លោក គា បូរាណ នាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និងជាប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា គម្រោងសាជីវកម្មធានាឥណទាននឹងជួយបង្កើនលទ្ធភាពដល់អតិថិជនក្នុងការទទួលបានកម្ចីពីធនាគារ ឬមីក្រូហិរញ្ញវត្ថុក្នុងការពង្រីក និងអភិវឌ្ឍន៍អាជីវកម្មរបស់ពួកគេ ពិសេសនឹងជួយដល់សហគ្រាសខ្នាតតូចនិងមធ្យម។
ស្រដៀងគ្នានេះដែឬ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដាបានអះអាងថា ការដាក់ឲ្យប្រើប្រាស់សាជីវកម្មធានាឥណទាននេះ នឹងជួយបំពេញចំណុចខ្វះខាតរបស់អតិថិជនពាក់ព័ន្ធទ្រព្យបញ្ចាំ អាចទទួលបានកម្ចីឥណទាន ដើម្បីយកទៅបើកអាជីវកម្ម ឬពង្រីកមុខរបរជាដើម។ មិនត្រឹមតែប៉ុណ្ណោះនេះ វានឹងជួយកាត់បន្ថយហានិភ័យ និងបង្កើនលទ្ធភាពដល់គ្រឹះស្ថានធនគារ និងមីក្រូហិរញ្ញវត្ថុក្នុងការផ្តល់ឥណទានដល់អតិថិជន។
ជាមួយគ្នានេះ លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិ នៃសមាគមមីក្រហិរញ្ញវត្ថុកម្ពុជា ចាត់ទុកការដាក់ឲ្យដំណើរសាជីវកម្មធានាឥណទាន គឺជាប្រតិបត្តិការមួយដ៏សំខាន់ក្នុងការរួមចំណែកជួយស្តារជីវភាពលរដ្ឋនិងសេដ្ឋកិច្ចជាតិ ដែលកំពុងរងផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។
ចំណែក ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមបានបញ្ជាក់ដែរថា គម្រោងដែលផ្តួចផ្តើមដោយរាជរដ្ឋាភិបាលនេះថា គឺជាគោលនយោបាយមួយក្នុងការជួយរក្សានិរន្តរភាព និងការងើបឡើងវិញនៃវិស័យសេដ្ឋកិច្ចក្នុងអំឡុងនៃវិបត្តិជំងឺកូវីដ-១៩។ ជាពិសេសជួយគាំទ្រដល់វិស័យសហគ្រាសធុនតូច មធ្យម និងធំក្នុងការទទួលបានប្រាក់កម្ចី ដើម្បីពង្រីកអាជីវកម្ម។
ទោះយ៉ាងណា ឧកញ៉ា តែ តាំងប៉ ក៏ស្នើឲ្យរាជរដ្ឋាភិបាលជួយគិតគូរដល់ការកាត់បន្ថយការនាំចូលផលិតផលសម្រេចពីក្រៅប្រទេស ដើម្បីជួយលើកស្ទួយ និងបង្កើនសមត្ថភាពប្រកួតប្រជែងលើទីផ្សារសម្រាប់ផលិតផលក្នុងស្រុកបន្ថែមទៀត។
ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាជីវកម្មធានាឥណទានកម្ពុជាបានមានប្រសាសន៍ថា ការដាក់ឲ្យប្រើប្រាស់គម្រោងនេះ គឺវាចំពេលដែលអាជីវកម្មមួយចំនួនត្រូវការថវិកា ដើម្បីរក្សានិរន្តរភាព និងពង្រីកអាជីវកម្មក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩។ ជាពិសេស វានឹងជួយគាំទ្រដល់គោលនយោបាលរបស់រដ្ឋាភិបាលក្នុងការរក្សាកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន។
គោលបំណងនៃការបង្កើតសាជីវកម្មធានាឥណទាននេះ គឺដើម្បីជួយគាំទ្រអាជីវកម្មខ្នាតមីក្រូ តូច មធ្យម និងធំក្នុងការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) សម្រាប់ការកៀរគរទុនបង្វិល វិនិយោគ និងពង្រីកអាជីវកម្ម។ សាជីវកម្មធានាឥណទាន នឹងដើរតួជាទ្រព្យបញ្ចាំពី៧០% ទៅ៨០% នៃទំហំឥណទាន ដែលផ្តល់ដោយគ្រឹះស្ថានហិរញ្ញវត្ថុ។
គ្រឹះស្ថានហិរញ្ញវត្ថុដែលជាដៃគូសហការជាមួយសាជីវកម្មធានាឥណទានរួមមានធនាគារអេស៊ីលីដា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ, ធនាគារអាស៊ា ប៉ាស៊ីហ្វិក ឌីវេឡុបមេន, ធនាគារប្រៃសនីយ៍កម្ពុជា, ធនាគារកាណាឌីយ៉ា, ធនាគារហ្វីលីព និងធនាគារព្រីនស៍៕