នាពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការប្រឹក្សាយោបល់ និងជំនួយបច្ចេកទេសសម្រាប់ការអភិវឌ្ឍបរធនបាលកិច្ចឥណទានកាបូននៅកម្ពុជា រវាងនិយ័តករបរធនបាលកិច្ច និងក្រុមហ៊ុន ស្ត្រងហូល ត្រាសធី ឯ.ក. នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនិយ័តករបរធនបាលកិច្ចបានគូសបញ្ជាក់ថា គោលបំណងនៃការចុះអនុស្សរណៈយោគយល់គ្នានេះ គឺដើម្បីបង្កើតនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការ និងយន្តការសម្រាប់ការផ្ដល់កិច្ចសហការគ្នាទៅវិញទៅមក សំដៅជំរុញការអភិវឌ្ឍបរធនបាលកិច្ចឥណទានកាបូននៅកម្ពុជា តាមរយៈយន្តការប្រឹក្សាយោបល់ និងជំនួយបច្ចេកទេស ដើម្បីសិក្សាលទ្ធភាពដាក់ឱ្យដំណើរការយន្តការបរធនបាលកិច្ចឥណទានកាបូននៅកម្ពុជា។
បើតាមថ្នាក់ដឹកនាំរូបនេះ យន្តការបរធនបាលកិច្ចឥណទានកាបូននេះ គឺជាផលិតផលថ្មីមួយរបស់និយ័តករបរធនបាលកិច្ច ដែលរំពឹងថា នឹងក្លាយជាថ្នាលមួយសម្រាប់ជួយសម្រួល និងទាក់ទាញវិនិយោគិនបរទេសឱ្យមកបោះទុនវិនិយោគក្នុងវិស័យឥណទានកាបូនកាន់តែច្រើន ជាពិសេសមកពីបណ្តាប្រទេសដែលមានច្បាប់តម្រូវឱ្យវិនិយោគិនត្រូវប្រើប្រាស់ប្រាក់ចំណេញរបស់ខ្លួនជួយលើកស្ទួយបរិស្ថានតែម្តង។ ម្យ៉ាងទៀត កម្ពុជាគឺជាប្រទេសគោលដៅមួយដែលមានទីតាំងភូមសាស្រ្តអំណោយផល និងមានគម្របព្រៃឈើច្រើន សម្រាប់ទាក់ទាញវិនិយោគិនមកវិនិយោគលើឥណទានកាបូននៅកម្ពុជា។
យ៉ាងណាមិញ ឯកឧត្តម សុខ ដារ៉ា ជឿជាក់ថា នៅក្នុងដំណាក់កាលដំបូងនៃការដាក់ឱ្យដំណើរការយន្តការបរធនបាលកិច្ចឥណទានកាបូននេះ វាអាចនឹងជួបបញ្ហាប្រឈមមួយចំនួន ដោយសារយន្តការនេះជាយន្តការថ្មី ដែលទាមទារឱ្យនិយ័តករត្រូវគិតគូរឱ្យបានដិតដល់ ដើម្បីឱ្យការដាក់ដំណើរការនេះអាចសម្រេចបានដោយរលូន និងមានប្រសិទ្ធភាពតាមការរំពឹងទុក និងស្របតាមក្របខណ្ឌច្បាប់ដែលមានជាធរមាន។
សូមជម្រាបថា «បរធនបាលកិច្ច» គឺជាសេវាហិរញ្ញវត្ថុមួយមិនមែនធនាគារ និងមានតួនាទីគ្រប់គ្រង មើលថែរក្សា ឬចាត់ចែកទ្រព្យសម្បត្តិរបស់បុគ្គល ឬក្រុមហ៊ុនណាមួយ សម្រាប់ជាប្រយោជន៍ដល់ក្រុមគោលដៅណាមួយ ដែលស្ថិតក្នុងអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន៕