និយ័តករហិរញ្ញវត្ថុកាណាដាបារម្ភអំពីបញ្ហាកម្ចីទិញផ្ទះ

ហេតុអ្វីនិយ័តករកាណាដាស្នើឱ្យធនាគារនានា ដោះស្រាយជាបន្ទាន់នូវហានិភ័យពីការពង្រីករយៈពេលបង់រំលស់កម្ចីទិញផ្ទះ?


និយ័តករហិរញ្ញវត្ថុរបស់ប្រទេសកាណាដាកំពុងជំរុញឱ្យធនាគារនានា ត្រៀមដោះស្រាយហានិភ័យ ដែលបង្កឡើងដោយការពង្រីកថេរវេលាបង់រំលស់កម្ចីទិញផ្ទះឱ្យរួចស្រេចទាន់នៅមានឱកាស។ និយ័តករយល់ឃើញថា ការពង្រីករយៈពេលសងបំណុល ដើម្បីរក្សាកម្រិតបង់រំលោះឱ្យនៅដដែល អាចជួយសម្រាលបន្ទុកចំណាយរបស់អ្នកខ្ចីក្នុងរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែវានឹងធ្វើឱ្យពួកគេជាប់បំណុលកាន់តែយូរ។
និយ័តករហិរញ្ញវត្ថុកាណាដាបារម្ភអំពីបញ្ហាកម្ចីទិញផ្ទះ ពេលធនាគារកណ្ដាលដំឡើងអត្រាការប្រាក់
ដោយ

រដ្ឋាភិបាលកាណាដាបារម្ភថា ការធ្វេសប្រហែលនឹងនាំឱ្យមានហានិភ័យខ្ពស់ នៅពេលដែលភាពតានតឹងផ្នែកហិរញ្ញវត្ថុរបស់អ្នកខ្ចីឈានដល់កម្រិតលែងអាចគ្រប់គ្រងបាន បន្ទាប់ពីមានការដំឡើងអត្រាការប្រាក់ដោយធនាគារកណ្ដាលកាណាដា។

និយតករហិរញ្ញវត្ថុរបស់ប្រទេសកាណាដាកំពុងជំរុញឱ្យធនាគារនានាដោះស្រាយហានិភ័យបង្កឡើងដោយការពង្រីករយៈពេលសងរំលស់កម្ចីទិញផ្ទះឱ្យទាន់ពេលវេលា។ ការជំរុញនេះបានកើតឡើងនៅពេលដែលអ្នកខ្ចីជាច្រើនកំពុងព្យាយាមដោះស្រាយបញ្ហាតម្លៃប្រាក់កម្ចីទិញផ្ទះដែលកើនកាន់តែខ្ពស់ បន្ទាប់ពីមានការដំឡើងអត្រាការប្រាក់គួរឱ្យភ្ញាក់ផ្អើលដោយធនាគារកណ្ដាលកាណាដាកាលពីសប្តាហ៍មុន។

ការិយាល័យនិយ័តករហិរញ្ញវត្ថុកាណាដា (OSFI) បានគូសបញ្ជាក់អំពីក្ដីបារម្ភចំពោះការកើនឡើងនៃហានិភ័យនៅក្នុងចំណោមធនាគារកាណាដា ខណៈដែលធនាគារកណ្តាលរបស់ប្រទេសនេះបានចាត់វិធានាការដំឡើងអត្រាការប្រាក់ឡើងវិញ បន្ទាប់ពីការផ្អាកដំឡើងអស់រយៈពេល ៤ ខែ។ ធនាគារកណ្តាលប្រទេសកាណាដាបានដំឡើងអត្រាការប្រាក់ដល់កម្រិតខ្ពស់បំផុត បើគិតក្នុងរយៈពេល ២២ ឆ្នាំកន្លងទៅ គឺឈានដល់អត្រា ៤,៧៥% ហើយអ្នកវិភាគកំពុងសង្ស័យថានឹងមានការដំឡើង ០,២៥% ទៀត នៅខែក្រោយ។

ធនាគារធំៗជាច្រើនរបស់កាណាដាបានអនុញ្ញាតឲ្យអ្នកដែលបង់រំលស់កម្ចីទិញផ្ទះតាមអត្រាអថេរ អាចពង្រីករយៈពេលបង់រំលស់របស់ពួកគេបាន ដើម្បីរក្សាការបង់រំលស់ឱ្យនៅកម្រិតដដែល។ ការណ៍នេះជួយសម្រួលបន្ទុកចំណាយលើបំណុលដែលមានចំនួនច្រើនជាបណ្តោះអាសន្ន ប៉ុន្តែវាបន្ថែមហានិភ័យចំពោះអ្នកខ្ចីនៅពេលក្រោយ។

និយតករបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្ញើមកទីភ្នាក់ងារសារព័ត៌មានរើយធើថា និយ័តករហិរញ្ញវត្ថុកាណាដារំពឹងថានឹងមានវិធីសាស្ត្រគ្រប់គ្រងគណនីដ៏ប្រុងប្រយ័ត្ននិងសកម្មជាងមុន រួមទាំងវិធីដោះស្រាយបញ្ហាបង់រំលស់មិនសមស្រប និងការទទួលស្គាល់ហានិភ័យខ្ពស់នៃប្រាក់កម្ចីទាំងនេះផង។ និយ័តករបានបន្តថា ការងារទាំងនេះគួរតែត្រៀមនិងត្រូវធ្វើឱ្យបានមុនពេលដែលភាពតានតឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោមអ្នកខ្ចី ឈានដល់កម្រិតលែងអាចគ្រប់គ្រងបាន។

និយតករហិរញ្ញវត្ថុនៃប្រទេសកាណាដាបានព្រមានកាលពីខែមេសាថា ទោះបីជាការកែសម្រួលសម្រាប់រយៈពេលខ្លីសំដៅពង្រីកថេរវេលាបង់រំលស់កម្ចីទិញផ្ទះជួយសម្រាលបន្ទុកអ្នកខ្ចីក៏ដោយ ក៏វានឹងធ្វើឱ្យពួកគេជាប់បំណុលកាន់តែយូរ។

យោងតាមទីភ្នាក់ងារលំនៅដ្ឋានរបស់ប្រទេសកាណាដា CMHC, ប្រហែលជា ៥០% នៃអ្នកខ្ចីនៅដើមឆ្នាំ ២០២២ បានជ្រើសរើសយកកម្ចីទិញផ្ទះ ដោយទាញយកអត្ថប្រយោជន៍ពីអត្រាការប្រាក់ទាបរបស់ធនាគារកណ្តាល និងការបញ្ចុះតម្លៃរបស់ធនាគារដែលផ្តល់កម្ចី។ ប៉ុន្តែនៅខែមករា ឆ្នាំ២០២៣នេះ មានតែជិត ១៧% នៃអ្នកខ្ចីប៉ុណ្ណោះ ដែលជ្រើសរើសយកកម្ចីទិញផ្ទះដែលមានអត្រាប្រែប្រួល។

អ្នកវិភាគនៅក្រុមហ៊ុន ដេហ្សាដាំង (Desjardins) លោក រ៉យស៍ មេនដេស (Royce Mendes) បានកត់សម្គាល់ឃើញថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ធនាគារកាណាដាធំៗទាំង៦ មានច្រើនជាង ២០% នៃឥណទានផ្ទះរបស់ពួកគេ ដែលត្រូវសងត្រលប់ក្នុងរយៈពេលលើសពី ៣០ ឆ្នាំ។ អត្រានេះកើនឡើងលើសពីឆ្នាំមុន១០ដង។ វាជាលទ្ធផលនៃប្រាក់កម្ចីដែលមានអត្រាអថេរ ហើយបានក្លាយជាកម្ចីមិនរំលស់ ពោលគឺកម្ចីដែលតម្រូវឱ្យសងប្រាក់ដើមទាំងអស់តែមួយគ្រា និងសងការប្រាក់ក្នុងរយៈពេលកំណត់មួយ។ លោក មេនដេស កត់សម្គាល់បន្ថែមថា ក្នុងពេលជាមួយគ្នានេះ អ្នកជាប់កម្ចីដែលមានអត្រាប្រែប្រួល កំពុងប្រឈមមុខនឹងការទូទាត់សំណងច្រើនជាងមុនយ៉ាងតិច ៣០% ដើម្បីបន្តបង់រំលស់ទៅតាមកាលវិភាគដើមរបស់ពួកគេ ហើយជាលទ្ធផល អ្នកខ្លះអាចនឹងជ្រើសយកការពន្យារថេរវេលាបង់សំណងកាន់តែយូរជាង៣០ឆ្នាំទៅទៀត៕

ដោយ ៖ ឯម មាឃ




អត្ថបទបន្ទាប់


រថយន្តហ្វតជាង២ពាន់គ្រឿងត្រូវបានដំឡើង និងលក់នៅកម្ពុជា ខណៈក្រុមហ៊ុនកំពុងពិចារណាដំឡើងម៉ូដែលថ្មីៗបន្ថែមទៀត

គិតមកទល់ពេលនេះមានរយៈពេលប្រមាណ១ឆ្នាំហើយ ដែលរោងចក្រផ្គុំ និងដំឡើងរថយន្តហ្វតនៅស្រុកកគរ ខេត្តពោធិ៍សាត់ត្រូវបានដាក់ឲ្យដំណើរការ ដោយបច្ចុប្បន្នរ…

កត្តាអ្វីខ្លះ នឹងនាំឲ្យអតិរេកពាណិជ្ជកម្មឥណ្ឌូនេស៊ី កាលពីខែឧសភា អាចនឹងត្រូវធ្លាក់ចុះមកនៅត្រឹមជាង៣ ពាន់លានដុល្លារ?

ស្ថិតិដែលស្ទាបស្ទង់ដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានបង្ហាញថា អតិរេកពាណិជ្ជកម្មរបស់ឥណ្ឌូនេស៊ីដែលជាប្រទេសសេដ្ឋកិច្ចធំជាងគេបំផុតនៅអាស៊ាន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ