ឱកាស​វិនិយោគ

ថៃ​ចង់​សហការ​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្លាស់​រថយន្ដ​នៅ​កម្ពុជា​បន្ថែម​ទៀត


ភាគី​ថៃ​​បាន​ស្នើ​ស្វែងរក​កិច្ច​សហការ​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្លាស់​រថយន្ដ​នៅ​កម្ពុជា​បន្ថែម​ទៀត ស្រប​ពេល​ដែល​បច្ចុប្បន្ន​ទើប​តែ​មាន​រោងចក្រ​​ប្រភេទ​​នេះ តែ​ ៣​ប៉ុណ្ណោះ នៅ​កម្ពុជា។
រោងចក្រ​ផលិត​រថយន្ត​របស់​ជប៉ុន ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ។ រូបភាព៖ chiangraitimes.com
ដោយ

ទន្ទឹម​នឹង​នេះ នៅ​ឆ្នាំ​២០១៨​នេះ ថៃ​រំពឹង​ថា នឹង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​កម្ពុជា លើ​ការ​ផលិ​តគ្រឿង​បន្លាស់ និង​គ្រឿង​តុបតែង​រថយន្ដ​ឲ្យ​បាន​ដល់ ជាង ៥០០​លាន​ដុល្លារ​អាមេរិក ខណៈ​ដែល​កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ សម្រេច​បាន​ជាង ៤៨០​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​មន្ត្រី​ជាន់​ខ្ពស់​របស់​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា។

លោក Jirawuth Suwanna-arj អគ្គ​ទីប្រឹក្សា​ពាណិជ្ជកម្ម​នៅ​ស្ថាន​រាជ​ទូត​ថៃ​ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ថា ក្នុង​ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ កម្ពុជា​បា​នាំ​ចេញ​គ្រឿង​បន្លាស់​សម្រាប់​ការ​ដំឡើង​រថយន្ដ​ទៅ​ប្រទេស​ថៃ​មាន​ចំនួន​ទឹក​ប្រាក់​ប្រមាណ ២០០​លាន​ដុល្លារ ខណៈ​ដែល​ថៃ​នាំចេញ​​គ្រឿង​បន្លាស់​សម្រាប់​​ប្រើប្រាស់​ក្នុង​យានដ្ឋាន​ជួស​ជុល​មក​កាន់​កម្ពុជា​វិញ មាន​ជាង ២០០​លាន​ដុល្លារ ពោល​គឺ​សរុប​ទំហំ​ពាណិជ្ជកម្ម​នៃ​វិស័យ​ផលិត​ផល​គ្រឿង​បន្លាស់​រថយន្ដ រវាង​ប្រទេស​ទាំង​ពីរ មាន​ជាង ៤៨៧​លាន​ដុល្លារ​អាមេរិក។ លោក Jirawuth បាន​គូស​បញ្ជាក់​ទៀត​ថា នៅ​ឆ្នាំ​២០១៨​នេះ គេ​រំពឹង​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​កម្ពុជា-​ថៃ​លើ​​វិស័យ​មួយ​នេះ នឹង​អាច​កើន​ឡើង​ដល់​ជាង ៥០០​លាន​ដុល្លារ​អាមេរិក។ 

បច្ចុប្បន្ន កម្ពុជា​មាន​រោងចក្រ​មក​ពី​ប្រទេស​ថៃ​ចំនួន​៣​ហើយ បាន​និង​កំពុង​ដំណើរការ​ផលិត​គ្រឿង​បន្លាស់​សម្រាប់​ការ​ដំឡើង​រថយន្ដ ដើម្បី​នាំចេញ​ទៅ​កាន់​ប្រទេស​ថៃ ក្នុង​នោះ​មាន​ដូចជា រោងចក្រ​ផលិត​ខ្សែ​ភ្លើង​រថយន្ដ​នៅ​ខេត្ត​កោះកុង  រោងចក្រ​របស់​ក្រុមហ៊ុន តូយ៉ូតា ផលិត​គ្រឿង​បន្លាស់​រថយន្ដ​ដឹក​ទំនិញ​នៅ​ក្រុង​​ប៉ោយប៉ែត និង​រោងចក្រ​ផលិត​ប៉ាដាង​រថយន្ដ នៅ​រាជ​ធានី​ភ្នំពេញ។

អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម​នៅ​ស្ថាន​រាជ​ទូត​ថៃ ប្រចាំ​កម្ពុជា លោក Jirawuth បាន​បន្ថែម​ទៀត​ថា កន្លង​មក មាន​ក្រុមហ៊ុន ក៏​ដូចជា​រោងចក្រ​ផលិត​គ្រឿង​បន្លាស់​រថយន្ដ​ជា​ច្រើន បាន​មក​សិក្សា​ស្វែងយល់​ពី​ទីផ្សារ​របស់​កម្ពុជា ដើម្បី​បង្កើត​រោងចក្រ ហើយ​ពួកគេ​រង់ចាំ​តែ​ពេល​វេលា និង​ឱកាស​សមស្រប​ណា​មួយ នោះ​ពួកគេ​នឹង​ពិចារណា​វិនិយោគ​​បើក​រោងចក្រ​នៅ​កម្ពុជា។

ជាមួយ​គ្នា​នេះ លោក Jirawuth បាន​លើក​ទឹក​ចិត្ត​ឲ្យ​វិនិយោគិន​របស់​កម្ពុជា គួរតែ​ស្វែងរក​ឱកាស​សហការ​ជាមួយ​រោងចក្រ​នៅ​ឯ​ប្រទេស​ថៃ ដើម្បី​វិនិយោគ​បង្កើត​​រោងចក្រ​ផលិត​គ្រឿង​បន្លាស់​រថយន្ដ​បន្ថែម​ទៀត​នៅ​កម្ពុជា តួយ៉ាង នៅថ្ងៃទី៥ ដល់​ថ្ងៃ​ទី​៨​ខែ​មេសា​ខាង​មុខ​នេះ នឹង​មាន​ពិព័រណ៍​គ្រឿង​បន្លាស់ និង​គ្រឿង​តុបតែង​រថយន្ដ​ធំ​មួយ​​ ហៅថា TAPA 2018 ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ថៃ ហើយ​វា​ជា​ឱកាស​មួយ​ដែល​អ្នក​វិនិយោគ​កម្ពុជា​អាច​ជួប​ផ្ទាល់​ជាមួយ​ម្ចាស់​រោងចក្រ​ទាំង​នោះ​ផង​ដែរ។ 

រោងចក្រ​​ផលិត​​គ្រឿង​បន្លាស់រថយន្ត​​​នៅ​ប្រទេស​ថៃ មាន​បែងចែក​ជា​២ គឺ​ទី១ រោងចក្រ​ផលិត​គ្រឿង​បន្លាស់​រថយន្ដ​សម្រាប់​ដំឡើង​រថយន្ដ​នៅ​ប្រទេស​ថៃ និង​ទី២ រោងចក្រ​ផលិត​គ្រឿង​បន្លាស់​រថយន្ដ សម្រាប់​ប្រើប្រាស់​នៅ​តាម​យានដ្ឋាន​ជួសជុល​រថយន្ដ។ ចំណែក​​ឯ​រោងចក្រ ដែល​ផលិត​គ្រឿង​បន្លាស់​រថយន្ដ​នៅ​កម្ពុជា គឺ​ផលិត​គ្រឿង​បន្លាស់​សម្រាប់​នាំចេញ​ទៅ​កាន់​រោងចក្រ​ដំឡើង​រថយន្ដ​នៅ​ប្រទេស​ថៃ ពោល​គឺ​នៅ​មិន​ទាន់​មាន​រោងចក្រ​ផលិត​គ្រឿង​បន្លាស់​រថយន្ដ​សម្រាប់​ផ្គត់ផ្គង់​ដល់​យានដ្ឋាន​ជួសជុល​រថយន្ដ​នៅ​ឡើយ​ទេ។

ប្រទេស​ថៃ​ត្រូវ​បាន​គេ​ដឹង​ថា ជា​មជ្ឈមណ្ឌល​ផលិត​រថយន្ដ​ដ៏​សំខាន់​មួយ ខណៈ​ដែល​រោងចក្រ​ផលិត​រថយន្ដ​ស្ទើរ​តែ​គ្រប់​ម៉ាក​នៅ​អាស៊ី បាន​បង្កើត​រោងចក្រ​ផលិត​នៅ​ប្រទេស​ថៃ លើកលែង​តែ​ម៉ាក​រថយន្ដ​របស់​ចិន​ប៉ុណ្ណោះ។ លើស​ពី​នេះ ក៏​មាន​រោងចក្រ​ផលិត​រថយន្ដ​ម៉ាក​របស់​អឺរ៉ុប​មួយ​ចំនួន ក៏​មាន​វត្តមាន​នៅ​ប្រទេស​ថៃ​ដែរ។ វត្តមាន​រោងចក្រ​ផលិត​រថយន្ដ​ដ៏​ច្រើន​នេះ ​បាន​ធ្វើ​ឲ្យ​មាន​តម្រូវការ​រោងចក្រ​ផលិត​គ្រឿង​បន្លាស់​រថយន្ដ​ក៏​មាន​កាន់តែ​ច្រើន​ឡើង​ផង​ដែរ ដើម្បី​ឆ្លើយតប​ទៅ​នឹង​សេចក្ដី​ត្រូវការ​របស់​រោងចក្រ​ផលិត​រថយន្ដ​នានា។ ដូច្នេះ ថៃ​ចាំបាច់​ត្រូវការ​ពង្រីក​សមត្ថភាព​រោងចក្រ​ផលិត​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស​ថែម​ទៀត ពិសេស នៅ​កម្ពុជា​តែ​ម្ដង។

ជាមួយ​គ្នា​នេះ បើ​តាម​លោក Jirawuth សក្ដានុពល​ដែល​វិនិយោគិន​ថៃ​សម្លឹង​ឃើញ​ពី​ប្រទេស​កម្ពុជា​នោះ​ រួមមាន កម្លាំង​ពលកម្ម​នៅ​កម្ពុជា​​ថោក​ជាង​ប្រទេស​ថៃ។ ពលករ​មួយ​ចំនួន​ដែល​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ បាន​ត្រឡប់​មក​វិញ ដោយ​បាន​ពាំនាំ​នូវ​ចំណេះដឹង​និង​ជំនាញ​ជាច្រើន ដែល​អាច​ធ្វើការ​នៅ​ក្នុង​ស្រុក​បាន ។ លើស​ពី​នេះ ពលរដ្ឋ​កម្ពុជា​មាន​ចិត្ត​ចង់​ចេះ​ចង់​ដឹង ដែល​ងាយ​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​ពួកគេ​ឲ្យ​ក្លាយ​ជា​អ្នក​ជំនាញ៕




អត្ថបទបន្ទាប់


កម្ពុជា-ថៃ​សម្រេច​បើក​ច្រក​អន្តរជាតិ​ថ្មី​មួយ​ទៀត​នៅ​ចុង​ខែ​មីនា​នេះ!

តំណាង​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នៅ​ចុង​ខែ​មីនា ឆ្នាំ​២០១៨​នេះ រាជ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​សម្រេច​បើក​ដាក់​ឲ្…

អ្នក​ជំនាញ​រំពឹង​ថា ដុល្លារូបនីយកម្ម​នឹង​អាច​ថយ​ចុះ​មក​នៅ​៦០% ក្នុង​ពេល​៥​ឆ្នាំ​ទៀត!

អ្នក​ជំនាញ​ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា បើ​កម្ពុជា​អាច​បន្ថយ​ដុល្លារូបនីយកម្ម ឬ​ហៅថា​ការ​ទូទាត់​ដោយ​ប្រើប្រាស់​ក្រដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ