ប្រទេសវៀតណាម

វៀតណាមនឹងបំបែកកំណត់ត្រានាំចេញអាហារសមុទ្រដល់ ១១ពាន់លានដុល្លារនៅឆ្នាំនេះ


ការនាំចេញអាហារសមុទ្ររបស់ប្រទេសវៀតណាមនៅឆ្នាំ២០២២ អាចនឹងឈានទៅបំបែកកំណត់ត្រាក្នុងចំនួនទឹកប្រាក់សរុប ១១ពាន់លានដុល្លារអាមេរិកជាលើកដំបូង ក្រោមការជំរុញដោយការនាំចេញភាគច្រើន គឺបង្គារ ត្រី និងត្រីធូណាជាដើម។ នេះបើតាមការអះអាង របស់សមាគមអ្នកផលិត និងនាំចេញអាហារសមុទ្រវៀតណាម។
វៀតណាមនឹងបំបែកកំណត់ត្រានាំចេញអាហារសមុទ្រនៅឆ្នាំនេះ

ទោះយ៉ាងណា អ្នកជំនាញសេដ្ឋកិច្ច​បានព្រមានថា ការនាំចេញ​អាហារសមុទ្រ​របស់ប្រទេសនេះ អាចនឹង​ប្រឈមនឹងផលប៉ះពាល់ នៅឆ្នាំក្រោយ ដោយសារតែ​ស្ថានភាពសេដ្ឋកិច្ច​សាកល​ត្រូវបានព្យាករថា នឹងមានការថយចុះគួរឲ្យកត់សម្គាល់។ នេះបើតាម​ការរាយការណ៍ដោយសារព័ត៌មានក្នុងស្រុកវៀតណាម។

អគ្គលេខាធិការ​សមាគម​អ្នកផលិត និងនាំចេញអាហារសមុទ្រវៀតណាម លោក Truong Dinh Hoe បាន​និយាយកាលពីថ្ងៃទី​២៦ខែវិច្ឆិកាថា ការនាំចេញអាហាសមុទ្រវៀតណាម អាចនឹងកើនលើ១០ពាន់លានដុល្លារជាលើកដំបូង ពោលគឺអាចនឹងមានដល់​១១ពាន់លានដុល្លារ នៅឆ្នាំ២០២២នេះ។

ទីផ្សារនាំចេញ​អាហារសមុទ្រ​ធំៗបំផុត​របស់​ប្រទេសវៀតណាម គឺសហរដ្ឋអាមេរិក ជប៉ុន ចិន និងសហភាពអឺរ៉ុប។ ក្នុងនោះ សហភាពអឺរ៉ុប អាមេរិក និងចិន​មានចំណែកដល់ទៅ ៦០% នៃពាណិជ្ជកម្ម​អាហារសមុទ្រសកលលោក ហើយប្រទេសទាំងបីនេះ គឺមានចំណែក​ដល់ទៅ ៥០% នៃការនាំចេញ​របស់វៀតណាម​នៅ​១០ខែដំបូងឆ្នាំនេះ។

អគ្គលេខាធិការ​សមាគម​អ្នកផលិត និងនាំចេញអាហារសមុទ្រវៀតណាម បានលើកឡើងទៀតថា គ្រប់វិស័យទាំងអស់ នៃឧស្សាហកម្ម​អាហារសមុទ្រ បានកើនឡើង​ពី ១៨% ទៅដល់​៧៧% ប៉ុន្ដែ ការនាំចេញ​កំពុងចាប់ផ្ដើម​ថមថយចុះទៅវិញ នៅចំពេលដែល​ការបញ្ជាទិញធ្លាក់ចុះ គួបផ្សំនឹងបញ្ហា​អត្រាការ និងអត្រាប្ដូរប្រាក់កើនខ្ពស់ជាដើម។ ការធ្លាក់ចុះនៃតម្រូវការអាហារសមុទ្រ​នៅមួយរយៈចុងក្រោយនេះ ក៏ស្របពេលដែល​ពិភពលោកកំពុងឆ្ពោះទៅរក​ការដាំក្បាលចុះសេដ្ឋកិច្ច និងអតិផរណាកើនខ្ពស់ផងដែរ។

ទន្ទឹមគ្នានេះ ឧស្សាហកម្មអាហារសមុទ្រវៀតណាម ក៏មានប្រឈនឹងបញ្ហាប្រកួតប្រជែងខ្លាំង​ជាមួយនឹង​ដៃគូប្រជែងធំៗរបស់ខ្លួន​ដូចជាប្រទេស​អេក្វាឌ័រ និងឥណ្ឌា ទាក់ទងនឹង​ការចំណាយ និងតម្លៃទាប ។

អ្នកជំនាញសេដ្ឋកិច្ចព្រមានថា បញ្ហា​សេដ្ឋកិច្ចសាកលនឹងអាចអាក្រក់កាន់តែខ្លាំងនៅឆ្នាំ២០២៣ វានឹងធ្វើឲ្យប៉ះពាល់ដោយផ្ទាល់​ចំពោះឧស្សាហកម្ម​អាហារសមុទ្រវៀតណាម។ ប៉ុន្ដែ អ្នកជំនាញ​ថា ពាណិជ្ជករ​ក្នុងវិស័យនេះ មិនគួរមានទុទិដ្ឋិយមខ្លាំងជ្រុលពេកនោះទេ តែពួកគេស្វែងរក​ឱកាសថ្មីៗ ដើម្បីការរីកចម្រើន ទើបជាការប្រសើរ។

សូមបញ្ជាក់ថា នៅ១០ខែដំបូងឆ្នាំនេះ វៀតណាម​នាំចេញ​អាហារសមុទ្រ​ក្នុងតម្លៃជាទឹកប្រាក់ ៩ពាន់​៤រយលានដុល្លារ កើនឡើង៣៣% ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។ ក្នុងនោះ​ការនាំចេញ បង្គារ​គឺមាន​ចំណែកធំជាងគេ ដល់ទៅជាង ៣ពាន់លានដុល្លារ ឬស្មើនឹង និងរំពឹងថា នៅពេញមួយឆ្នាំ២០២២​នឹងនាំចេញបានដល់ ៤ពាន់៤រយលានដុល្លារ៕




អត្ថបទបន្ទាប់


តើក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ប្រទេសណាខ្លះបានដាក់ស្នើសុំប៉ាតង់ច្រើនជាងគេ សម្រាប់ការផលិតឧបករណ៍បម្រើឱ្យបច្ចេកវិទ្យា Metaverse?

ព័ត៌មាន
ស្របពេលដែលក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ហ្វេសប៊ុក បានចំណាយលុយរាប់ពាន់លានដុល្លារលើគម្រោងពិភពនិមិត្ត Metaverse ក្រុមហ៊ុនបច្ចេកវិទ្យ…

កាណាដាដាក់ចេញគោលនយោបាយឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន និងពិនិត្យមើលច្បាប់ស្តីពីការវិនិយោគបរទេសឡើងវិញ

ព័ត៌មាន
យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកថ្មីរបស់ប្រទេសកាណាដា ត្រូវបានដាក់ចេញដោយសង្កត់ធ្ងន់ឱ្យមានការពិនិត្យមើលឡើងវិញនូវច្បាប់ស្តីពីការវិនិយោគពីបរទេស ដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ