ផ្លូវល្បឿនលឿន

អ្នកជំនាញថា ចំនួនអ្នកធ្វើដំណើរលើផ្លូវល្បឿនលឿននឹងថយចុះ ទោះបីមានការបញ្ចុះតម្លៃ២០% ក្ដី


មានយានយន្តជិត៤៤ម៉ឺនគ្រឿងបានធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុក្នុងអំឡុងពេលបើកឲ្យធ្វើដំណើរសាកល្បងដោយឥតគិតថ្លៃក្នុងរយៈពេលពេញមួយខែតុលាកន្លងទៅ។ អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនជឿជាក់ថា ក្រោយក្រុមហ៊ុនចាប់ផ្តើមយកកម្រៃសេវា ចំនួនអ្នកធ្វើដំណើរលើផ្លូវនេះនឹងមានការធ្លាក់ចុះ បើទោះបីមានការបញ្ចុះតម្លៃ២០% សម្រាប់ការធ្វើដំណើរក្នុងរយៈពេល១ឆ្នាំដំបូងក្តី។
អ្នកជំនាញថា ចំនួនអ្នកធ្វើដំណើរលើផ្លូវល្បឿនលឿននឹងថយចុះ ទោះបីមានការបញ្ចុះតម្លៃ២០% ក្ដី

សម្រាប់អ្នកជំនាញតម្លៃសេវាប្រើប្រាស់ផ្លូវល្បឿនលឿននៅតែស្ថិត​ក្នុង​កម្រិតមួយខ្ពស់នៅឡើយ សម្រាប់​អ្នកប្រើប្រាស់​។

ក្រោយបើកឲ្យធ្វើដំណើរដោយឥតគិតថ្លៃពេញមួយខែតុលា កន្លងទៅ ក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុបានចាប់ផ្តើមយកតម្លៃសេវា​លើការប្រើប្រាស់​ផ្លូវល្បឿនលឿននេះ​ហើយគិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ តទៅ ជាមួយការបញ្ចុះតម្លៃ២០% នៅ១ឆ្នាំដំបូង។ បើតាមការគូសបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ការយកតម្លៃសេវាលើការប្រើប្រាស់ផ្លូវល្បឿនលឿននេះ គឺគិតលើចម្ងាយនៃការធ្វើដំណើរ ដោយក្នុង១គីឡូម៉ែត្រមានតម្លៃចាប់ពី០,០៨ដុល្លារអាមេរិកទៅតាមប្រភេទ​រថយន្តនីមួយៗ។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែចង្វាកផ្គត់ផ្គង់កម្ពុជាយល់ឃើញថា ការបញ្ចុះតម្លៃ២០%នៅមួយឆ្នាំដំបូងនេះ វាជាការផ្តល់ឱកាស​ឲ្យប្រជាពលរដ្ឋមានលទ្ធភាពក្នុងការធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុនេះ។ ប៉ុន្តែសម្រាប់ លោក តម្លៃសេវា​សម្រាប់ប្រើប្រាស់ផ្លូវល្បឿនលឿននេះនៅតែស្ថិតក្នុងកម្រិតមួយខ្ពស់ដដែល។​ កត្តានេះធ្វើឲ្យ លោក ជឿជាក់ថា ចំនួនយានយន្តដែលធ្វើដំណើរ​លើផ្លូវល្បឿនលឿននេះនឹងមានកម្រិត បើធៀបនឹងពេលបើក​ឲ្យធ្វើដំណើរដោយឥតគិតថ្លៃកន្លងមក។ ទោះបីយ៉ាងនេះក្តី អ្នកជំនាញរូបនេះ​យល់ឃើញថា ទាំងអ្នកដំណើរធម្មតា និងក្រុមហ៊ុនដឹកជញ្ជូន​ទំនិញនឹង​បន្តប្រើប្រាស់ផ្លូវល្បឿនលឿននេះ ក្នុងករណីតម្រូវការចាំបាច់ ដ្បិតវាចំណេញពេលវេលា។

ក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់​ដោយយោងតាមស្ថិតិយានយន្តថា មានយានយន្តជិត៤៤ម៉ឺនគ្រឿងបានធ្វើដំណើរលើផ្លូវល្បឿនភ្នំពេញ-ក្រុងព្រះសីហនុក្នុងរយៈពេល៣១ថ្ងៃ នៃការដាក់ឲ្យដំណើរការសាកល្បងដោយឥតគិតថ្លៃពេញមួយខែតុលា ដោយយានយន្តទាំងនេះធ្វើដំណើរចេញចូល​តាមស្ថានីយ៍ទាំង៨ទីតាំង​។ ក្រសួងកត់សម្គាល់ឃើញថា ក្នុងអំឡុងពេលបើកឲ្យ​ធ្វើដំណើរ​សាកល្បងនេះ ក៏មានហេតុការណ៍គ្រោះថ្នាក់កើតឡើងចំនួន១៩ករណីផងដែរ។​​ ហើយក្នុងចំណោមយានយន្ត​ទាំងនេះ មានអ្នកទាក់ទង​មកកាន់លេខសង្គ្រោះរបស់ក្រុមហ៊ុន ១៣៩៩ សុំប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះចំនួន ១,២៩១ខ្សែ។

ជាមួយគ្នានេះ ក្រសួង ស្នើឲ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមស្វែងយល់ និងអនុវត្តតាមសេចក្តីណែនាំឱ្យបានម៉ឺងម៉ាត់ ចំពោះគ្រប់លក្ខខណ្ឌក្នុងការបើកបរលើផ្លូវល្បឿនលឿននេះ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានជាយថាហេតុ៕




អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន ចែករំលែកចំណុចគន្លឹះអ្វីខ្លះ ដល់កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ ACMECS និង CLMV

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អះអាងថា កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍យុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្…

តើទំហំពាណិជ្ជកម្មកម្ពុជា-អាស៊ាន សម្រេចបានកំណើនខ្លាំងក្លាយ៉ាងណាខ្លះនៅ៩ខែដំបូងឆ្នាំ២០២២

ព័ត៌មាន
នៅរយៈពេល ៩ខែ ក្នុងឆ្នាំ២០២២ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយបណ្ដាប្រទេសសមាជិកអាស៊ានទាំង៩ សម្រេចបានជាង ១២ពាន់លានដុល្លារអាមេរិក បា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ