លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាកថា កត្តាកង្វះផ្នែកកែច្នៃក្នុងស្រុកបានធ្វើឲ្យគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជា រហូតប្រមាណ៩៥% ត្រូវបាននាំចេញទៅប្រទេសវៀតណាមជារៀងរាល់ឆ្នាំ។ លោកយល់ថា ដើម្បីជួយដល់កសិករ រាជរដ្ឋាភិបាលគួរជំរុញឲ្យមានការវិនិយោគលើវិស័យកែច្នៃ ដើម្បីជួយដោះស្រាយបញ្ហាទីផ្សារជូនកសិករ ក៏ដូចជារួមចំណែកជាមួយរាជរដ្ឋាភិបាលបង្កើនផលិតភាពនាំចេញ បង្កើតការងារ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
យ៉ាងណាមិញប្រធានសមាគមរូបនេះ ស្នើឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នពាក់ព័ន្ធពិនិត្យលទ្ធភាពលើកលែងពន្ធមួយចំនួន ដើម្បីលើកទឹកវិនិយោគិនក្នុងស្រុក និងក្រៅស្រុកឲ្យបោះទុនវិនិយោគ សំដៅជួយរួមចំណែកអភិវឌ្ឍន៍វិស័យស្វាយចន្ទីកម្ពុជា ដែលរាជរដ្ឋាភិបាលគ្រោងប្រែក្លាយកម្ពុជាជាអធិរាជស្វាយចន្ទី។
លោក អួន ស៊ីឡុត យល់ថា ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចសាកលមិនទាន់វិលមករកភាពប្រក្រតីឡើងវិញបែបនេះ ការអនុវត្តកាតព្វកិច្ចពន្ធណាមួយចំពោះសហគ្រាសក្នុងស្រុក មិនមែនជារឿងល្អប្រសើរនោះឡើយ ផ្ទុយទៅវិញវានឹងដាក់បន្ទុកបន្ថែមដល់សេដ្ឋកិច្ចប្រជាពលរដ្ឋ។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា នៅតាមបណ្ដាប្រទេសផ្សេងៗ ដែលបានដាក់ចេញយន្តការលើកទឹកចិត្តដល់សហគ្រាសក្នុងស្រុក មិនត្រឹមតែជួយបង្កើនប្រាក់ចំណេញដល់កសិករនោះទេ ថែមទាំងជចួយបង្កើនការទាក់ទាញវិនិយោគយ៉ាងច្រើនពិសេសក្នុងវិស័យកែច្នៃតែម្ដង។ ជាក់ស្ដែងប្រទេសវៀតណាម តែងឈរលំដាប់ទី១នៅក្នុងពិភពលោកលើការនាំចេញគ្រាប់ចន្ទីកែច្នៃរួច ក៏ប៉ុន្តែស្ទើ៨០% នៃការនាំចេញនោះ គឺជាគ្រាប់ស្វាយចន្ទីស្រស់ដែលវៀតណាមបានទិញពីកម្ពុជា។
បើតាមលោក អួន ស៊ីឡុត កត្តាទាំងនេះទើបធ្វើឲ្យវិស័យស្វាយចន្ទីរបស់កម្ពុជា ហាក់នៅមានកម្រិតនៅឡើយបើធៀបនឹងប្រទេសដទៃ ជាពិសេសវាបានធ្វើឱ្យខាតបង់នូវតម្លៃបន្ថែម ហើយកសិករទទួលបានប្រាក់ចំណេញទាប។
សូមបញ្ជាក់ថា នៅរយៈពេល៩ខែឆ្នាំ២០២៣ នេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានជិត៦៤ម៉ឺនតោន ក្នុងនោះនាំចេញទៅវៀតណាម បានជាង៦១ម៉ឺន៣ពាន់តោន គិតជាទឹកប្រាក់មានជាង៨រយលានដុល្លារថយចុះជាង១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ កត្តាដែលធ្វើឲ្យការនាំចេញគ្រាប់ស្វាយចន្ទីឆៅកម្ពុជាមានការធ្លាក់ចុះនេះ គឺដោយសារបញ្ហាបម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យទិន្នផលស្វាយចន្ទីមានការធ្លាក់ចុះ៕