
លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា បានអះអាងថា ក្រោយដំឡូងមីនៅឆ្នាំនេះធ្លាក់ថ្លៃខ្លាំងកសិករដាំដំឡូងមីជាច្រើនបានងាកទៅដាំស្វាយចន្ទីជំនួសវិញ ក្រោយតម្លៃគ្រាប់ស្វាយចន្ទីមានតម្លៃល្អប្រសើរ។ បើតាមអនុប្រធានរូបនេះ អ្នកដាំកូនស្វាយចន្ទីលក់ទទួលបានការកម្មង់ទិញយ៉ាងច្រើននៅឆ្នាំនេះ ដែលកត្តានេះធ្វើឱ្យលោកហ៊ានវាយតម្លៃថា នៅក្នុងរយៈពេលពី៣ទៅ៥ឆ្នាំខាងមុខ ការផលិតគ្រាប់ស្វាយចន្ទីរបស់កម្ពុជានឹងកើនលើស១លានតោន ឈានដល់លំដាប់លេខ១ ជាប្រទេសផលិតគ្រាប់ស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក។
ជាមួយគ្នានេះ លោក ធី គណិត អ្នកបច្ចេកទេសជំនាញលើដំណាំស្វាយកែវរមៀត និងស្វាយចន្ទីនៃក្រុមហ៊ុនអង្គរហ្គ្រីន កត់សម្គាល់ឃើញថា នៅក្នុងឆ្នាំ២០២៥ នេះ តម្លៃស្វាយចន្ទីមានស្ថិរភាពល្អ ដែលធ្វើឱ្យកសិករផលិតគ្រាប់ស្វាយចន្ទីមានអត្រាចំណេញច្រើនជាងឆ្នាំមុនៗ ហើយក៏បានជំរុញដល់កសិករដាំស្វាយចន្ទីកើនឡើងផងដែរនៅឆ្នាំនេះ។ លោក ធី គណិត បានបន្ថែមថា បច្ចុប្បន្នតម្លៃកូនស្វាយចន្ទីបានឡើងថ្លៃចាប់ពី២៥០០រៀលទៅ៤ពាន់រៀលទៅតាមពូជនៃស្វាយចន្ទីនីមួយៗ ដោយកាលពីកន្លងទៅកូនស្វាយចន្ទីមានតម្លៃត្រឹមតែចន្លោះពី២០០០រៀលទៅ៣០០០រៀលប៉ុណ្ណោះ។
ដោយឡែក ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ដំណាំស្វាយចន្ទីជាកសិផលដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ កម្ពុជាក៏កំពុងស្ថិតក្នុងចំណោមប្រទេសផលិតគ្រាប់ស្វាយចន្ទីធំជាងគេបំផុតមួយលើពិភពលោកផងដែរ ជាមួយនឹងការព្យាករណ៍ថា ផលិតកម្មនឹងកើនឡើងដល់៩០ម៉ឺនតោនក្នុងឆ្នាំ២០២៥ ពិសេសនោះគឺតម្លៃសរុបនៃគ្រាប់ស្វាយចន្ទីឆៅមានតម្លៃជាង១ពាន់លានដុល្លាររួចទៅហើយ។ តាមរយៈគោលនយោបាយជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក នឹងអនុញ្ញាតឱ្យកម្ពុជា អាចទទួលបាននូវតម្លៃបន្ថែមកាន់តែច្រើន ដែលនឹងជួយជំរុញឱ្យតម្លៃសរុបសម្រាប់សេដ្ឋកិច្ចជាតិ កើនឡើងយ៉ាងហោចណាស់ពីរដង រួមជាមួយនឹងឱកាសសម្រាប់ការអភិវឌ្ឍន៍ឧស្សាហកម្មកែច្នៃ បង្កើតការងារក្នុងស្រុក និងការកើនឡើងនៃការនាំចេញកសិផលកែច្នៃទៅទីផ្សារអន្តរជាតិ។
គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីសរុបជាង៥៨ម៉ឺនហិកតា។ នេះបើយោងតាមទិន្នន័យផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាតិ ប្រចាំឆ្នាំ២០២៤ ដែលបានដាក់ឱ្យប្រើប្រាស់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤៕
អត្ថបទ៖ ជា ម៉ារ៉ា