ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូននៃក្រសួងសាធារណការបានប្រាប់សារព័ត៌មានខេមបូណូមីសថា ចំនួនរថយន្តដែលបានមកឆៀកទូទាំងប្រទេស គិតចាប់ពីពាក់កណ្តាលខែឧសភា រហូតមកដល់ពេលនេះ ថយចុះច្រើនគួរឲ្យកត់សម្គាល់។
ឯកឧត្តមបញ្ជាក់ថា «ខ្ញុំយល់ថា ចំនួនរថយន្តដែលមិនទាន់មកឆៀកនៅមានច្រើន ព្រោះថា បើយើងមើលនៅក្នុងប្រព័ន្ធរបស់ គឺនៅមានរថយន្តប្រហែល ៣០ ទៅ៤០ម៉ឺនគ្រឿងទៀត ដែលមិនទាន់បានមកឆៀក ខណៈដែលចាប់ពីពាក់កណ្តាលខែឧសភាហ្នឹងមកដល់ឥឡូវ អ្នកយករថយន្តមកឆៀកបានតែ៦.០០០ ទៅ៧.០០០គ្រឿងប៉ុណ្ណោះ អញ្ចឹងវានៅសល់ច្រើនទៀត»។
ចំពោះមូលហេតុដែលនាំឲ្យការយករថយន្តមកឆៀកនេះដែរ ត្រូវ ឯកឧត្តម ឈួន វ៉ន់ បញ្ជាក់ថា អាចដោយសារតែ មានការបន្ធូរបន្ថយខ្លះចំពោះការផាកពិន័យលើផ្នែកឆៀកយានយន្ត ព្រោះថាកន្លងទៅថ្នាក់ដឹកនាំធ្លាប់មានប្រសាសន៍ដែរថា ដោយសារការឆៀកមានកាកកស្ទះខ្លាំងដូចនេះ ទុកពេលឲ្យពលរដ្ឋយករថយន្តឆៀកសិន។
ឯកឧត្តមអះអាងថា «ដោយមើលឃើញថា កាលនោះមានការកកស្ទះខ្លាំងពេក ចឹងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកក៏ប្រកាសថា រឿងឆៀកហ្នឹងមិនទាន់ឲ្យមានការអនុវត្តទេ ក្នុងយន្តការទី១របស់ខាងប៉ូលីស ប៉ុន្តែឥឡូវយើងបានទាក់ទងគ្នាថា មានការថមថយហើយ អញ្ចឹងប្រហែលជាគាត់នឹងដាក់ចូលយន្តការទី២ហើយ»។
អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនក៏ស្នើដល់ពលរដ្ឋដែលមិនទាន់ឆៀករថយន្តរបស់ខ្លួន រួសរាន់យកមកឆៀកឲ្យបានមុនថ្ងៃទី១ខែកក្កដា ឆ្នាំ ២០២០ខាងមុខនេះ បើពុំដូច្នេះទេ នឹងទទួលការពិន័យផ្សេងមួយទៀតពីខាងក្រសួង គឺដាច់ដោយឡែកពីខាងប៉ូលីស។ ដោយការពិន័យរបស់មណ្ឌលឆៀកយាន្តគឺជាថ្ងៃ សម្រាប់រថយន្តធុនតូច ៥០០រៀលក្នុងមួយថ្ងៃ ហើយរថយន្តធុនធំ២.០០០រៀលក្នុងមួយថ្ងៃ។
អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោករូបនេះធ្លាប់បានប៉ាន់ប្រមាណថា យានយន្តដែលបានចុះបញ្ជីទាំងអស់ទូទាំងប្រទេស គឺប្រហែល៦លានគ្រឿងហើយ ដោយក្នុងនោះ មានរថយន្តប្រមាណ១លានគ្រឿង ស្មើជិត២០% និង៨០% ជាទោចក្រយានយន្ត(ម៉ូតូ) ។នៅក្នុងរថយន្ត ១លានគ្រឿងនោះ រថយន្តដែលបានមកឆៀកមានតែជាង៤០%ទេ ដោយឡែកជាង៥០%ទៀត គឺមិនទាន់បានមកឆៀកនៅឡើយទេ គិតមកដល់បច្ចុប្បន្ននេះ។
ចំពោះការធ្វើឆៀកនេះ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ធ្លាប់បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានកាលពីពេលកន្លងទៅថា ចាប់ពីនេះទៅ ក្រសួងបានឲ្យក្រុមជំនាញ រៀបចំប្រព័ន្ធមួយសម្រាប់ដាស់តឿនការធ្វើឆៀកនិងបណ្ណបើកបរផង នៅលើទូរស័ព្ទដៃរបស់ពលរដ្ឋដែលធ្លាប់ទៅឆៀក ដើម្បីជៀសវាងការហួសសុពលភាព នាំឲ្យមានការផាកពិន័យ៕