យោងតាមឯកសារយុទ្ធសាស្ត្រដែលត្រូវចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី ២៧ វិច្ឆិកា រដ្ឋាភិបាលកាណាដានឹងកែប្រែច្បាប់វិនិយោគរបស់កាណាដា ដែលជាច្បាប់សំខាន់មួយក្នុងការគ្រប់គ្រងការវិនិយោគបរទេស ដើម្បីបន្តឹងបទប្បញ្ញត្តិថ្មីមួយចំនួនក្នុងគោលបំណងការពារហេដ្ឋារចនាសម្ព័ន្ធ ធនធាន បច្ចេកវិទ្យា ខ្សែចង្វាក់ផ្គត់ផ្គង់ និងកម្មសិទ្ធិបញ្ញារបស់ប្រទេសកាណាដា។
បើតាមការរាយការណ៍ដោយសារព័ត៌មាន Bloomberg បានឱ្យដឹងថា ច្បាប់វិនិយោគរបស់កាណាដា មិនត្រូវបានធ្វើវិសោធនកម្មគួរឱ្យគត់សម្គាល់អ្វីណាស់ណាទេ ប៉ុន្តែវាបានគូសបញ្ជាក់យ៉ាងច្បាស់ថា «កាណាដានឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់នៅពេលដែលការវិនិយោគពីសហគ្រាសរដ្ឋ និងអង្គភាពបរទេសផ្សេងទៀតដែលគំរាមកំហែងដល់សន្តិសុខជាតិរបស់កាណាដា»។ គេចាត់ទុកវាជាវិធីសាស្ត្ររបស់រដ្ឋាភិបាលរបស់លោក ចាស្ទីន ទ្រូដូ ថ្មីនេះគឺដើម្បីទប់ស្កាត់ឥទ្ធិពល និងប្រកួតប្រជែងជាមួយប្រទេសចិន ដែលលោកតែងពិពណ៌នាថាចិនជា «អំណាចសកលដែលរំខានកាន់តែខ្លាំងឡើង» ទៅនឹងច្បាប់ និងបទដ្ឋានអន្តរជាតិ។
លោកស្រី មេឡេនី ចូលី (Melanie Joly) រដ្ឋមន្ត្រីការបរទេសកាណាដាបាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅដោយ Bloomberg នៅទីក្រុងមុនត្រែលថា «យើងត្រូវធ្វើឱ្យប្រាកដថា យើងការពារសន្តិសុខជាតិរបស់យើងរយៈពេលវែង ហើយគោលដៅនៃការដាក់ចេញសកម្មភាពនេះ គឺពិតជាដើម្បីធ្វើឱ្យប្រាកដថា យើងមានវិធីសាស្រ្តដែលមានតម្លាភាពជាងមុន ហើយដែលនាំមកនូវការព្យាករទុកជាមុនបាន»។
គួររំលឹកថា ប្រទេសកាណាដាបានផ្លាស់ប្តូរ និងរឹងបន្តឹងការវិនិយោគរបស់ក្រុមហ៊ុនចិននៅក្នុងវិស័យរ៉ែសំខាន់ៗមួយចំនួន ដោយបញ្ជាឱ្យក្រុមហ៊ុនចិនដកខ្លួនចេញការវិនិយោគរុករករ៉ែលីចូមជាមួយក្រុមហ៊ុនមួយចំនួន នៅដើមខែវិច្ឆិកាកន្លងទៅ។ ក្នុងខែនោះដែរ ប៉ូលីសកាណាដាក៏បានចាប់ខ្លួនអតីតបុគ្គលិកក្រុមហ៊ុនថាមពលធំមួយ និងចោទប្រកាន់ពីបទចារកម្មទៅឱ្យប្រទេសចិនផងដែរ។
យោងតាមស្ថិតិកាណាដាបានបង្ហញថា ការវិនិយោគផ្ទាល់ពីបរទេសរបស់ចិននៅក្នុងប្រទេសកាណាដាបានឈានដល់ជិត១៦ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ខណៈដែលការវិនិយោគផ្ទាល់របស់កាណាដានៅក្នុងប្រទេសចិនវិញមានប្រមាណ១៤ពាន់លានដុល្លា។
នៅក្នុងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកថ្មីនេះរបស់កាណាដាបានលើកឡើងទៀតថា «ប្រទេសចិនគឺជាមហាអំណាចពិភពលោកដែលមានរំខានកាន់តែខ្លាំងឡើង ហើយគោលនយោបាយរបស់កាណាដា ត្រូវបានធ្វើឡើងដោយផ្អែកលើស្ថានភាពជាក់ស្តែងរបស់ទីក្រុងប៉េកាំងនាពេលបច្ចុប្បន្ននេះ។ បើមានផ្នែកខ្លះប្រទេសទាំងពីរមានគំនិតខ្វែងគ្នាខ្លាំង នោះកាណាដាក៏នឹងមិនខ្លាចប្រកួតប្រជែងជាមួយចិនដែរ»៕