្ហាញក្តីសង្ឃឹមជាច្រើនខែមកហើយថា ក្រុមហ៊ុនមេរបស់ TikTok នឹងស្វែងរកវិធី ដើម្បីគេចផុតពីការបិទកម្មវិធីនេះនៅទឹកដីសហរដ្ឋអាម៉េរិក។ ប៉ុន្តែក្ដីសង្ឃឹមរបស់ពួកគេកំពុងរលាយបាត់បន្តិចម្ដងៗ ក្រោយបានឮដំណឹងថា ម្ចាស់ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok សម្រេចនឹងបិទកម្មវិធីនេះ ខណៈថ្ងៃឱសានវាទនៃការបិទកម្មវិធីនេះនឹងចូលមកដល់នៅថ្ងៃទី១៩ ខែមករា ឆាប់ៗនេះ។
អ្នកប្រើប្រាស់ TikTok ដែលជាកម្មវិធីវីដេអូខ្លីៗដ៏ពេញនិយមមួយចំនួនបានអំពាវនាវឱ្យធ្វើពហិការកម្មវិធី Instagram និង Facebook របស់ក្រុមហ៊ុន Meta និងកម្មវិធី X របស់លោក អេឡិន ម៉ាស ដែលគេរំពឹងថា នឹងទទួលបានប្រយោជន៍ពីការបិទកម្មវិធី TikTok។ អ្នកប្រើប្រាស់ម្នាក់បាននិយាយថា ពួកគេទាំងអស់គ្នាត្រូវតែលុបគណនី Facebook, X និង Instagram ចោលទាំងអស់នៅថ្ងៃនោះ។
គួរបញ្ជាក់ថា ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok មានពេលត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ប៉ុណ្ណោះ ដើម្បីលក់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន TikTok នៅលើទឹកដីអាម៉េរិក បើមិនដូច្នេះទេនឹងត្រូវប្រឈមនឹងការហាមឃាត់ការប្រើកម្មវិធីនេះនៅលើទឹកដីអាម៉េរិក ក្រោមបទចោទបារម្ភពីសន្តិសុខជាតិ របស់អាម៉េរិក ប៉ុន្តែក្រុមហ៊ុននេះបានបដិសេធការចោទប្រកាន់នេះ៕
អត្ថបទ៖ សុខ មង្គល